ជាតិ
សម្រស់ធម្មជាតិ «ទឹកធ្លាក់ព្រះនិមិត្ត» ទាក់ចិត្តអ្នកទេសចរឲ្យមកកម្សាន្តមិនជិនណាយ
14, Feb 2021 , 8:59 am        
រូបភាព
ស្ទឹងត្រែង៖ «ទឹកធ្លាក់ព្រះនិមិត្ត» ជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលមានសក្ដានុពល ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ ទឹកធ្លាក់ ល្បាក់ថ្ម លើសណ្ឋានដ៏ធំល្វឹងល្វើយ ផ្គួបផ្សំនឹងបរិយាកាសស្ងប់ស្ងាត់ អមដោយធម្មជាតិនៅជុំវិញ បានធ្វើឲ្យអ្នកទេសចរជាច្រើន ដក់ចិត្ត ចង់ទៅកម្សាន្តម្ដងហើយម្ដងទៀត ដោយមិនជិនណាយ។

 
 
លោក ជុំ តុលា ជាភ្ញៀវទេសចរម្នាក់ ដែលបានមកកម្សាន្តនៅតំបន់អេកូទេសចរណ៍ ទឹកធ្លាក់ព្រះនិមិត្ត។ នេះជាលើកទី២ហើយ សម្រាប់លោក តុលា ដែលដក់ចិត្ត និងមានមោទកភាពចំពោះទីកន្លែងមួយនេះ ព្រោះវាស្រស់ស្អាត និងប្លែកពីតំបន់ដទៃ។ បុរសវ័យ២៩ឆ្នាំរូបនេះ ប្រាប់ ThmeyThmey25 ដូច្នេះថា៖«ពិតជាស្រស់ស្រាយមែនទែនសម្រាប់រមណីយដ្ឋានមួយនេះ ហើយយើងក្រឡេកឃើញទិដ្ឋភាពនៅខាងក្រោយ គឺជាទេសភាពអស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលមានទីតាំងល្អ ដូចជាឈ្មោះអ៊ីចឹង ព្រះនិមិត្ត វាស្រស់ស្រាយហើយវាជាធម្មជាតិមួយសម្រាប់ប្រទេសកម្ពុជាយើងតែម្តង»។ ក្រៅពីដើរកម្សាន្ត នៅពេលមកដល់កន្លែងធម្មជាតិបែបនេះ លោក តុលា ក៏បានស្វែងយល់ពីសហគមន៍មូលដ្ឋាន និងទទួលបានបទពិសោធល្អ ថ្មីៗ ពិសេសគយគន់សម្រស់ធម្មជាតិពីមួយកន្លែងទៅមួយកន្លែងផងដែរ។
 
ចំណែកឯ កញ្ញា ម៉ក់ ច័ន្ទសុភា វិញ បានធ្វើដំណើរពីខេត្តសៀមរាប មកកាន់ទឹកដីនៃខេត្តស្ទឹងត្រែង ជាមួយក្រុម Cambodia Amazing Trip Planer ក៏រំភើបនឹងសម្រស់ធម្មជាតិ ទឹកធ្លាក់ព្រះនិមិត្តនេះ មិនចាញ់លោក តុលា ប៉ុន្មានដែរ។ កញ្ញា ច័ន្ទសុភា យល់ថាតំបន់អេកូទេសចរណ៍មួយនេះ ពិតជាអស្ចារ្យ ប្លែកខុសពីតំបន់ទេសចរណ៍នានាដែលខ្លួនធ្លាប់បានទៅដល់។ តាមរយៈការដើរកម្សាន្តជាក្រុម បាននាំកញ្ញា សុភា មកដល់តំបន់ធម្មជាតិ ទឹកធ្លាក់ព្រះនិមិត្ត នេះចំនួន២លើកហើយ។ ស្រ្តីវ័យ២៧ឆ្នាំរូបនេះ ឆ្លើយប្រាប់ ThmeyThmey25 ដូច្នេះថា៖«ខ្ញុំមានអារម្មណ៍ថា វាអស្ចារ្យខ្លាំងមែនទែន ហើយនេះយើងឃើញគឺមានទឹកតិចៗ ប៉ុន្តែពេលខ្ញុំមកលើកមុនគឺទឹកច្រើនខ្លាំង ហើយថ្មវាប្លែក វាបញ្ឈរ»។ កញ្ញា បញ្ជាក់បន្ថែមថា តំបន់ទេសចរណ៍ព្រះនិមិត្តនេះ វាពិតជាស្រស់ស្អាតសាកសមនឹងយើងចំណាយពេលមក ទោះបីជាឆ្ងាយបន្តិចមែន ប៉ុន្តែនៅតាមផ្លូវយើងក៏អាចគយគន់សម្រស់ធម្មជាតិនៅអមសងខាងផងដែរ។
 
