COVID-19
អន្តរជាតិ
ថៃ ការពារជំហរមិនចូលក្នុងក្រុមសម្ពន្ធមិត្តវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រូបថត Xinhua
×
ដោយ ឈួន ឈីវអ៊ីង
រដ្ឋាភិបាលថៃ បានការពារសេចក្តីសម្រេចចិត្តរបស់ខ្លួនដែលមិនចូលរួមក្នុងយន្តការ COVAX ។ អ្នកនាំពាក្យរដ្ឋាភិបាល បញ្ជាក់មូលហេតុថា ម្យ៉ាងការចូលរួមក្នុងយន្តការ COVAX អាចបណ្តាលឱ្យថៃចំណាយលុយច្រើនក្នុងការទិញវ៉ាក់សាំង ហើយម្យ៉ាងមិនច្បាស់ថា វ៉ាក់សាំងនឹងទៅដល់ថៃនៅពេលណាដែរ។
ថៃ មិនមែនជាសមាជិកយន្តការ COVAX របស់អង្គការសុខភាពពិភពលោកដែលបង្កើតឡើងដើម្បីចែកវ៉ាក់សាំងដោយស្មើភាពឡើយ។ ទាក់ទងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ Anucha Buraphachaisri ពន្យល់ថា ដោយសារថៃជាប្រទេសមានចំណូលមធ្យម ទើបមិនអាចចូលរួមក្នុងការយន្តការអន្តរជាតិដែលចែកវ៉ាក់សាំងឥតគិតថ្លៃ ឬតម្លៃថោកនេះបាន។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Anucha លើកឡើងថា ការទិញវ៉ាក់សាំងពីក្រុមហ៊ុនផ្ទាល់ ជាជម្រើសសមរម្យបំផុត ហើយថៃអាចបត់បែនងាយស្រួលទៅតាមស្ថានការណ៍ជាងការចូលរួមជាមួយ COVAX ។ លើសពីនោះ មន្ត្រីនាំពាក្យរូបនេះ ក៏អះអាងថា បើចូលក្នុង COVAX ថៃត្រូវបង់លុយយ៉ាងច្រើនដើម្បីធានាវ៉ាក់សាំងដូចជាការបង់លុយមុនជាដើម ស្របពេលដែលការដឹកជញ្ជូនទៀតសោត ក៏ស្រពេចស្រពិលដែរ។
កន្លងមក រដ្ឋាភិបាលថៃរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បក្សប្រឆាំងពាក់ព័ន្ធការខ្វះតម្លាភាព និងភាពយឺតយ៉ាវក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជន ស្របពេលរលកទីពីរនៃការរីករាលដាលកូវីដ-១៩ មកដល់ជាថ្មី។ មកទល់ពេលនេះ ថៃ មិនទាន់មានវ៉ាក់សាំងក្នុងដៃឡើយ ខណៈអ្នកជិតខាងដូចជាឡាវ កម្ពុជា និងមីយ៉ាន់ម៉ា សុទ្ធតែចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងទៅហើយ។
តាមពិតទៅ ថៃ ក៏ត្រៀមទទួលវ៉ាក់សាំងពីរលានដូសពីក្រុមហ៊ុនចិន Sinovac ដើម្បីចាក់ឱ្យក្រុមគ្រូពេទ្យជួរមុខរបស់ខ្លួននៅចុងខែកុម្ភៈនេះ។ ដោយឡែក យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំសម្រាប់ប្រជាជនទូទៅនៅមិនទាន់ចាប់ផ្តើមនៅឡើយទេ រហូតទាល់តែវ៉ាក់សាំង AstraZeneca ផលិតក្នុងស្រុក ត្រូវផលិតរួចរាល់នាខែមិថុនាខាងមុខ។
សូមបញ្ជាក់ថា ប្រទេសប្រមាណ១៩០បានចូលរួមជាមួយយន្តការ COVAX ក្នុងគោលបំណង ធានាឱ្យបាននូវវ៉ាក់សាំងស្មើគ្នាក្នុងពេលមានការរីករាលដាលកូវីដ-១៩ នេះ។ តាមរយៈ COVAX ប្រទេសក្រីក្រីចំនួន៩២ នឹងទទួលបានវ៉ាក់សាំងឥតគិតថ្លៃ ខណៈប្រទេសធូរធារមួយចំនួនក៏ចូលរួមក្នុងយន្តការនេះ ដើម្បីអាចទិញវ៉ាក់សាំងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com