ជាតិ
សង្គមជាតិ
សាកលវិទ្យាល័យមួយបង្កើតកម្មវិធីប្រឡងអានសៀវភៅដើម្បីបង្កើនវប្បធម៌នៃការអាន
13, Feb 2021 , 8:59 pm        
រូបភាព
សិស្សានុសិស្ស ចូលរួមប្រកួតកម្មវិធី ReaDARY កាលពីឆ្នាំ២០២០ ហើយទទួលជ័យលាភី។ រូបកណ្តាល គឺលោក Meirambek Zhaparov សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។
សិស្សានុសិស្ស ចូលរួមប្រកួតកម្មវិធី ReaDARY កាលពីឆ្នាំ២០២០ ហើយទទួលជ័យលាភី។ រូបកណ្តាល គឺលោក Meirambek Zhaparov សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។
ដោយ:
ភ្នំពេញ៖ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនបានបង្កើតកម្មវិធីប្រឡងអានសៀវភៅ សង្ខេបរឿង និងថតវីដេអូ ដែលដកស្រង់ពីសៀវភៅដែលមានចំណងជើងថា «The Little Prince» ដែលនិពន្ធដោយលោក by Antoine de Saint-Exupery។ កម្មវិធីនេះនឹងផ្តល់ឱកាសឲ្យសិស្ស និងនិស្សិតចូលរួមប្រឡង ដើម្បីបង្កើនវប្បធម៌នៃការអាន។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមតាមដានស្តាប់បទសម្ភាសរវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មានថ្មីៗ និងលោក Meirambek Zhaparov សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ខាងក្រោមដូចតទៅ៖ 
 
កញ្ញា សៅ សុខអេង៖ មូលហេតុអ្វីបានជាសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងអានសៀវភៅ សង្ខេបរឿង និងថតវីដេអូដែលដកស្រង់ពីសៀវភៅ «The Little Prince» by Antoine de Saint-Exuperyនេះឡើង?

លោក Meirambek Zhaparov៖ សាកលវិទ្យាល័យផ្ដួចផ្ដើមបង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង ដោយសារតែកម្មវិធីនេះ អាចជួយក្នុងការបង្រៀន និងជំរុញឲ្យសិស្ស និងនិស្សិតអានសៀវភៅ ចេះសង្ខេបមេរៀន ចេះពិចារណា និងចេះគិតបែបស៊ីជម្រៅអំពីសៀវភៅដែលខ្លួនបានអាន ដើម្បីឲ្យពួកគេមានវប្បធម៌នៃការអាន រួមទាំងពង្រឹងសមត្ថភាពសិស្ស និងនិស្សិតឲ្យចេះសរសេរផងដែរ។ 
 
កញ្ញា សៅ សុខអេង៖ ហេតុអ្វីបានជាលោកជ្រើសរើសសៀវភៅ «The Little Prince» ដែលនិពន្ធដោយអ្នកនិពន្ធ Antoine de Saint-Exupery ធ្វើជាសៀវភៅសម្រាប់ឲ្យសិស្ស និងនិស្សិតអាន សរសេរសង្ខេបរឿង និងបង្កើតវីដេអូ ដោយដកស្រង់ពីសៀវភៅនោះ?
 
លោក Meirambek Zhaparov៖ ការជ្រើសរើសសៀវភៅ”The Little Prince” ដែលនិពន្ធដោយលោក Antoine de Saint-Exuperyនេះឡើង ក៏ដោយសារតែសៀវភៅនេះផ្ដល់ប្រយោជន៍ដល់សិស្ស និងនិស្សិតដើម្បីបង្ហាញផ្លូវដល់សិស្ស និងនិស្សិតក្នុងការរៀបចំខ្លួនក្លាយជាមនុស្សពេញវ័យ។ សៀវភៅនេះក៏បង្រៀនមនុស្សឲ្យចេះផ្ដល់តម្លៃ លើរបស់តូចៗដែលនៅជុំវិញខ្លួន ខណៈដែលខ្លួនកំពុងរវល់ពីភាពជាមនុស្សពេញវ័យ ដូចជាលុយកាក់, ការងារ និងការបារម្ភខ្វាយខ្វល់ផ្សេងៗទៀត។ សៀវភៅនេះក៏បានបង្រៀនមនុស្សឲ្យមានទំនួលខុសត្រូវ និងផ្តល់តម្លៃជីវិតខ្លួនឯង។ យើងក៏សង្ឃឹមថាខ្លឹមសារក្នុងសៀវភៅនេះអាចជួយឲ្យអ្នកចូលរួមចេះគិតទូលំទូលាយ, មិនបោះបង់ក្ដីស្រមៃរបស់ខ្លួន។  
 
