«ជិះកង់នៃក្តីស្រឡាញ់» ដើម្បីប្តូរការគិតយុវវ័យថ្ងៃ១៤ កុម្ភៈ មានអ្នកចូលរួម៣៥១នាក់
កីឡាជាតិ
ជាតិ
«ជិះកង់នៃក្តីស្រឡាញ់» ដើម្បីប្តូរការគិតយុវវ័យថ្ងៃ១៤ កុម្ភៈ មានអ្នកចូលរួម៣៥១នាក់
14, Feb 2021 , 11:59 am        
រូបភាព
ព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» ថ្ងៃទី ១៤ កុម្ភៈ ដែលរៀបចំតាមបណ្តោយឆ្នេរក្នុងខេត្តព្រះសីហនុមានអ្នកចូលរួមសរុបចំនួន៣៥១នាក់ មកពី៦ប្រទេស។ ចំណោមអ្នកចូលរួមទាំងអស់ មាន១៦នាក់ជាជនបរទេស មកពីអង់គ្លេស ហ្វីលីពីន ឥណ្ឌា ថៃ និងចិន។ ក្រៅពីនោះសុទ្ធសឹងជាអ្នកចូលរួមរបស់ម្ចាស់ផ្ទះកម្ពុជាដែលមកពី រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ចាម សៀមរាប និងព្រះសីហនុផ្ទាល់។

 
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ដែលឱ្យឈ្មោះថា «ជិះកង់នៃក្តីស្រឡាញ់» ដើម្បីយកកីឡាធ្វើជាមធ្យោបាយផ្លាស់ប្ដូរឥរិយាបទយុវវ័យនៅថ្ងៃនៃសេចក្តីស្រឡាញ់ និងបង្ហាញសក្តានុពលទេសចរណ៍ក្នុងខេត្តដែលមានសមុទ្រ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយនេះ។
 
ព្រឹត្តិការណ៍នេះ មានវិញ្ញាសាចំនួន៣ដើម្បីដាក់ឱ្យប្រជែងគ្នា។ ទី១ សម្រាប់អ្នកជិះកង់អាជីព ចម្ងាយ៤០គីឡូម៉ែត្រមានអ្នកចូលរួមប្រមាណ១០០នាក់ទាំងប្រុសស្រី ដែលចាប់ផ្ដើមចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទៅឆ្នេររាម ហើយត្រឡប់មកឆ្នេរអូឈើទាលវិញ។ ជ័យលាភីលេខ១ផ្នែកបុរសបានទៅកីឡាករ កែវ រដ្ឋាដោយប្រើថេរវេលា១ម៉ោង ៥នាទី និង២០វិនាទី ឯទី២ បានទៅ សាន ណាម៉ៅ និងទី៣ ស៊ាំង សីហា។ ផ្នែកនារី ការិនី ខេន ម៉ាឡៃមកពីខេត្តសៀមរាបសម្រេសទីមុខគេដោយប្រើពេល១ម៉ោង ៧នាទី និង០៥វិនាទី តាមពីក្រោយដោយ យត កន្និកា និងសូត្រ ស្រីណុច។
 
 ទី២ ប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តតាមឆ្នេរសមុទ្រថ្មី ចម្ងាយ២៥គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទីអូរត្រេះហើយត្រឡប់មកវិញ។ ចំណែកទី៣ Family Couple Ride ជាការជិះកង់ជាលក្ខណគ្រួសារ និងគូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។
 
លោក វ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា ការរៀបចំកម្មវិធីជិះកង់នៅថ្ងៃ១៤ កុម្ភៈនេះ គឺដើម្បីចង់ផ្លាស់ប្តូរឥរិយាបទរបស់យុវវ័យដែលពួកគេយល់ច្រឡំនៃអត្ថន័យនៃបុណ្យនៃក្តីស្រឡាញ់។ លោកបន្ថែមព្រឹត្តិការណ៍នឹងធ្វើនៅឆ្នាំក្រោយៗទៀត៕
 
































Tag:
 NOCC
© រក្សាសិទ្ធិដោយ thmeythmey.com