អន្តរជាតិ
ជីវិត​នយោបាយ​លោក ត្រាំ អាច​ដល់​ផ្លូវ​ទាល់ បើទោះបី​ព្រឹទ្ធសភា​កាត់ក្តី​ឱ្យ​រួចខ្លួន​
15, Feb 2021 , 11:59 am        
រូបភាព
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ រូបថត AFP
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ រូបថត AFP
ដោយ:
​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ពុំ​អាច​រក​សំឡេង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លោក​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពីបទ​ញុះញង់​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ឡើយ ដោយ​សមាជិក​បក្ស​សាធារណរដ្ឋ​ភាគច្រើន បោះឆ្នោត​ជំទាស់ ដែល​ធ្វើឱ្យ​លោក​រួចខ្លួន​ជា​លើក​ទី​ពីរ​។ ប៉ុន្តែ​ជីវិត​នយោបាយ​របស់លោក ត្រាំ ក៏​ទំនងជា​មិនល្អ​ដែរ​ក្រោយ​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ទៅហើយនោះ​។​

 
​សវនាការ​កាត់ក្តី​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើ​សំណុំរឿង​ញុះញង់ ធ្វើឡើង​ត្រឹម​៥​ថ្ងៃ​ប៉ុណ្ណោះ​។ ព្រឹទ្ធសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ ពុំ​អាច​រក​សំឡេងគាំទ្រ​២​ភាគ​៣ ឬ​៦៧​សំឡេង​ដើម្បី​ដាក់​កំហុស​លើ​លោក ត្រាំ ឡើយ​។ សមាជិក​ព្រឹទ្ធសភា​៥៧​រូប ដែល​ក្នុងនោះ​មាន​៧​រូប​មកពី​បក្ស​សាធារណរដ្ឋ​បោះឆ្នោត​ចោទប្រកាន់ ខណៈ​៤៣​ទៀត​ជំទាស់​។​
 
 
​លោក ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​តែមួយគត់​ដែល​ត្រូវ​សភា​តំណាង​ដកតំណែង​ចំនួន​ពីរដង​ពេល​កំពុង​កាន់អំណាច​។ ក្នុង​ប្រវត្តិ​នយោបាយ​អាមេរិក សភា​តំណាង និង​ព្រឹទ្ធសភា​អាមេរិក​ធ្លាប់បាន​ដកតំណែង និង​កាត់ក្តី​ប្រធានាធិបតី​ត្រឹមតែ​៤​ដង​ប៉ុណ្ណោះ ហើយ​មកទល់ពេលនេះ​ពុំមាន​ប្រធានាធិបតី​រូប​ណា​ត្រូវបាន​ចោទប្រកាន់ និង​បណ្តេញ​ចេញពី​អំណាច​ឡើយ​។​
 
«​ប្រធានាធិបតី ត្រាំ ត្រូវតែ​រង​ការចោទប្រកាន់​ដើម្បី​សុវត្ថិភាព និង​ប្រជាធិបតេយ្យ​នៃ​ពលរដ្ឋ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​មា​ជិ​ក​សភា​តំណាង Jaime Raskin ដែលមាន​នាទី​ជា​រដ្ឋអាជ្ញា​នាំមុខ​។ លោក​Raskin អះអាងថា បើ​អ្វីដែល​លោក ត្រាំ បាន​ប្រព្រឹត្ត​មិនត្រូវ​បានចាត់ទុក​ជាប​ទ​ល្មើស នោះ​គ្មានអ្វី​អាច​ត្រូវ​ចាត់ទុកជា​បទល្មើស​ឡើយ​។ លោក​ព្រមាន​ថា បើ​លោក ត្រាំ កាន់តំណែង​ម្តងទៀត នោះ​សមាជិក​ព្រឹទ្ធសភា​គ្មាន​អ្នកណា​ត្រូវ​បន្ទោស​ក្រៅតែពី​ខ្លួនឯង​ឡើយ​។ 
 
​បើទោះជា​រួចខ្លួន​មែន ជីវភាព​នយោបាយ​រប​ស់លោក ត្រាំ ក្នុង​បក្ស​សាធារណរដ្ឋ​ប្រហែលជា​អាច​ដល់ទី​បញ្ចប់​។ បន្ថែម​ពីនេះ លោក​ក៏​អាច​រង​ការចោទប្រកាន់​ផ្សេងទៀត​ចំពោះ​ហេតុការណ៍​អុកឡុក​វិមាន​សភា​កាលពី​ថ្ងៃទី​៦ មករា​ផងដែ​។​
 
