ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌ ប្រាប់យុវជនចែករំលែកក្តីស្រឡាញ់ ដោយកិត្តិយស និងថ្លៃថ្នូរ នៅថ្ងៃ១៤ កុម្ភៈ
14, Feb 2021 , 10:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថាយុវជនកម្ពុជានៅតែប្រព្រឹត្តទិវានៃក្តីស្រឡាញ់១៤កុម្ភៈមិនត្រឹមត្រូវ និងប្រាសចាកសីលធម៌ និងវប្បធម៌សង្គមដែលនាំឲ្យខូចកិត្តិយស។ ក្រសួងវប្បធម៌បានណែនាំឲ្យពួកគេគួរតែចែករំលែកក្តីស្រឡាញ់ចំពោះអ្នកមានគុណ និងមនុស្សដែលអ្នកស្រឡាញ់ ដែលប្រកបដោយភាពថ្លៃថ្នូរ និងកិត្តិយស។

 
ក្រសួងវប្បធម៌ សង្កេតឃើញថា ពលរដ្ឋខ្មែរមួយចំនួនបានប្រារព្ធទិវានៃសេចក្តីស្រឡាញ់ដោយភ័ន្តច្រឡំកន្លងមក ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ។ 
 
ដើម្បីឲ្យយុវជនអាចជៀសវាងកុំឲ្យប្រព្រឹត្តអំពើប្រក្រតីណាមួយដែលប៉ះពាល់ដល់កិត្តិយសខ្លួន និងក្រុមគ្រួសារ ក្រសួងវប្បធម៌បានណែនាំឲ្យយុវជនត្រូវសិក្សាចំពោះវប្បធម៌ ប្រពៃណីរបស់ដូនតា និងសិក្សាឈ្វេងយល់ពីឥទ្ធិពលនៃវប្បធម៌ និងទំនៀមទម្លាប់បរទេសឲ្យបានត្រឹមត្រូវ។ 
 
ក្រសួងវប្បធម៌បានណែនាំដល់យុវជនយកថ្ងៃនៃសេចក្តីស្រឡាញ់១៤កុម្ភៈ ជាឱកាសចែករំលែក បង្ហាញក្តីស្រឡាញ់ បង្ហាញសន្តានចិត្តស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួន ដូចជាក្រុមគ្រួសារ ឪពុកម្តាយ ជាពិសេសចំពោះជនពិការ កុមារកំព្រា និងជនក្រីក្រ។ 
 
ជាមួយគ្នានេះក្រសួងវប្បធម៌ណែនាំឲ្យពលរដ្ឋ សរសេរលិខិតជូនពរ ឬជូនជាអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ ភាពកតញ្ញុតាធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកមានគុណ បុព្វការីជន និងចំពោះសង្គមជាតិ។
 
ក្រសួងវប្បធម៌ក៏បានណែនាំដល់ឪពុកម្តាយ អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយ និងណែនាំដល់កូនចៅអំពីអត្ថន័យនៃថ្ងៃទិវាបុណ្យនៃសេចក្តីស្រឡាញ់ ដើម្បីឲ្យពួកគេប្រារព្ធទិវានេះប្រកបដោយភាពថ្លៃថ្នូរ និងកិត្តិយស និងកិត្យានុភាពនៃសង្គមជាតិ។ 
 
សូមបញ្ជាក់ថា ថ្ងៃទី១៤ កុម្ភៈ ឬថ្ងៃទិវានៃក្តីស្រឡាញ់ (Valentine’s Day ដែលជាភាសាអង់គ្លេស ឬ Saint-Valentin ជាភាសាបារាំង) បានចាប់ផ្តើមប្រារព្ធឡើងពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ពោលគឺនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយបន្តរាលដាលពាសពេញពិភពលោក៕ 
 


Tag:
 សេចក្តីស្រឡាញ់
 ១៤កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com