ជាតិ
អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលប្រាសាទគោកចក អាយុកាលជាងមួយពាន់ឆ្នាំ
14, Feb 2021 , 7:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ តួប៉មចំនួនពីរ នៃប្រាសាទគោកចក បែរមុខទៅទិសខាងកើត ដែលប្រឈមនឹងការខូចខាតកម្រិតខ្ពស់ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងការជួសជុល នៅថ្ងៃទី ១០ ខែកុម្ភៈនេះ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈនេះ។


 
កន្លងមកតួប៉មទាំងពីរនៃប្រាសាទគោកចក រងការបំផ្លាញដោយសារឫសឈើតូចធំ ដែលមានដើមដោះលើតួប៉ម បណ្ដាលឲ្យជញ្ជាំងបែកជាពីរ។ ម៉្យាងវិញ កត្តាអាយុកាលចំណាស់របស់សំណង់ កត្តាមនុស្ស និងអាកាសធាតុ ក៏រួមចំណែកធ្វើឲ្យសំណង់ប្រាសាទខូចខាតដែរ។  
 
អ្នកស្រី ឈុន រតនា បុរាណវិទូ និងជាប្រធានគម្រោងអភិរក្សប្រាសាទគោកចក នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លើកឡើងថា កិច្ចការជួសជុលប្រាសាទឥដ្ឋអាយុកាលជាងមួយពាន់ឆ្នាំនេះ ត្រូវបានក្រុមការងារជួសជុល ពង្រឹងរចនាសម្ព័ន្ធឡើងវិញ ដោយរើឥដ្ឋពុកផុយ និងឥដ្ឋបង្កគ្រោះថ្នាក់ចេញ ជំនួសដោយឥដ្ឋថ្មីមួយចំនួនក្នុងករណីចាំបាច់ ដើម្បីបង្កើនភាពមាំនៃតួប្រាសាទ ព្រមទាំងដកស្មៅ សម្អាតរុក្ខជាតិតូចធំដុះលើប្រាសាទ និងផ្លុំកំណកដីចេញពីស្រទាប់ឥដ្ឋផងដែរ។ 
 
ក្នុងកិច្ចការជួសជុលនេះ ក្រុមការងារក៏បានបិទភ្ជិតរន្ធតូចធំ ដែលអាចឲ្យទឹកដក់ ឬជ្រាបចូលទៅក្នុងរចនាសម្ពន្ធប្រាសាទ អាចធ្វើឲ្យប្រាសាទឆាប់ពុកផុយ។ នេះជាការលើកឡើងរបស់អ្នកស្រី ឈុន រតនា ដោយ បន្ថែមថា  រាល់ការជួសជុល ក៏ត្រូវបានគោរពតាមបទដ្ឋានជួសជុលក្នុងតំបន់អង្គរ ការប្រើប្រាស់ និងបច្ចេកទេសបុរាណ និងត្រឹមត្រូវតាមទម្រង់ដើមនៃប្រាសាទ។
 
បើតាមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា ការជួសជុលប្រាសាទគោកចក គឺធ្វើឡើងជាប្រចំា ដោយជួសជុលបន្ថែមនៅជញ្ជាំងខាងជើង និងទិសពាយ័ព្យនៃតួប៉មខាងជើង ដើម្បីទប់ស្កាត់ភាពចាស់ទ្រុឌទ្រោមនេះ។ កាលពីឆ្នាំ២០១៥ ក្រុមការងារបានជួសជុលតួប៉មខាងត្បូងដែលរលុះ នៅផ្នែកខាងមុខ និងជញ្ជាំងខាងត្បូងរួចមកហើយ។ ដោយឡែកឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានបញ្ចប់ការជួសជុល តួប៉មខាងជើង ដែលរលុះនៅជ្រុងនិរតី។
 
សូមជម្រាបថា ប្រាសាទគោកចក មានអាយុកាលជាងមួយពាន់ឆ្នាំ។ បើតាមអាជ្ញាធរជាតិអប្សរា យោងតាមសិលាចារឹកប្រាសាទគោកចក (K.521) បង្ហាញថា សំណង់ប្រាសាទគោកចកនេះ កសាងឡើងឆ្នាំ៨៥០ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រះនរាយណ៍៕

រូបភាពពី ហ្វេសប៊ុកផេក អាជ្ញាធរជាតិអប្សរា៖
 








Tag:
 ThmeyThmey25
  អជ្ញាធរជាតិអប្សរា
  ប្រាសាទគោកចក
© រក្សាសិទ្ធិដោយ thmeythmey.com