ជាតិ
ប្រទះឃើញសត្វរំពេទន្លេចំនួន៦៨ក្បាល ដែលជាបក្សីកម្របំផុតនៅតាមដងទន្លេមេគង្គ
14, Feb 2021 , 1:39 pm        
រូបភាព
ភ្នំពេញ៖ សត្វរំពេទន្លេ ចំនួន៦៨ក្បាល ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តនៃក្រសួងបរិស្ថាន ប្រទះឃើញនៅតាមដងទន្លេមេគង្គ ព្រំដែនកម្ពុជា-ឡាវ រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីដើមខែកុម្ភៈកន្លងទៅ។ នេះបើតាមក្រសួងបរិស្ថាន។


 
តាមរយៈការស្រាវជ្រាវ របស់ក្រសួងបរិស្ថាន សត្វរំពេទន្លេ ជាបក្សីកម្របំផុត ក្នុងចំណោមបក្សីកម្រជាច្រើនប្រភេទទៀត នៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងមក បក្សីមួយប្រភេទនេះ មានការធ្លាក់ចុះជាខ្លាំង ដោយគិតមកដល់ឆ្នាំ២០១៦ មានត្រឹម៣១ក្បាលប៉ុណ្ណោះ។ រហូតមកឆ្នាំ២០១៨ សត្វរំពេ បានកើនដល់ ៦២ក្បាល និងឆ្នាំ២០២១នេះ មានចំនួន៦៨ក្បាល នៅកម្ពុជា។ នេះបើតាម ក្រសួងបរិស្ថានដដែល។
 
លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកស្រាវជ្រាវ និងតាមដានជីវចម្រុះប្រចាំតំបន់ទន្លេមេគង្គ នៃអង្គការ WWF បានរៀបរាប់ពីលក្ខណៈរបស់បក្សីប្រភេទ យ៉ាងដូច្នេះ៖« សត្វរំពេទន្លេ ជាប្រភេទបក្សីមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ និងមានពោះពណ៌ស។ ក្រុមអ្នកស្រាវជ្រាវ តែងប្រទះឃើញសត្វប្រភេទនេះ នៅរដូវកាលពួកវាបន្តពូជប៉ុណ្ណោះ គឺចាប់ពីខែមករា ដល់ខែឧសភា»។
 
ក្រុមអ្នកស្រាវជ្រាវ ក្នុងតំបន់ទន្លេមេគង្គ តែងតែតាមដានសត្វប្រភេទនេះ រៀងរាល់រដូវ ដែលកាលពីឆ្នាំ២០២០ មានត្រឹម៦៥ក្បាលប៉ុណ្ណោះ។ ការប្រទះឃើញសត្វរំពេដ៏អស្ចារ្យ នៅឆ្នាំ២០២១នេះ គឺហ្វូងសត្វទាំងនោះ កំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំ ដើម្បីចាប់ត្រីក្នុងទន្លេ ហើយខ្លះហើរក្រឡឹងចុះឡើងតាមឆ្នេរខ្សាច់ ដែលជាទីជម្រកធម្មជាតិរបស់ពួកវា ក្នុងការបន្តពូជ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។
 
ក្រសួងក៏បាន បញ្ជាក់បន្ថែមទៀតថា សត្វរំពេទន្លេ មិនត្រឹមតែជាសត្វកម្រទេ តែបក្សីប្រភេទនេះក៏ស្ថិតក្នុងបញ្ជីក្រហមនៃសត្វងាយរងគ្រោះផងដែរ៕

រូបភាពពីក្រសួងបរិស្ថាន៖
 






Tag:
 រំពេទន្លេ
 ទន្លេមេគង្គ
 បក្សីកម្រ
 សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com