កញ្ញា សៅ សុខអេង៖ ដើម្បីអាចឲ្យសិស្សានុសិស្ស និងនិស្សិតដែលចូលរួមប្រកួតកម្មវិធីអានសៀវភៅ អាចយកជ័យជម្នះលើកម្មវិធីនេះបាន តើសិស្ស និងនិស្សិតគួរតែគប្បីអនុវត្តន៍អ្វីខ្លះ?
 
លោក Meirambek Zhaparov៖ ដើម្បីទទួលជ័យជម្នះក្នុងការប្រកួតប្រជែងនេះ ក្រុមនីមួយៗត្រូវអាន និងព្យាយាមយល់អំពីសាច់រឿងនៅក្នុងសៀវភៅ។  ដោយការសរសេរ ត្រូវផ្ដោតលើចំណុចសំខាន់ៗរួមមាន ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងសាច់រឿង, តួអង្គនៅក្នុងសាច់រឿង, តួនាទីរបស់តួអង្គម្នាក់ៗ និងសារៈសំខាន់របស់តួអង្គនីមួយៗ។ ក្រុមនីមួយៗត្រូវចេះ ប្រើប្រាស់គំនិតរបស់ខ្លួន ដែលមានភាពដោយឡែកពីក្រុមដ៏ទៃ។ ដើម្បីបង្កើតវីដេអូបទបង្ហាញអំពីសាច់រឿងដែលល្អ ក្រុមនីមួយៗត្រូវរៀបចំខ្លួនឲ្យស្អាតបាត ដោយព្យាយាមទាក់ទាញចិត្តគណៈកម្មការ។ លើសពីនេះក្រុមនីមួយៗក៏ត្រូវនិយាយឲ្យបានច្បាស់ៗ ចេះប្រើភាសាកាយវិការពេលធ្វើបទបង្ហាញ និងចេះប្រើភាពក្រមិចក្រមើម និងភាពលេងសើចរបស់ខ្លួនបន្តិចបន្តួច ដើម្បីបន្ថែមរសជាតិដល់ការសរសេរ និងការធ្វើបទបង្ហាញតាមរយៈវីដេអូរបស់ខ្លួន។
 
កញ្ញា សៅ សុខអេង៖ ក្រោយពីសិស្សានុសិស្ស និងនិស្សិតបានចូលរួមក្នុងកម្មវិធីនេះហើយ តើនឹងជួយឲ្យពួកគេទទួលបានចំណេះដឹងអ្វីខ្លះ? 
 
លោក Meirambek Zhaparov៖ កម្មវិធីប្រកួតការអាន ឬដែលហៅថាReaDARY Challengeនេះមានប្រយោជន៍ដល់សិស្ស-និស្សិត ដោយសារតែវាបង្កើតវប្បធម៌នៃការអានក្នុងចំណោមសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ដោយយើងដឹងហើយថាការអាន គឺជាមធ្យោបាយក្នុងការបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗ។ ការអានកាន់តែច្រើនរបស់សិស្ស-និស្សិតជំរុញឲ្យសិស្ស-និស្សិតមានចំណេះដឹង សម្រាប់គិតត្រិះរិះ លើប្រធានបទផ្សេងៗប្រកបដោយភាពស៊ីជម្រៅ ឬភាសាអង់គ្លេសហៅថា “Critical Thinking”។
 
បើតាមលោក Meirambek Zhaparov កម្មវិធីនេះនឹងចាប់ផ្តើមប្រកាសដាក់ពាក្យចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ក្រុមនីមួយៗគឺតម្រូវឲ្យអានឲ្យយល់សាច់រឿងក្នុងសៀវភៅ The Little Prince។ បន្ទាប់មកក្រុមនីមួយៗគឺត្រូវសរសេរសង្ខេបរឿងក្នុងសៀវភៅនោះ។ ចុងបញ្ចប់ចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ក្រុមនីមួយៗនឹងត្រូវបង្កើតវីដេអូដោយដកស្រង់សាច់រឿងក្នុងសៀវភៅនោះ និងត្រូវឆ្លើយសំណួរពីគណៈកម្មការ៕ 
 
 

Tag:
 សៀវភៅ
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com