កសិករ រី សែន សាកល្បងដាំប៉េងប៉ោះតាមបច្ចេកទេសថ្មី គឺការដាំតជាមួយដើមត្រប់
ជាតិ
កសិករ រី សែន សាកល្បងដាំប៉េងប៉ោះតាមបច្ចេកទេសថ្មី គឺការដាំតជាមួយដើមត្រប់
14, Feb 2021 , 9:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកគម្រោងអាស្ប៉ាយ
រូបភាពពីហ្វេសប៊ុកគម្រោងអាស្ប៉ាយ
ក្រុមការងារនៃកម្មវិធីថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (អាស្ប៉ាយ) បានចុះផ្សព្វផ្សាយពីបច្ចេកទេសដាំដុះប៉េងប៉ោះ តាមបច្ចេកទេសថ្មី ដល់កសិករដោយប្រើវិធីសាស្រ្តផ្ស៊ាំ តដើម រវាងដើមត្រប់ និងដើមប៉េងប៉ោះ។ បច្ចេកទេសថ្មីនេះ ធ្វើឲ្យដំណាំប៉េងប៉ោះរបស់កសិករ ទទួលបានអត្ថប្រយោជន៍ច្រើន ធន់នឹងអាកាសធាតុ មិនរើសប្រភេទដី និងទទួលបានទិន្នផលខ្ពស់។ លោក រី សែន ជាកសិករមួយរូប នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលបានសាកល្បងជាមួយបច្ចេកទេសថ្មីនេះ។ រយៈពេលមួយខែហើយ ដែលកសិករ រី សែន  បានសាកល្បងដាំប៉េងប៉ោះតាមបច្ចេកទេសថ្មីនេះ។ កសិកររូបនេះ កំពុងរង់ចាំមើលទិន្នផលដំណាំប៉េងប៉ោះដែលខ្លួនសាកល្បងដាំតាមបច្ចេកទេសថ្មីនេះ។

 
តាមរយៈ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (អាស្ប៉ាយ) បច្ចេកទេសនៃការផ្សាំ ឬតដើមនេះ អាចធ្វើឡើងដោយងាយស្រួលតាម២របៀប ដោយអាចតដើមជាមួយទុយោជ័រថ្លា ឬដោយប្រើដង្កៀបជ័រទន់។ ការប្រើវិធីសាស្រ្តថ្មីនេះ អាចឲ្យកសិករងាយស្រួល ក្នុងការដាំប៉េងប៉ោះ ព្រោះមិនរើសប្រភេទដី ប៉ុន្តែកសិករគួរជ្រើសរើសពូ ជដែលស្របតាមតម្រូវការខ្ពស់លើទីផ្សារដែរ។
 
ការដាំប៉េងប៉ោះតាមបច្ចេកទេសថ្មី អាចឲ្យប៉េងប៉ោះធន់នឹងជំងឺស្រពោន និងឈ្នះនូវជំងឺបាក់តេរី ដែលកើតចេញពីដីមួយចំនួន ដែលអាចយាយីដល់ដំណាំប៉េងប៉ោះ។ នៅពេលដែលយើង ជ្រើសវិធីសាស្រ្តដាំបែបនេះ កសិករអាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា។ បន្ថែមនេះ វាក៏ជួយកាត់បន្ថយ បានការចំណាយលើការប្រើប្រាស់ថ្នាំ និងជីកសិកម្មផងដែរ។
 
បើតាមគម្រោងអាស្ប៉ាយ ការប្រមូលផលប៉េងប៉ោះដែលដាំដោយតដើម មានរយៈពេលយូរជាងដើមប៉េងប៉ោះដាំតាមធម្មតា ក្នុងមួយវដ្ដជីវិតរបស់ដំណាំ និងអាចទទួលបានទិន្នផលប្រមាណ ៤៥តោន ក្នុងមួយហិកតា។
 
លោក រី សែន ជាកសិករមួយរូប នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលបានសាកល្បងជាមួយបច្ចេកទេសថ្មីនេះ។ រយៈពេលមួយខែហើយ ដែលកសិករ រី សែន  បានសាកល្បងដាំប៉េងប៉ោះតាមបច្ចេកទេសថ្មីនេះ។ កសិករវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់ថា ជាទូទៅប៉េងប៉ោះឲ្យផលនៅរយៈពេល២ខែ ប៉ុន្តែការតាមបច្ចេកទេសថ្មីនេះ មានរយៈពេលប្រមូលផលយូរជាង ការដាំធម្មតា។ 
 
លោកបានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទថា រយៈពេល៣ឆ្នាំហើយ ដែលលោកបានដាំប៉េងប៉ោះ និងត្រប់ តែលោកទើបសាកល្បងដាំប៉េងប៉ោះ ដោយការផ្សាំនៅឆ្នាំនេះប៉ុណ្ណោះ ព្រោះមានការជំរុញផ្ទាល់ ពីគម្រោងអាស្ប៉ាយ ហើយពេលនេះ ប៉េងប៉ោះរបស់លោកបានទទួលផ្លែផ្កាជាបណ្ដើរៗ។ កសិកររូបនេះប្រាប់ទៀតថា ទោះបីមិនទាន់ដល់ពេលប្រមូលផល តែកសិកររូបនេះសប្បាយចិត្ត នឹងការសាកល្បងថ្មីនេះ។ 
 
លោក សែន បន្តថាបច្ចេកទេសដាំ មានការលំបាកជាងការដាំតាមធម្មតាបន្តិចមែន តែកសិកររូបនេះមិនរាថយ ក្នុងការសាកល្បងនោះទេ ដោយសារមើលឃើញពីអត្ថប្រយោជន៍បច្ចេកទេសថ្មីនេះ។ លោកថា៖«វាមានការលំបាក តែក្នុងដំណាក់ផ្សាំប៉ុណ្ណោះ តែវាផ្ដល់អត្ថប្រយោជន៍ច្រើន ដូចជាងាយថែទាំ ធន់ជំងឺស្រពោនដើម ហើយការប្រមូលផលមានរយៈពេលយូរ»។
 
«ដើម្បីអាចដាំតាមប៉េងប៉ោះតាមបច្ចេកទេសថ្មីនេះ កសិករត្រូវបណ្ដុះកូនត្រប់ ពី១០ទៅ១៥ថ្ងៃ បន្ទាប់មកទើបបណ្ដុះប៉េងប៉ោះ តាមក្រោយ។ នៅពេលប៉េងប៉ោះ មានអាយុ ២០ទៅ២៨ថ្ងៃ គេអាចកាត់ដើមត្រប់ និងដើមប៉េងប៉ោះ យកទៅផ្សាំនៅកន្លែងម្លប់និងត្រជាក់ ទុកមួយសប្ដាហ៍រួចយកទៅហាលថ្ងៃ ១០ថ្ងៃមុនដាំ»។ នេះជាការលើកឡើងរបស់កសិករ រី សែន៕
 

ការតកូនត្រប់និងកូនប៉េងប៉ោះ(រូបភាពពីកសិករ រី សែន)





Tag:
 ប៉េងប៉ោះ
  អាស្ប៉ាយ
  រី សែន
© រក្សាសិទ្ធិដោយ thmeythmey.com