ជាតិ
ខេត្តព្រះសីហនុ នឹងប្រារព្ធទិវាជិះកង់នៃក្ដីស្រឡាញ់ ១៤កុម្ភៈ ដើម្បីទាក់ទាញទេសចរណ៍
13, Feb 2021 , 8:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ គឺទិវាជិះកង់នៃក្ដីស្រលាញ់នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២១ ដើម្បីទាក់ទាញទេសចរ និងបង្ហាញមហាវិថីថ្មីៗ៣៣ខ្សែរក្នុងខេត្តព្រះសីហនុ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ទិវាជិះកង់នៃក្ដីស្រឡាញ់ ១៤កុម្ភៈ ជាមេដែកទាក់ទាញទេសចរណ៍ក្នុងស្រុក។


 
ទិវាជិះកង់នៃក្ដីស្រឡាញ់នេះធ្វើឡើងជា ៣វិញ្ញាសា ដោយវិញ្ញាសាទី១គឺ ប្រណាំងកង់ភ្នំចម្ងាយ ៤០ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរឈើទាល១។ សម្រាប់ វិញ្ញាសាទី២ ជិះកង់កម្សាន្តឆ្នេរសមុទ្រចម្ងាយ ២៥ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល១ និងវិញ្ញាសាទី៣ ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ចម្ងាយ ១៥ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល១ដូចគ្នា។ នេះបើតាមក្រសួងទេសចរណ៍។
 
លោក ថោង ខុន លើកឡើងថា តាមរយៈការប្រារព្ធទិវាជិះកង់នៃក្ដីស្រឡាញ់នេះ នឹងអាចជួយជំរុញទេសចរក្នុងស្រុកឲ្យទៅកម្សាន្តនៅខេត្តព្រះសីហនុ ហើយនេះក៏ជាពេលសម្រាប់បង្ហាញពី សមិទ្ធផលថ្មីមហាវិថី ៣៣ខ្សែផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមថា៖ « ទិវាជិះកង់នៃក្ដីស្រឡាញ់ ជាផលិតផលទេសចរណ៍ថ្មី ដ៏ទាក់ទាញមួយ»។ 
 
ទោះបីវេទិកា ជិះកង់នៃក្ដីស្រឡាញ់នេះ ត្រូវធ្វើឡើងក្នុងបរិបទ កូវីដ-១៩ ក៏ការរៀបចំនេះមិនប្រាស់ចាកពីវិធានសុវត្ថិភាពនោះទេ។ « ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏យើង ត្រូវឆ្លៀតបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរក្នុងស្រុក និងផ្សព្វផ្សាយទៅទេសចរអន្តរជាតិបានដឹង សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង នៅពេលចប់វិបត្តិកូវីដ១៩» ។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
 
សម្រាប់ភ្ញៀវទេសចរ ដែលមានបំណង ចង់ចូលរួមទិវាជិះកង់នៃក្ដីស្រឡាញ់ អាចចុះឈ្មោះនៅ៣ ទីតាំងផ្សេងៗគ្នា គឺ នៅទីតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជិតរង្វង់មូលវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្រាប់ទីតាំងទី២ នៅក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ 79C ផ្លូវ 155 សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទីតាំងទី៣ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់បន្ថែមរបស់ លោក វ៉ាត់ ចំរើន ៕
 
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍៖











Tag:
 ទិវាជិះកង់នៃក្ដីស្រលាញ់១៤កុម្ភៈ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com