ដោយឡែក កញ្ញា ស៊ុន លីគៀង ក៏មិនខុសពីអ្នកទេសចរទាំង២នាក់ខាងលើដែរ។ នេះមិនមែនជាលើកទីមួយទេ ដែលកញ្ញា លីគៀង បានមកដល់តំបន់ធម្មជាតិទឹកធ្លាក់ព្រះនិមិត្ត។ ពីមួយលើកទៅមួយលើក ដែលកញ្ញា លីគៀង មកកាន់ទឹកដីនៃខេត្តស្ទឹងត្រែង តែងតែមកកាន់តំបន់ទេសចរណ៍សក្ដានុពលមួយនេះ ហើយតែងទទួលបានអារម្មណ៍ប្លែក និងយល់ថាអស្ចារ្យ។ ឆ្លើយប្រាប់ ThmeyThmey25 ទាំងសប្បាយចិត្តដូច្នេះថា៖«សម្រាប់ទីតាំងតំបន់ទេសចរណ៍នេះ វាប្លែកពីគេ ព្រោះនៅតំបន់ផ្សេងៗវាអត់មានលក្ខណៈថ្មផង និងទឹកទន្លេដែលហូរមកអ៊ីចឹង»។ កញ្ញា បន្ថែមថា នៅតំបន់ផ្សេងៗដែលកញ្ញា បានទៅដល់ភាគច្រើនជាលក្ខណៈទឹកធ្លាក់ពីភ្នំ ឬជាជ្រោះ ប៉ុន្តែនេះ ជាទឹកទន្លេធ្លាក់មកលើថ្ម។
 
តាមរយៈកម្មវិធីបោះជំរំរបស់ក្រុម Cambodia Amazing Trip Planer នៅថ្ងៃទី៥ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំភ្ញៀវទេសចរទៅកម្សាន្តតំបន់ធម្មជាតិជាច្រើនកន្លែងក្នុងខេត្តស្ទឹងត្រែង។ កម្មវិធីបោះជំរំរបស់ក្រុម Cambodia Amazing Trip Planer ធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវទេសចរ ជាមួយនឹងសហគមន៍អេកូទេសចរណ៍ ក៏ដូចជា គាំទ្រសេវាកម្ម និងផលិតកម្មរបស់សហគមន៍។ ក្រៅពីនោះ ក៏ចង់លើកស្ទួយជីវភាពប្រជាជននៅតាមមូលដ្ឋាន ហើយឲ្យអ្នកចូលរួមអាចបង្កើនមិត្តភាព និងមេត្រីភាពបរិស្ថាន និងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកញ្ចប់ទេសចរណ៍ក្នុងស្រុកផងដែរ។ កម្មវិធីបោះជំរំរបស់ក្រុម Cambodia Amazing Trip Planer ទទួលបានការគាំទ្រពីនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍,មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង,សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ និងសហគមន៍អេកូរទេសចរណ៍ព្រះរំកិល៕







Tag:
 ទឹកធ្លាក់ព្រះនិមិត្ត
 ម៉ក់ ច័ន្ទសុភា
 ស៊ុន លីគៀង
 ជុំ តុលា
© រក្សាសិទ្ធិដោយ thmeythmey.com