COVID-19
ជាតិ
នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​បង្កើន​ប្រាក់​ពិន័យ​លើសពី​១​លាន​រៀល លើ​អ្នក​បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក
15, Feb 2021 , 12:59 pm        
រូបភាព
កន្លែងធ្វើចត្តាឡីស័កមួយ នៅខេត្តបន្ទាយមានជ័យ (រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ)
កន្លែងធ្វើចត្តាឡីស័កមួយ នៅខេត្តបន្ទាយមានជ័យ (រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ)
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​យុត្តិធម៌ ឲ្យ​សិក្សា​រួមគ្នា​ពី​ការកែតម្រូវ​អនុក្រឹត្យ​មួយ ពាក់ព័ន្ធ​នឹង​ការពិន័យ​ប្រាក់លើ​ជន ដែលល្មើស​នឹង​វិធានការ​ច​ត្តា​ឡី​ស័ក​។ បំណង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី គឺ​ចង់​ឲ្យបង្កើន​ប្រាក់​ពិន័យ​ឲ្យ​លើសពី​១​លាន​រៀល លើ​ជន ដែលល្មើស​នឹង​វិធានការ​ច​ត្តា​ឡី​ស័ក ខណៈ​អនុក្រឹត្យ​បច្ចុប្បន្ន ពិន័យ​ត្រឹមតែ​២​សែន​រៀល ដល់​១​លាន​រៀល​។



​បញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ធ្វើឡើង​តាមរយៈ​សារ​ជា​សំឡេង​ប្រមាណ​កន្លះ​ម៉ោង បញ្ជូន​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ណែនាំ​ឲ្យ​បន្ត​ពង្រឹង​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នក​ដែល​ចូលមក​កម្ពុជា ជាពិសេស​សំដៅលើ​ប្រជាពលរដ្ឋ ដែល​ឆ្លងដែន​ពី​ថៃ វៀតណាម និង ឡាវ ចូលមក​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​រាល​ដាលជំងឺ​កូ​វីដ​-១៩​។ សំឡេង​របស់​សម្តេច ត្រូវបាន​ចែករំលែក​តៗ​គ្នា​នៅតាម​បណ្តាញ​ទំនាក់​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។ 
 
​សម្តេច​ប្រមុខ​រដ្ឋាភិបាល សង្កេតឃើញថា នៅតែមាន​អ្នក​ឆ្លងដែន​ចូលមក​កម្ពុជា បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក ដោយ​អ្នកខ្លះ បាន​រត់គេច​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​។ សម្តេច យល់ថា ការពិន័យ​ពី​២​សែន​រៀល​ទៅ​១​លាន គឺ​ច្រើន​សម្រាប់​អ្នកមាន​ជីវភាព​ខ្វះខាត តែ​មិនសូវ​ច្រើន​ប៉ុន្មាន​ឡើយ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធា ដូច្នេះ វា ជាហេតុ​មួយ ដែល​ធ្វើ​ឲ្យ​អ្នកមាន​ជីវភាព​ធូរធា​ខ្លះ មិន​ខ្លា​ចនឹង​ការបង់ប្រាក់​ពិន័យ ពេល​ពួកគេ បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក​។ 
 
​ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា​៖«​យើង ត្រូវតែ​ធ្វើ ដើម្បី​ពង្រឹង​អនុវត្ត​វិធានការ សម្រាប់​ការពារ​សុខភាព​របស់​ប្រជាជន​យើង​»​។ 
 
​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល ពុំបាន​ណែនាំ​ទៅ​រដ្ឋមន្ត្រី​ទាំង​២ ឲ្យ​កំណត់​ទំហំ​ប្រាក់​ពិន័យ​ខ្ពស់បំផុត​ចំនួន​ប៉ុន្មាន​នោះទេ ចំពោះ​អ្នក​បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក​។ 
 
​កន្លងមក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ណឹ​ង​រួចហើយ ថា អ្នក​បំពាន់​វិធានការ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ពិន័យ​ពី​២​សែន​រៀល ទៅ​១​លាន​រៀល ហើយក៏​ធ្លាប់មាន​អ្នក ដែល​ត្រូវ​ពិន័យ​ប្រាក់​ដែរ ដោយសារតែ​ការបំពាន​វិធានការ​ច​ត្តា​ឡី​ស័ក​។ ជាក់ស្តែង កាលពី​ខែកក្កដា ឆ្នាំ​២០២០ មាន​ស្ត្រី​ខ្មែរ​-​អាមេរិក​ម្នាក់ ត្រូវ​ពិន័យ​ប្រាក់​១​លាន​រៀល ដោយសារតែ​លួច​រត់​ចេញពី​បន្ទប់​ច​ត្តា​ឡី​ស័ក ខណៈ​ស្ត្រី​រូបនោះ ស្ថិតក្នុង​អំឡុងពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​៕ 
 

Tag:
 COVID-19
  ពិន័យ​ប្រាក់​
  ច​ត្តា​ឡី​ស័ក​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com