ជាតិ
ដាំប្រទាលកន្ទុយក្រពើជុំវិញផ្ទះ ជួយសេដ្ឋកិច្ចគ្រួសារ អ្នកស្រី ទូច ស្រីរ័ត្ន ឱ្យមានជីវភាពធូរធារ
14, Feb 2021 , 12:59 pm        
រូបភាព
ដោយ:
អ្នកស្រី ទូច ស្រីរ័ត្ន ជាកសិករដាំប្រទាលកន្ទុយក្រពើនៅជុំវិញផ្ទះ ដែលស្ថិតនៅភូមិខ្នារ ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ ស្រ្តីវ័យ៣២ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 ថា ការដាំប្រទាលកន្ទុយក្រពើ អាចផ្ដល់ចំណូលជាមធ្យម ១  ០០០ ទៅ ៤ ០០០ដុល្លារក្នុងមួយខែ និងអាចជួយឱ្យគ្រួសារមានជីវភាពធូរធារ។

 
រយៈពេល៥ឆ្នាំហើយដែលអ្នកស្រី ទូច ស្រីរ័ត្ន ជ្រើសរើសការដាំប្រទាលកន្ទុយក្រពើ ដែលបានពូជពីប្រទេសជប៉ុនតាមរយៈមិត្តភិក្តរបស់អ្នកស្រី។ អ្នកស្រី ទូច ស្រីរ័ត្ន ប្រាប់ថា៖«ដំបូងដាំតែ១០ដើមទេហើយវាចេះតែកើតកូនជាបន្តបន្ទាប់ រហូតពេលនេះមានជាង ៥ពាន់ដើម និងគ្រោងពង្រីកដាំលើផ្ទៃដីឲ្យបាន១០ហិកតានៅពេលខាងមុខ»។
 
ការដាំប្រទាលកន្ទុយក្រពើ បានជួយផ្គត់ផ្គង់ដល់គ្រួសារអ្នកស្រី ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពធូរធារ។ មុ្ចាស់កសិដ្ឋានប្រទាលកន្ទុយក្រពើនេះ បន្តថា៖«ពីរឆ្នាំមុនយ៉ាងទាបអាចរកចំណូល ៥០០ដុល្លារក្នុងមួយខែ តែសព្វថ្ងៃអាចរកចំណូលជាមធ្យមពី ១ ០០០ដុល្លារទៅ ៤ ០០០ដុល្លារក្នុងមួយខែ»។
 
ចំពោះដំណាំប្រទាលកន្ទុយក្រពើមិនមានផលលំបាកសម្រាប់អ្នកស្រី ទូច ស្រីរ័ត្ន នោះទេ ផ្ទុយទៅវិញ វាមានទីផ្សារល្អ ដែលធ្វើឱ្យអ្នកស្រីមានបំណងពង្រីកការដាំបន្ថែម។ អ្នកសៀមរាបរូបនេះ ពន្យល់យ៉ាងដូច្នេះ៖«ប្រទាលកន្ទុយក្រពើមិនពិបាកមើលថែដូចដាំណាំផ្សេងទេ មិនចាំបាច់ប្រើប្រាស់ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិត សូម្បីទឹកក៏មិនចាំបាច់ស្រោចទៀងទាត់ដែរ ហើយក៏មិនមានសត្វល្អិតចង្រៃបំផ្លាញដូចដាំណាំ ឬបន្លែដែរ។ ចំពោះទីផ្សារក៏ទូលាយពេលខ្លះកាត់សឹងមិនទាន់»។
 
បើតាមអ្នកស្រី ស្រីរ័ត្ន ប្រទាលកន្ទុយក្រពើដែលលក់រាល់ថ្ងៃនេះ គឺលក់ច្រើនប្រភេទដូចជា លក់កូនធម្មតា បណ្តុះដាក់ផើង និងលក់ជាធាង។ សម្រាប់កូនប្រទាលកន្ទុយក្រពើពូជធម្មតាអ្នកស្រី លក់ក្នុងតម្លៃ ៤០០០រៀលក្នុងមួយដើម។ រីឯកូនដែលបណ្តុះដាក់ក្នុងផើងលក់ក្នុងតម្លៃចាប់ពី ១៥ដុល្លារទៅ ២០ដុល្លារក្នុងមួយផើង។ ចំណែកឯធាងវិញ លក់ក្នុងតម្លៃ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។ 
 
«កាលដាំដំបូងៗក៏មិនទាន់មានទីផ្សារដែរ ព្រោះខ្ញុំមិនទាន់ចេះផ្សព្វផ្សាយដូចពេលនេះពឹងតែពេលគេមកឃើញទើបគេទិញ ប៉ុន្តែតាំងពីមានហ្វេសប៊ុកខ្ញុំចាប់ផ្ដើមបង្កើតផេកដើម្បីផ្សព្វផ្សាយ ហើយក៏មានអ្នកបញ្ជាទិញបន្តបន្ទាប់»។ នេះជាការបញ្ជាក់របស់អ្នកស្រី ទូច ស្រីរ័ត្ន ដោយបន្ថែមថា ក្រៅពីលក់ប្រទាលកន្ទុយក្រពើ អ្នកស្រីក៏បានកែច្នៃប្រទាលកន្ទុយក្រពើមួយផ្នែក ជាភេសជ្ជៈដើម្បីលក់ផ្ទាល់ខ្លួនផងដែរ។ អ្នកស្រី ស្រីរ័ត្ន ថាការផ្សំរូបមន្តទឹកប្រទាលកន្ទុយក្រពើជារូបមន្តប្រចាំគ្រួសារ អាចឱ្យអ្នកស្រីលក់ទឹកប្រទាលកន្ទុយក្រពើប្រមាណ ៥០ដបក្នុងមួយថ្ងៃ។ សម្រាប់ទឹកប្រទាលកន្ទុយក្រពើដែលអ្នកស្រីផលិតអាចទុកបានរយៈ ៧ថ្ងៃទៅ ១០ថ្ងៃ ដោយក្នុងមួយដបលក់ក្នុងតម្លៃ ២ ៥០០រៀល។
 
អ្នកស្រី ទូច ស្រីរ័ត្ន បានបញ្ជាក់ថា សម្រាប់រយៈពេលប្រមូលផលប្រទាលកន្ទុយក្រពើ មានរយៈពេល១០ខែ ទៅមួយឆ្នាំ។ ប្រទាលកន្ទុយក្រពើ ជាដំណាំមួយប្រភេទមានប្រយោជន៍ច្រើន ដែលភាគច្រើនអតិថិជនអាចយកទៅកែច្នៃដូចជាភេសជ្ជៈ,គ្រឿងសម្អាង,ព្យាបាលក្រពះ,ពោះវៀន,បញ្ហាសន្លាក់ជាដើម។ អ្នកស្រី ទូច ស្រីរ័ត្ន បានបញ្ជាក់បែបនេះ៕
 





រូបផ្ដល់ឲ្យដោយអ្នកស្រី ទូច ស្រីរ័ត្ន


រូបភាពពីអ្នកស្រី ស្រីរ័ត្ន


Tag:
 កសិកម្ម
 ប្រទាលកន្ទុយក្រពើ
 ទូច ស្រីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com