សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា៖ «ទុន ទីផ្សារ និងបច្ចេកទេស នៅតែជាបញ្ហាកសិករដែលត្រូវដោះស្រាយ»
ជាតិ
សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា៖ «ទុន ទីផ្សារ និងបច្ចេកទេស នៅតែជាបញ្ហាកសិករដែលត្រូវដោះស្រាយ»
14, Feb 2021 , 7:29 pm        
រូបភាព
ភ្នំពេញ៖ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា គឺជាស្ថាប័នមួយដែលមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល បង្កើតឡើងនៅឆ្នាំ២០១៩ ដើម្បីគ្រប់គ្រងសហគមន៍កសិកម្មនៅកម្ពុជា និងដោះស្រាយបញ្ហាដល់កសិករ។ បច្ចុប្បន្នសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា មានសមាជិកចំនួនជិត ១,២០០សហគមន៍កសិកម្មទូទាំងប្រទេស។ នេះបើតាមលោក ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

 
លោក ហង់ សុគន្ធ  ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លើកឡើងថា បច្ចុប្បន្នកសិករនៅជួបបញ្ហាជាច្រើន គឺការខ្វះទុន ហើយការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុនៅតែជាបញ្ហាប្រឈមធំបំផុតរបស់កសិករ។ លោក ហង់ សុគន្ធ  បញ្ជាក់យ៉ាងដូច្នេះ៖«ទុន បញ្ហាទីផ្សារ និងបច្ចេកទេសនៅតែជាបញ្ហារបស់កសិករ តែកសិករក៏មានបញ្ហាប្រឈមធំបំផុតមួយទៀតគឺការទទួលកម្ចីពីស្ថាប័នហិរញ្ញវត្ថុដែលមានការប្រាក់ខ្ពស់»។
 
«ការងារដែលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ត្រូវធ្វើគឺសម្រួលដល់កសិករមានភាពងាយស្រួល ដោយទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប ដើម្បីឲ្យកសិករមានលទ្ធភាពទិញគ្រឿងយន្តកសិកម្ម និងរក្សាស្ថិរភាពទីផ្សារជូនកសិករ។ សម្ព័ន្ធសហគមន៍មានបំណងចង់ឲ្យកសិករក្លាយខ្លួនទៅជាអាជីវកម្ម»។ នេះជាការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។
 
លោក ហង់ សុគន្ធ សង្កេតឃើញថាវិស័យកសិកម្មស្ថិតក្នុងហានិភ័យខ្ពស់។ លោក ពន្យល់បែបនេះ៖ «យើងដឹងហើយថាវិស័យកសិកម្មស្ថិតក្នុងហានិភ័យខ្ពស់ ព្រោះការធ្វើកសិកម្មនៅតែពឹងផ្អែកលើកត្តាធម្មជាតិនៅឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ និងធ្វើឲ្យសហគមន៍កសិកម្មរឹងមាំត្រូវមានការចូលរួមពីដៃគូសហការ នៅតាមវិស័យផ្សេងៗដែលពាក់ព័ន្ធ។ ប៉ុន្តែស្របជាមួយគ្នានោះកសិករផ្ទាល់ក៏ត្រូវ រក្សាភាពស្មោះត្រង់ ប្រកាន់គោលជំហរ និងគោរពតាមគោលការណ៍របស់សហគមន៍»។
 