​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគតិច​ព្រឹទ្ធសភា និយាយថា​លោក ត្រាំ នៅតែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​លោក​បានធ្វើ​នៅពេល​កាន់អំណាច ហើយ​លោក​មិនទាន់​រួចខ្លួន​នៅឡើយ​ទេ​។ មេដឹកនាំ​សំឡេង​ភាគតិច​ដែល​បោះឆ្នោត​ជំទាស់​ការចោទប្រកាន់​អះអាងថា ព្រឹទ្ធសភា​ដែលជា​កន្លែង​កាត់ក្តី​លោក​ត្រាំ មិនមែនជា​អង្គជំនុំជម្រះ​ផ្នែក​សីលធម៌​ឡើយ តែ​អតីត​ប្រធានាធិបតី​រូបនេះ​នៅ​អាច​ត្រូវ​កាត់ទោស​ព្រហ្មទណ្ឌ​បាន​។​
 
​នា​ខែមករា លោក McConnell ធ្លាប់បាន​និយាយថា ការកាត់ទោស​ក្នុង​ព្រឹទ្ធសភា នឹងធ្វើ​ឱ្យ​បក្ស​របស់លោក​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការដក​អតីត​ប្រធានាធិបតី​រូបនេះ​ចេញពី​បក្ស​។ សមាជិក​ព្រឹទ្ធសភា​ឯទៀត​របស់​បក្ស​សាធារណរដ្ឋ ក៏​យល់​ស្រប់ទៅនឹង​ការលើកឡើង​បែបនេះ​ដែរ​។​
 
​បើតាម​សារព័ត៌មាន The Hill សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ម្នាក់​និយាយថា ចង់​ឬ​មិន​ចង់​បក្ស​ប្រជាធិបតេយ្យ​ជួយ​បក្ស​សាធារណរដ្ឋ​ក្នុងការ​ធ្វើឱ្យ​លោក​ត្រាំ​លែង​អាច​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ទៀត​បាន​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​មួយរូប​ទៀត និយាយថា ការកាត់ក្តី​នេះ​នឹង​នាំឱ្យ​បក្ស​សាធារណរដ្ឋ​ដកខ្លួន​ឈប់​ពាក់ព័ន្ធ​ជាមួយ​លោក ត្រាំ ទៀត​។ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​បក្ស​នេះ​មួយរូប​ផ្សេងទៀត ទទួលស្គាល់ថា​លោក ត្រាំ ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​បក្ស ព្រោះ​អ្នកគាំទ្រ​បក្ស​នេះ​មួយ​ភាគ​ធំ​នៅ​បន្ត​គាំទ្រ​លោក​ដដែល​។ 
 
​រួចខ្លួន​រឿង​នយោបាយ​មែន លោក ត្រាំ ក៏​អាច​នឹងរង​ការកាត់ទោស​លើ​រឿងក្តី​ទាក់ទង​នឹង​ជំនួញ​របស់លោក​ផងដែរ ព្រោះ​លែង​ទទួលបាន​អភ័យឯកសិទ្ធិ​ទៀតហើយ​។ លោក ត្រាំ កំពុង​ជំពាក់ជំពិន​ក្នុង​សំណុំរឿង​គេចពន្ធ បន្លំ​ប្រាក់​ធនាគារ  អំពើពុករលួយ បំពាន​ផ្លូវភេទ និង​បំពាន​ច្បាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ សំណុំរឿង​ទាំងនេះ សុទ្ធសឹងតែ​ស្ថិតក្នុង​ដៃ​តុលាការ​រដ្ឋ​នានា ក៏ដូចជា​តុលាការ​សហព័ន្ធ​។ 
 
​បន្ថែម​ពីនេះ លោក ត្រាំ ក៏​អាច​នឹង​ត្រូវបាន​កាត់ទោស​ចំពោះ​ការរារាំង​ដល់​ដំណើរការ​យុត្តិធម៌​តាមរយៈ​ការ​ជ្រែ​ត​ជ្រែក​ក្នុងការ​ស៊ើបអង្កេត​រប​ស់​រដ្ឋអាជ្ញា​ពិសេស Robert Muller ផងដែរ​។ សំណុំរឿង​លោក​Muller អាចជា​ភស្តុតាង​មាន​ប្រសិទ្ធិភាព​ក្នុងការ​កាត់ក្តី​លោក ត្រាំ ។​
 
