អង្គការជំហានដំបូងកម្ពុជា៖ ក្មេងប្រុសក៏ងាយរងគ្រោះពីការរំលោភបំពានផ្លូវភេទដែរ
ជាតិ
អង្គការជំហានដំបូងកម្ពុជា៖ ក្មេងប្រុសក៏ងាយរងគ្រោះពីការរំលោភបំពានផ្លូវភេទដែរ
14, Feb 2021 , 8:29 am        
រូបភាព
រូបភាព៖ អង្គការជំហានដំបូងកម្ពុជា
រូបភាព៖ អង្គការជំហានដំបូងកម្ពុជា
ភ្នំពេញ៖ គេធ្លាប់ដឹងជាទូទៅពីការរំលោភបំពានផ្លូវភេទលើក្មេងស្រី តែគេកម្របានដឹងពីការរំលោភបំពានផ្លូវភេទលើក្មេងប្រុសណាស់។ ជាការពិត ដែលធ្លាប់មានករណីនេះ តែភាគរយមានតិចដែលត្រូវបានរាយការណ៍។ អង្គការក្នុងស្រុកមួយបានរកឃើញថា ក្មេងប្រុសក៏ងាយរងគ្រោះពីការរំលោភបំពានផ្លូវភេទដែរ ហើយកុមារពិការកាន់តែងាយរងគ្រោះជាងកុមារធម្មតារហូតដល់ទៅ៣ដង។

 
នៅពេលគេនិយាយពីបញ្ហានៃការរំលោភផ្លូវភេទ គេតែងមើលឃើញក្មេងស្រីថាជាជនរងគ្រោះនៃអំពើហិង្សាមួយនេះ។ យ៉ាងណា មានភស្ដុតាងដែលបញ្ជាក់ថា ទាំងក្មេងប្រុសនិងក្មេងស្រី គឺទទួលរងផលប៉ះពាល់ពីបញ្ហានេះមិនខុសគ្នាប៉ុន្មានទេ។ 
 
អង្គការជំហានដំបូងកម្ពុជា (First Step Cambodia) ដែលជាអង្គការតែមួយគត់នៅកម្ពុជាដែលមានជំនាញក្នុងការផ្តល់ការគាំទ្រដល់ក្មេងប្រុសដែលជាជនរងគ្រោះ នៃការរំលោភបំពានផ្លូវភេទ។ ពីឆ្នាំ២០១៦មក អង្គការមួយនេះ ធ្វើការលើករណីកុមារចំនួន ២៧៦ ក្នុងនោះ ធ្វើការជាមួយជនរងគ្រោះចំនួន១៨៤នាក់លើករណីរំលោភបំពានផ្លូវភេទ និងជាមួយកុមារដែលមានអាកប្បកិរិយាផ្លូវភេទ បែបគ្រោះថ្នាក់ចំនួន៩២នាក់។ ក្នុងចំណោមករណីកុមារ ៩០ភាគរយ ដែលបានទទួលសេវាគាំទ្រពីអង្គការជំហានដំបូងកម្ពុជា គឺបានជាសះស្បើយឡើងវិញ។ ក្នុងមួយទស្សវត្សចុងក្រោយនេះ អង្គការមានបទពិសោធន៍ជាក់លាក់ ក្នុងការធ្វើការជាមួយក្មេងប្រុស ក្នុងចំណោមជនរងគ្រោះចំនួន ១៨៤នាក់ ដែលរួចផុតពីការរំលោភបំពានផ្លូវភេទ ដែលអង្គការបានធ្វើការជាមួយ ក្នុងនោះ៧៤ភាគរយ គឹជាក្មេងប្រុស។
 
លោក  យួន សារ៉ាត់ ប្រធានគម្រោងនៃអង្គការជំហានដំបូងកម្ពុជា លើកឡើងថា ដោយសារកត្ដាទំនៀមទម្លាប់ពីបុរាណខ្មែរ ដែលផ្តល់តម្លៃលើសលប់ដល់បុរសថាជាមាសទឹកដប់ ក្លាហាន មានអំណាចជាដើមនោះ ទើបធ្វើឱ្យក្មេងប្រុសមានភាពស្ទាក់ស្ទើរចិត្តក្នុងការរាយការណ៍អំពីភាពគ្រោះថ្នាក់នៃការរំលោភបំពាន ដោយបារម្ភថាត្រូវគេស្ដីបន្ទោស និងសើចចំអកជាដើម។ យោងតាមទិន្នន័យរបស់អង្គការជំហានដំបូងកម្ពុជា កម្រិតតួលេខប្រហាក់ប្រហែលគ្នានៃអំពើហិង្សាផ្លូវភេទដែលពួកគេធ្លាប់រងគ្រោះនោះ មានតែក្មេងប្រុស៦ភាគរយប៉ុណ្ណោះដែលរស្វែងរកការជួយ ផ្ទុយពីក្មេងស្រីដែលមានចំនួន ៤០ភាគរយ។
 
បន្ថែមពីនេះ លោក យួន សារ៉ាត់ ក៏បដិសេធចំពោះទស្សនៈមហាជនជាច្រើនដែលលើកឡើងថា ជនល្មើសច្រើនជាជនបរទេស។ លោកពន្យល់ថា អ្នករំលោភបំពានអាចជានរណាម្នាក់ បូករួមទាំងឪពុកម្ដាយ សមាជិកគ្រួសារមិត្តភក្ដិ អ្នកជិតខាង និងមនុស្សផ្សេងទៀតដែលក្មេងប្រុសស្គាល់។ ហើយវាក៏ខុសពីការជឿរបស់មនុស្សមួយចំនួន ដែលថា អ្នករំលោភបំពានក្មេងប្រុសជាមនុស្សខ្ទើយ។ 
 
អង្គការជំហានដំបូងកម្ពុជា ដែលមានវត្តមាននៅកម្ពុជាពីឆ្នាំ២០១១មក ក៏បានរកឃើញទៀតថា កុមារពិការគឺជាជនងាយរងគ្រោះពីការបំពានផ្លូវភេទ ព្រោះពួកគេមានសមត្ថភាពទន់ខ្សោយក្នុងការវិភាគស្ថានភាព និងការប្រើប្រាស់យុទ្ធសាស្រ្ដការពារខ្លួន ហើយការរាយការណ៍របស់ពួកគេ មិនទទួលបានការយកចិត្តទុកដាក់។ ពួកគេត្រូវផាត់ចេញពីយុទ្ធសាស្រ្ដកិច្ចការពារកុមារ និងការទប់ស្កាត់តាមបែបប្រពៃណី ហើយពួកគេងាយនឹងរស់នៅក្នុងស្ថានភាពមិនល្អ ដែលបង្កើនភាពងាយរងគ្រោះទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទ៕

Tag:
 អំពើហិង្សា
  កុមារ
  ការរំលោភបំពានផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com