ជាតិ
អតីតនិស្សិតកសិកម្ម ខឹម ធី យកជំនាញពេទ្យសត្វ និងបទពិសោធហាត់ការនៅអ៊ីស្រាអែល មកអនុវត្តការងារ
14, Feb 2021 , 2:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ខឹម ធី ជាអតីតនិស្សិតកសិកម្មជំនាញពេទ្យសត្វ ធ្លាប់បានទៅហាត់ការនិងសិក្សានៅប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ២០១៤។ ក្រោយបញ្ចប់ការហាត់ការនៅអ៊ីស្រាអែល និងបញ្ចប់ជំនាញពេទ្យសត្វនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ខឹម ធី បានយកបទពិសោធទាំងនេះមកអនុវត្តផ្ទាល់ក្នុងការងារបច្ចុប្បន្ន។

 
មានស្រុកកំណើតនៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ខឹម ធី បច្ចុប្បន្ន ជាបុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនឯកជនមួយ។ ក្រោយត្រឡប់ពីអ៊ីស្រាអែល និងបញ្ចប់ការសិក្សាផ្នែកពេទ្យសត្វនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ខឹម ធី បានយកជំនាញ និងបទពិសោធទាំងនោះ ទៅអនុវត្តក្នុងការងារនៅក្រុមហ៊ុនុមួយដែលទាក់ទងនឹងទីផ្សារសត្វ។
 
អតីតនិស្សិតកសិកម្មជំនាញពេទ្យសត្វរូបនេះ ធ្លាប់ឆ្លងកាត់ការងារហាត់ការនៅប្រទេសអ៊ីស្រាអែលរយៈពេល១១ខែ ដែលធ្វើឲ្យលោកទទួលបានបទពិសោធច្រើនទាំងបច្ចេកទេសកសិកម្ម និងការគ្រប់ទីផ្សារ ដើម្បីមកអនុវត្តផ្ទាល់ក្នុងការងារប្រចាំថ្ងៃ។ លោក ខឹម ធី ប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះ៖ «កាលហាត់ការនៅអ៊ីស្រាអែលក្នុងមួយអាទិត្យយើងបានរៀនតែមួយថ្ងៃទេ ហើយត្រូវធ្វើការប្រាំមួយថ្ងៃក្នុងចំការក្រូចនិងសួនបន្លែ។ ការងារបច្ចុប្បន្នទាក់ទងជំនាញនៅសាលាច្រើនជាង តែក៏បានយករបៀបនៃការគ្រប់គ្រងទីផ្សារ និងយុទ្ធសាស្រ្តនៃការលក់ ដែលបានរៀនមកអនុវត្តផ្ទាល់បាន៦០ហើយ»។


លោក ខឹម ធី​(រូបផ្ដល់ឲ្យ)
 
តាមរយៈបទពិសោធហាត់ការនៅប្រទេសអ៊ីស្រាអែល បានជំរុញឲ្យលោក ខឹម ធី មានផែនការរយៈពេល៥ឆ្នាំខាងមុខ ដោយបង្កើតកសិដ្ឋានចិញ្ចឹមសត្វដោយខ្លួនឯង។ ដ្បិតគោលដៅរបស់លោក ខឹម ធី នៅ៥ឆ្នាំទៀត តែយុវជនរូបនេះ អះអាងថា វាមិនយូរនោះទេ ព្រោះចង់ដកស្រង់បទពិសោធឲ្យបានច្រើនជាងនេះ ពិសេសទាក់ទងទីផ្សារសត្វរស់ក្នុងស្រុកបច្ចុប្បន្ន។
 
បុរសវ័យ២៩ឆ្នាំរូបនេះ លើកឡើងថា៖ «និស្សិតដែលទៅហាត់ការនៅអ៊ីស្រាអែលអាចមិនត្រឹមតែអាចស្វែងយល់ពីបច្ចេកទេសទំនើបនៃការដាំដុះ ផ្នែកចិញ្ចឹមសត្វ ក៏ដឹងពីយុទ្ធសាស្រ្តទីផ្សារកសិកម្មក៏ដូចជាការដឹកនាំរបស់ប្រទេសគេផងដែរ។ ម្យ៉ាងធ្វើឲ្យនិស្សិតទទួលបានបទពិសោធថ្មីក្នុងជីវិតដែលមិនធ្លាប់បានសិក្សាក្នុងសាលា»។ 
 
លោក ខឹម ធី បានចូលសិក្សាជំនាញពេទ្យសត្វនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងឆ្នាំ២០១១។ នៅឆ្នាំ២០១៤ លោកបានជាប់ឈ្មោះទៅហាត់ការនៅប្រទេសអ៊ីស្រាអែលជាមួយនិស្សិតកសិកម្មផ្សេងទៀត។ ទោះបីការរស់នៅ និងអាកាសធាតុនៅប្រទេសអ៊ីស្រាអែល មានផលលំបាកជាងកម្ពុជា តែអតីតនិស្សិតពេទ្យសត្វរូបនេះ ចង់ឲ្យនិស្សិតកសិកម្ម ទៅហាត់ការនៅទីនោះ បើមានឱកាស ព្រោះអាចទទួលបានបទពិសោធច្រើនទាំងផ្នែកកសិកម្ម និងការរស់នៅ។
 
សូមបញ្ជាក់ថាឆ្នាំ២០២០កន្លងមកនេះកម្ពុជាបានបញ្ជូននិស្សិតកសិកម្មប្រមាណជាង ១ពាន់នាក់ទៅសិក្សានិងធ្វើនៅប្រទេសអ៊ីស្រាអែល ភាគច្រើនជានិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គិតចាប់ពីឆ្នាំ២០០៨ មកកម្ពុជាបានបញ្ជូននិស្សិតទៅសិក្សានិងធ្វើការនៅអ៊ីស្រាអែល រាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបទពិសោធ ទាំងទ្រឹស្ដី និងការអនុវត្តលើផ្នែកកសិកម្ម។
 
សម្រាប់និស្សិតដែលសាលាបញ្ជូនទៅហាត់ការនៅប្រទេសអ៊ីស្រាអែល ជានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យកសិកម្ម និងជានិស្សិតឆ្នាំទី៣។ ក្រោយបញ្ចប់ការហាត់ការនៅទីនោះរយៈពេល ១១ខែនិស្សិតបានយល់ដឹងពីបច្ចេកទេសកសិកម្ម និងបទពិសោធការងារជាច្រើនទាក់ទងនឹងកសិកម្ម ដែលអាចឲ្យនិស្សិតអាចដកស្រង់មកអនុវត្តផ្ទាល់ក្នុងជីវិតនិងការងារបច្ចុប្បន្ន៕
 


លោក ខឹម ធី និងក្រុមនិស្សិតនាឱកាសហាត់ការនៅប្រទេសអ៊ីស្រាអែល


លោក ខឹម ធី(អង្គុយមុខគេ) និងក្រុមនិស្សិតផ្នែកពេទ្យសត្វ


Tag:
 និស្សិតកសិកម្ម
 ភូមិន្ទកសិកម្ម
 ខឹម ធី
 ពេទ្យសត្វ
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com