ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំ​ចិន​៖ អ្នក​ដើរលេង​ច្រើន​ទៅ​ព្រឹក​វិល​ល្ងាច និង​ដាក់​អាហារ​ដែល​សល់​ពី​ការ​សែន​តាម​ខ្លួន​
15, Feb 2021 , 3:20 pm        
រូបភាព
ភ្ញៀវទេសចរ​ដើរ​នៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១​។ រូបថត​៖ អ៉ីសា រ៉ូ ហានី
ភ្ញៀវទេសចរ​ដើរ​នៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១​។ រូបថត​៖ អ៉ីសា រ៉ូ ហានី
​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ពោល​ពី​ថ្ងៃទី​១២​ដល់​១៤​កុម្ភៈ កន្លងមកនេះ  កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​នៅ​ទូទាំងប្រទេស​ជិត​៩០​ម៉ឺន​នាក់​។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​៨៨០,៥៥៣​នាក់ កើនឡើង​៦,០៥​ភាគរយ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន ១២,០៨៥​នាក់ ថយចុះ ៨៥,៤០​ភាគ បើ​ធៀប​នឹង​បុណ្យចូលឆ្នាំ​ចិន ក្នុង​ឆ្នាំ​២០២០​។

 
​បើ​យោងតាម​ស្ថិតិ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​១៥​កុម្ភៈ​នេះ នៅ​ថ្ងៃ​ទីមួយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ ជាង​២០,៥​ម៉ឺន​នាក់​, ថ្ងៃទី​ពីរ ទទួលបាន​ភ្ញៀវ​ជាង​៤០,៨​ម៉ឺន​នាក់ និង​ថ្ងៃទី​បី ទទួលភ្ញៀវ​ទេសចរ បាន​ត្រឹម​ជិត​២៨​ម៉ឺន​នាក់ ប៉ុណ្ណោះ​។ ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​សរុប​ដែល​កម្ពុជា​ទទួលបាន​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ គឺ​ធ្លាក់ចុះ​ចំនួន​២,២៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០​។ 
 
​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន រាជធានី​ភ្នំពេញ គឺជា​គោលដៅ​ទេសចរណ៍​លំដាប់​ទីមួយ ដែលមាន​ភ្ញៀវទេសចរ ជាង​១១,៨​ម៉ឺន​នាក់ ដើរ​កម្សាន្ត​។ ក្រៅពីនេះ ខេត្តសៀមរាប មាន​ភ្ញៀវទេសចរ​ជាង​១១,៧​ម៉ឺន​នាក់​, ខេត្តកំពត ជាង​១០,២​ម៉ឺន​នាក់​, ខេត្ត​កែប មាន​ជិត​៩,៣​ម៉ឺន​នាក់ និង​ខេត្ត​ព្រះសីហនុ មាន​ជាង​៨,២​ម៉ឺន​នាក់ រួមទាំង​ខេត្ត​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត ដូចជា​៖ ខេត្តកណ្តាល​, បាត់ដំបង​, កោះកុង​, កំពង់ស្ពឺ  និង​ខេត្តពោធិ៍សាត់ ជាដើម​។​
 
​ក្រសួងទេសចរណ៍​វាយតម្លៃ​ជាបឋម​ថា  ការចំណាយ​របស់​ភ្ញៀវទេសចរ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ  មាន​កម្រិត​ទាប​ជាង​ពេល​ឈប់សម្រាក​កន្លងមក​។ «​ពួកគាត់​[​ភ្ញៀវទេសចរ​]​មួយចំនួន ជ្រើសរើស​ការដើរ​កម្សាន្ត​នៅ​គោលដៅ​ជិតៗ ដោយ​ចេញទៅ​ពេលព្រឹក ហើយ​ត្រឡប់មកវិញ​ពេល​ល្ងាច ហើយ​ការដើរ​កម្សាន្ត​ជា​ក្រុមគ្រួសារ និង​ខ្លះទៀត​បានរៀបចំ​ម្ហូបអាហារ​ដែល​សល់​ពី​ការ​សែន​មក​តាម​ខ្លួន​ខ្លះ​»​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងទេសចរណ៍ ដោយ​បន្តថា ទោះយ៉ាងណា​លំហូរ​ភ្ញៀវទេសចរ​ទៅគ្រប់​គោលដៅ​ទេសចរណ៍​នៅតាម​បណ្តា​រាជធានី​-​ខេត្ត នៅតែ​ជា​ចលករ​សំខាន់​ក្នុងការ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​មួយផ្នែក និង​បង្កើត​ប្រាក់ចំណូល​ទៅដល់​ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន ផងដែរ​៕ 
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com