ដោយសារមើលឃើញពីបញ្ហាទីផ្សារ នៅតែកើតមានចំពោះកសិករ លោក វ៉ា កុរ៉ា អគ្គនាយកក្រុមហ៊ុន SpaciaNet ជាក្រុមហ៊ុនលក់ផលិតផលកសិកម្មលើបណ្ដាញអ៊ីនធើណិត ប្រាប់សារព័ត៌មានThmeyThmey25ថា៖«ខ្ញុំចង់ចូលរួមដោះស្រាយបញ្ហាជូនកសិករ និងចង់ឲ្យអ្នកបរិភោគទទួលបានបន្លែដែលកសិករក្នុងស្រុកដាំផ្ទាល់ ជាដំណាក់កាលដំបូងខ្ញុំផ្ដោតសំខាន់លើពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ទាក់ទងនឹងតម្លៃមិនថោក តែក៏មិនថ្លៃ គឺស្ថិតក្នុងតម្លៃមួយអាចទទួលយកបាន ព្រោះយើងធ្វើឲ្យផលិតផលមានស្ដង់ដារ»។ លោក វ៉ា កុរ៉ា សង្ឃឹមថាតាមរយៈសកម្មភាពរបស់លោក នឹងអាចជាផ្នែកមួយជួយដល់កសិករ និងអាចកែប្រែសេដ្ឋកិច្ចគ្រួសារកសិករផងដែរ។
 
ទាក់ទិនបញ្ហានេះដែរលោក ប៊ុន វ័ត្ថា ប្រធានសហគមន៍កសិកម្មពេជ្រចិន្ដា ស្ថិតនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានលើកឡើងថា បច្ចុប្បន្នបញ្ហាទីផ្សារ បច្ចេកទេស និងទុន នៅតែជាបញ្ហាសម្រាប់សហគមន៍កសិកម្មលោក។ លោកនិយាយយ៉ាងដូច្នេះ៖«ទោះបច្ចុប្បន្នកសិករយល់ដឹងច្រើនពីការដាំដុះគ្មានសារធាតុគីមី តែបច្ចេកទេសដាំដុះរបស់កសិករនៅមានកម្រិតនៅឡើយ។ មួយវិញទៀតកសិករនៅខ្វះទុនដើម្បីពង្រីកការដាំដុះ ហើយកម្ចីដែលកសិករខ្ចីពីស្ថាប័នហិរញ្ញវត្ថុនៅមានអត្រាការប្រាក់ខ្ពស់ និងត្រូវរង់ចាំពេលយូរទម្រាំទទួលបានប្រាក់យកមកប្រើប្រាស់»។
 
សម្រាប់បញ្ហារបស់សហគមន៍កសិកម្មកម្ពុជា មិនសូវជាខុសគ្នានោះទេនាពេលបច្ចុប្បន្ន ដោយឡែកសហគមន៍បន្លែសុវត្ថិភាពតាសីសាមគ្គី ស្ថិតនៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏មានបញ្ហាដូចសហមន៍កសិកម្មពេជ្រចិន្ដាដែរ។ លោក ណុប នុន ប្រធានសហគមន៍បន្លែសុវត្ថិភាពតាសីសាមគ្គី បានលើកឡើងថា ទោះបីបច្ចុប្បន្នបញ្ហាទីផ្សារ អាចដោះស្រាយបានខ្លះៗតែនៅតែជាបញ្ហាប្រឈមនៅឡើយ។
 
លោក ណុប នុន ប្រាប់យ៉ាងដូច្នេះ៖«បញ្ហាទីផ្សារយើងនៅតែជួប តែវាក៏ប្រសើរជាងពេលមិនទាន់បង្កើតសហគមន៍។ សម្រាប់បច្ចេកទេសនិងទុន នៅតែជាបញ្ហាចម្បង មិនថាក្នុងសហគមន៍ខ្ញុំ ឬសហគមន៍ផ្សេង»។ ត្រង់ចំណុចនេះលោក ណុប នុន ក៏បានស្នើដល់ស្ថាប័នហិរញ្ញវត្ថុជួយសម្រួលដល់កសិករ បង្កើនភាពងាយស្រួលដល់កសិករដើម្បីទទួលបានប្រាក់កម្ចី និងផ្ដល់អត្រាការប្រាក់ទាបដល់កសិករជាដើម៕





Tag:
 ទុន
 ទីផ្សារ
 SME
 សហគមន៍កសិកម្មពេជ្រចិន្ដា
 សហគមន៍បន្លែសុវត្ថិភាពតាសីសាមគ្គី
© រក្សាសិទ្ធិដោយ thmeythmey.com