​លោក Muller ត្រូវបាន​សភា​ផ្តល់​សិទ្ធិ​ឱ្យ​ស៊ើបអង្កេត​លើ​ការ​ជ្រែ​ត​ជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។ ក្នុង​របាយការណ៍​បញ្ច​ប់​ការស៊ើបអង្កេត​លោក Muller លើកឡើង​ពី​សកម្មភាព​របស់លោក​ត្រាំ​ចំនួន​១០​ចំណុច​ដែល​អាច​ចាត់ទុកជា​ការរារាំង​ដំណើ​ការ​យុត្តិធម៌​។ លោក​ត្រាំ ក៏​ធ្លាប់បាន​បញ្ជា​ឱ្យ​ដក​លោក Muller ចេញពី​តំណែង​ផងដែរ ប៉ុន្តែ​ដកថយ​វិញ​ក្រោយ​រង​សម្ពាធ​ពី​សាធារណជន និង​បក្ស​សាធារណរដ្ឋ​។​
 
​លោក​ប្រធានាធិបតី ចូ បៃ​ឌិន ធ្លាប់​បញ្ជាក់​យ៉ាងច្បាស់​ថា លោក​នឹងមិន​សើរើ​ដោយផ្ទាល់​លើ​អ្វីដែល​លោក ត្រាំ បានធ្វើ​នៅពេល​កាន់​អំណ​ចឡើយ ដោយ​ផ្តល់​សិទ្ធិ​នេះ​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌​វិញ​។ ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ​វិញ សមាជិក​ព្រឹទ្ធសភា Elizabeth Warren ទាមទារ​ឱ្យ​បង្កើត​ក្រុមការងារ​ឯករាជ្យ​ដើម្បី​ស៊ើបអង្កេត​អំពើពុករលួយ និង​បទល្មើស​របស់លោក ត្រាំ នៅពេល​កាន់អំណាច​។ បើ​ក្រុមការងារ​នេះ​ត្រូវបាន​បង្កើត​មែន នោះ​ការស៊ើបអង្កេត​អាចមាន​អំណាច​ចូល​ពិនិត្យ​ឯកសារ​សម្ងាត់​ទាំងឡាយ​នៅពេល​លោក ត្រាំ កាន់តំណែង​។​
 
​បន្ថែម​ពីនេះ ការស៊ើបអង្កេត​មួយទៀត ដែល​អាច​ធ្វើឡើង គឺ​អំពើពុករលួយ​នៅពេល​កាន់អំណាច​ទាក់ទង​ការទទួល​សំណូក​ដើម្បី​ទទួលបាន​ការលើកលែង ឬ​បន្ធូរ​បន្ថយទោស​។ រដ្ឋធម្មនុញ្ញ​អាមេរិក​ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ​ដល់​ប្រធានាធិបតី​ក្នុងការ​លើកលែង ឬ​បន្ធូរ​បន្ថយទោស​។ ប៉ុន្តែ​លោក ត្រាំ អាច​នឹងត្រូវ​ចោទប្រកាន់​ពី​អំពើពុករលួយ បើសិនជា​លោក​ទទួល​សំណូក​ដើម្បីឱ្យ​បុគ្គល​ទាំងនោះ​រួចខ្លួន​។​
 
​ក្នុង​ប្រវត្តិសាស្ត្រ​អាម​រិ​ក ប្រធានាធិបតី​ចប់​អាណត្តិ​ពុំដែល​ត្រូវបាន​កាត់ទោស​ឡើយ​។ អតីត​ប្រធានាធិបតី Richard Nixon ដែល​ត្រូវ​សភា​ចោទប្រកាន់​ក្នុង​រឿងអាស្រូវ Watergate បាន​លាលែង​ពី​តំណែង​មុន​ការកាត់ក្តី​បណ្តេញ​ចេញពី​តំណែង​ដោយ​ព្រឹទ្ធសភា​។ លោក Gerald Ford អនុ​ប្រធានាធិបតី​របស់លោក Nixon និង​បន្ទាប់មក​កាន់តំណែង​ជា​ប្រធានាធិបតី បាន​លើកលែងទោស​ដល់​លោក Nixon ចំពោះ​បទល្មើស​ដែល​អាចមាន​អំឡុងពេល​កាន់អំណាច ក៏ដូចជា​រារាំង​ការកាត់ទោស​ទាំងឡាយណា​ក្រោយ​លោក Nixon បញ្ចប់​តំណែង​ប្រធានាធិបតី​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com