ជាតិ
កសិកម្មជាវិស័យចម្បងជួយឲ្យអត្រាភាពក្រីក្រីក្នុងខេត្តព្រៃវែង ថយចុះត្រឹម៧,៤ភាគរយ
13, Feb 2021 , 9:29 pm        
រូបភាព
ដំណាំបន្លែរបស់កសិករក្នុងខេត្តព្រៃវែង(រូបភាពប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង)
ដំណាំបន្លែរបស់កសិករក្នុងខេត្តព្រៃវែង(រូបភាពប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង)
ដោយ:
ពលរដ្ឋក្នុងខេត្តព្រៃវែង ៦៣,៩ភាគរយ បានប្រកបរបរកសិកម្ម ផ្នែកសេវាកម្មមាន ៣៥,៩ភាគរយ និងផ្នែកសិប្បកម្មត្រឹម០,២ភាគរយប៉ុណ្ណោះ។ ចំពោះអត្រាប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋក្នុងខេត្តព្រៃវែង មានចំនួន ១ ២១៨,៩ដុល្លារ ដែលធ្វើឲ្យអត្រានៃភាពក្រីក្ររបស់ពលរដ្ឋថយចុះមកនៅត្រឹម៧,៤០ភាគរយ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង ។

 
តាមរបាយការណ៍ដដែល ព្រៃវែងជាខេត្តមានសក្តានុពលផ្នែកកសិកម្ម ដែលមានផ្ទៃដីបង្កបង្កើនផលសរុបចំនួន ៣២៥ ០០០ហិកតា។ ក្នុងនោះ ផ្ទៃដីស្រូវវស្សាអនុវត្តបាន ២៨០ ៣៩៩ហិកតា ស្មើនឹង១១២,១៦ភាគរយនៃផែនការ ២៥០ ០០០ហិកតា លើសឆ្នាំមុនចំនួន ៩ ៨៥៥ហិកតា។ ជាមធ្យមខេត្តទទួលបានទិន្នផល ៣, ២៤០គីឡូក្រាមក្នុងមួយហិកតា ដែលមានបរិមាណផលសរុប ៩០៨ ៩៣៧តោន។
 
ដោយឡែកទាក់ទិនស្រូវប្រាំងខេត្តព្រៃវែង អនុវត្តបានលើផ្ទៃដី ៧១, ៩៨៥ហិកតា ស្មើនឹង ៩៥ភាគរយ នៃផ្ទៃដីគ្រោងចំនួន ៧៥ ០០០ហិកតា។ ទិន្នផលស្រូវជាមធ្យមទទួលបាន ៤ ៤៨៣គីឡូក្រាមក្នុងមួយហិកតា ដែលធ្វើឲ្យខេត្តព្រៃវែងទទួលបានចំណាត់ថ្នាក់លេខមួយទូទាំងប្រទេសជាប់គ្នា២ឆ្នាំ នៅឆ្នាំ២០១៩ និងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍រដ្ឋបាលខេត្ត។
 
ខេត្តព្រៃវែង ស្ថិតនៅតំបន់វាលទំនាបទន្លេមេគង្គ ដែលអំណោយផលដល់ចរាចរណ៍ដឹកជញ្ជូនកសិផលទាំងផ្លូវគោគនិងផ្លូវទឹក ដោយតាមផ្លូវទឹកមានទន្លេមេគង្គ និងមានទន្លេតូច២ខ្សែ ហើយក៏មានផ្លូវគោកចំនួន៣ខ្សែតភ្ជាប់ទៅព្រំដែនវៀតណាមផងដែរ។ 
 
ខេត្តព្រៃវែងមានច្រកទ្វារ ព្រំដែនចំនួន៦ រួមមាន ច្រកទ្វារអន្តរជាតិចំនួន ៣កន្លែងមានច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី,កោះរការ និងម៉ឺនជ័យ។ រីឯច្រកទ្វារតំបន់ព្រំដែនមានចំនួន ៣កន្លែង គឺច្រកទ្វារតំបន់ព្រំដែនកោះសំពៅ,ពាមមន្ទារ និងស្វាយអាង៉ោង។
 
ក្រៅពីដំណាំស្រូវ ខេត្តព្រៃវែងក៏មានដំណាំរួមផ្សំជាច្រើនដូចជា ពោត,សណ្តែក,ល្ង,អំពៅ,ឈូក,បន្លែ និងការចញ្ចឹមសត្វ ដូចជា គោ,ក្របី,ជ្រូក,មាន់ទា,ក៏ដូចជាការចញ្ចឹមត្រី,បង្កង,កង្កែបជាដើម។ នេះបើតាមរបាយការណ៍ដដែល៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com