ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​ដក​ស័ក្តិ​មន្ត្រី​ណា ដែល​ដោះលែង​មេខ្លោង នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង​
15, Feb 2021 , 11:45 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ព្រមាន​ដក​ស័ក្តិ និង​បណ្ដេញ​មន្ត្រី​ណា ដែល​ដោះលែង​មេខ្លោង នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង​ខុសច្បាប់​។ សម្ដេច ព្រមាន​បែបនេះ ក្រោយពី​មាន​ពលរដ្ឋ​នាំគ្នា គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​នាំគ្នា​សម្រុក​ធ្វើដំណើរ​តាម​ច្រករបៀង​តាម​ព្រំដែន​។​



​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​តឹងរឹង​លើ​មេខ្លោង​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការជួញដូរ​មនុស្ស​។ សម្ដេច ក៏​បញ្ជា​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​មេខ្លោង ដែល​ត្រូវ​ចាប់បាន​ផងដែរ ដោយ​គ្មាន​ការលើកលែង​ឡើយ​។​
 
​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ព្រមាន​ដក​ស័ក្តិ និង​បណ្ដេញ​មន្ត្រី​ណា ដែល​ហ៊ាន​រត់ការ​ដោះលែង​មេខ្លោង នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង​ខុសច្បាប់​។ តាមរយៈ​សារ​សំឡេង​ជិត​៣០​នាទី នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទាក់ទិន​នឹង​ការចាប់​បាន​ពួក​ធ្វើ​សកម្មភាព , ចាប់បាន​ពួក​អ្នក​នាំ​ផ្លូវ​ហើយ បែរជា​ដោះលែង​ទៅវិញ ដែល​អាច​នាំទៅដល់​ការដក​ឋានន្តរស័ក្តិ ឬ​បណ្ដេញ​ចេញពី​ជួរ​តែម្ដង នូវ​មន្ត្រីនគរបាល​ណា ដែល​អនុវត្ត​ខុសឆ្គង​ទៅនឹង​វិធានការ​ទាំងឡាយ​នៃ​ការរត់ពន្ធ​មនុស្ស​…»​។​
 
​មូលហេតុ​ដែលនាំឱ្យ​សម្ដេច ហ៊ុន សែន ព្រមាន​មន្ត្រីនគរបាល​នេះ ដោយសារ​សម្ដេច ទទួលបាន​ព័ត៌មាន​ថា មាន​មន្ត្រី​នៅ​ច្រកព្រំដែន នៅ​ខេត្តបាត់ដំបង បាន​ដោះលែង​ក្រុម​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​គេចវេះ ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។​
 
«​ក្រៅពីនោះ​ខ្ញុំ​សូម​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងអស់​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ពួក​មេខ្លោង​ដែល​បាន​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន​ដោយ​គេច​ផុតពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​ថៃ វៀតណាម និង​ឡាវ សហការគ្នា​យ៉ាង​ជិតស្និទ ដោយ​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង ដែល​នាំ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ពលករ​ខ្មែរ​ម្នាក់​មកពី​ថៃ បាន​ជាន់មីន​ដាច់​ជើង ដោយសារ​ធ្វើដំណើរ​ក្នុងព្រៃ​តាម​ច្រករបៀង ដើម្បី​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកុម្ភៈ មាន​ពលករ​ឆ្លង​ពី​ថៃ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣៥,៦៦៥​នាក់​។ ក្នុងនោះ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ទាំង​៧ មាន​ចំនួន ១១,៨៥៧​នាក់​។​ចំពោះ​ពលករ​មក​ថៃ​នេះ ត្រូវបាន​ក្រសួងសុខាភិបាល រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៨៩​នាក់​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៥ កុម្ភៈ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៧៩​នាក់​។ ក្នុងនោះ​មាន​៤៦៩​នាក់ និង​១០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​៕

Tag:
 ហ៊ុន សែន
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com