ជាតិ
សេដ្ឋកិច្ច
ទោះចាយទុនខ្ពស់ កសិករ ប៉ែន អាន សាកល្បងដាំឪឡឹកលឿងផ្គត់ផ្គង់ទីផ្សារក្នុងខេត្តសៀមរាប
15, Feb 2021 , 8:29 am        
រូបភាព
សៀមរាប៖ លោក ប៉ែន អាន ជាកសិករដាំឪឡឹកលឿងក្នុងស្រុកបន្ទាយស្រី។ ខុសពីកសិករដទៃ ដែលនិយមដាំឪឡឹកក្រហម កសិករ ប៉ែន អាន សាកល្បងដាំឪឡឹកលឿង ព្រោះសម្លឹងឃើញទីផ្សារល្អក្នុងខេត្តសៀមរាប។ បច្ចេកទេសដាំមិនខុសគ្នាពីការដាំឪឡឹកក្រហមប៉ុន្មានទេ គឺទាមទារការមើលថែ និងប្រព័ន្ធទឹកត្រឹមត្រូវ ដើម្បីឱ្យឪឡឹកលូតលាស់បានល្អ និងមានផ្លែធំៗ។ យ៉ាងណា ឪឡឹកលឿង ត្រូវចាយទុនច្រើនជាងឪឡឹកធម្មតា រហូតដល់ទៅជាង៣ដង ពិសេសលើការទិញគ្រាប់មកដាំ។


 
កសិករ ប៉ែន អាន បានសាកល្បងដាំឪឡឹកលឿង បានម្ដងរួចមកហើយអំឡុងខែតុលា និងកំពុងប្រមូលផលលើកទី២ ក្នុងខែកុម្ភៈនេះ នៅលើផ្ទៃដីប្រមាណមួយហិកតា គឺលើដីស្រែដែលប្រមូលផលរួច ស្ថិតក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី។  លោក ប៉ែន អាន បានឱ្យដឹងថា ទិន្នផលឪឡឹកក្រហមនិងលឿង មិនសូវខុសគ្នាប៉ុន្មានទេ តែទីផ្សារឪឡឹកលឿង បានតម្លៃខ្ពស់ជាងរហូតដល់ទៅ៣ដងឯណោះ ហើយគេនិយមហូបព្រោះវាមាឱជារសឆ្ងាញ់ជាងឪឡឹកធម្មតា។
 
កសិកររូបនេះរំលឹកថា៖«ខ្ញុំចង់ដាំសាក ព្រោះនឹកឃើញថា ទីផ្សារវាល្អ ទោះគ្រាប់វាថ្លៃតែយើងលក់បានថ្លៃ បើឪឡឹកក្រហមដូចគ្នា ផ្លែប៉ុនគ្នា យើងបានតែ៣ពាន់ទេមួយផ្លែ តែអានេះ(លឿង) យើងថ្លឹងគីឡូ (មួយគីឡូតម្លៃ៤ពាន់រៀល) អាចលក់បានមួយម៉ឺន (ក្នុងមួយផ្លែ) ខុសពីមួយគុណនឹងបី»។
 
យ៉ាងណាក្ដី បើតាមការបញ្ជាក់ពីកសិករ ប៉ែន អាន គ្រាប់ពូជឪឡឹកលឿងមានតម្លៃថ្លៃ គឺខុសពីឪឡឹកធម្មតារហូតដល់ទៅជាង៣ដង។ ក្នុងផ្ទៃដីមួយហិកតា លោក ប៉ែន អាន ត្រូវចំណាយទុនប្រមាណជាង៩លានក្នុងការដាំឪឡឹកលឿង។ សម្រាប់ឪឡឹកនេះ គឺប្រើពេលចាប់ពីដាំរហូតដល់ទទួលផល ចាប់ពី៦០ទៅ៦៤ថ្ងៃ។
 
លោក ហេង ពិសិដ្ឋ មន្រ្តីនៃរដ្ឋបាលស្រុកបន្ទាយស្រី លើកឡើងថា រដ្ឋបាលស្រុកតែងជំរុញលើកទឹកចិត្ដដល់កសិករ ងាកមកដាំដុះផ្លែឈើនិងបន្លែដែលមានតម្រូវការទីផ្សារខ្ពស់ តួយ៉ាងឪឡឹកលឿងនេះជាដើម។ លោក ហេង ពិសិដ្ឋ បន្ថែមថា រដ្ឋបាលស្រុកបានសហការជាមួយកសិករ លោក ប៉ែន អាន ដោយក្នុងនោះរដ្ឋបាលស្រុកបានផ្តល់ទុនសម្រាប់ការដាំនេះ ដែលជាការដាំបង្ហាញដល់កសិករឯទៀតឱ្យបានឃើញពីសក្កានុពលឪឡឹកលឿង ដែលមានទីផ្សារល្អសម្រាប់ខេត្តសៀមរាប។ យ៉ាងណា មន្រ្តីរូបនេះទទួលស្គាល់ថា ការដាំឪឡឹកលឿងត្រូវចាយទុនច្រើនបន្ដិចក្ដី តែវាចំណេញច្រើនជាងដាំដំណាំផ្សេងៗ។ បើប្រៀបធៀបការដាំស្រូវនៅលើផ្ទៃដីដូចគ្នា ឪឡឹកលឿងអាចចំណេញពី៨លានទៅ១០លាន រីឯស្រូវក្រោយកាត់ចំណាយហើយនៅសល់ខ្ទង់២លានតែប៉ុណ្ណោះ៕










រូបភាពរដ្ឋបាលស្រុកបន្ទាយស្រី


Tag:
 ឪឡឹកលឿង
  បន្ទាយស្រី
  ព្រះដាក់
© រក្សាសិទ្ធិដោយ thmeythmey.com