ចូលឆ្នាំចិន២ថ្ងៃនេះ មានទេសចរដើរកម្សាន្ត ប្រមាណ៦០ម៉ឺននាក់
ជាតិ
ចូលឆ្នាំចិន២ថ្ងៃនេះ មានទេសចរដើរកម្សាន្ត ប្រមាណ៦០ម៉ឺននាក់
14, Feb 2021 , 4:59 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ភ្នំពេញ៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន   មានភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ បានដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

 
បើតាម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានមានប្រសាសន៍នៅទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ថា រាជធានីភ្នំពេញ មានអ្នកទេសចរដើរកម្សាន្ត ជាង១០ម៉ឺននាក់, សៀមរាប ៧ម៉ឺននាក់, កែប៦.៥ម៉ឺននាក់, ព្រះសីហនុ៦ម៉ឺននាក់, កំពត ៥.៩ម៉ឺននាក់, បាត់ដំបង ៤.៩ម៉ឺននាក់, កណ្តាល៤.៣ម៉ឺននាក់, កោះកុងជាង២ម៉ឺននាក់, ពោធិ៍សាត់ ១.៥ម៉ឺននាក់ និងខេត្តក្រចេះមានប្រមាណ១ម៉ឺននាក់។
 
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅថ្ងៃទីពីរមានសន្ទុះច្រើនជាងថ្ងៃទីមួយ និងបានជ្រើសរើសការដើរកម្សាន្ត នៅតាមគោលដៅដែលនៅជិតផ្ទះរបស់ខ្លួន ជាងការធ្វើដំណើរទៅឆ្ងាយ។ ទោះជាយ៉ាងនេះក្តី ក៏មានពលរដ្ឋមួយចំនួន នៅតែមានការធ្វើដំណើរកម្សាន្តនៅតាមបណ្ដាខេត្តផ្សេងៗ ដោយខេត្តកំពតក៏ជាគោលដៅទាក់ទាញជាងគេសម្រាប់អ្នកទេសចរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តក្រសួងទេសចរណ៍។
 
ស្របពេលមានលំហូរទេសចរណ៍ច្រើនដូច្នេះ អាជ្ញាធរមូលដ្ឋាន ក៏បានរឹតបន្តឹងពីវិធានការការពារជំងឺកូវីដ-១៩ នៅតាមគោលដៅទេសចរណ៍នីមួយៗ ក៏ដូចជាការងារគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ទេសចរផងដែរ៕
 

Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com