ជាតិ
សមត្ថកិច្ច តាមរក​បុរស ដែល​ប្រើ​ហិង្សា​លើ​ក្មេងស្រី​ពីរ​នាក់ ព្រោះតែ​ធ្វើ​ឲ្យ​សារិកាកែវ​ងាប់​
15, Feb 2021 , 9:39 pm        
រូបភាព
ស្នាមលើខ្នងក្មេងស្រីទាំងពីរ ដែលត្រូវបុរសម្ចាស់សារិកាកែវយករំពាត់វាយ ដោយសារខឹងក្មេងស្រីទាំងពីរ មិនឲ្យចំណីសារិការហូតសារិកាកែវងាប់ (រូបពីអគ្គស្នងការដ្ឋាននគរលបាលជាតិ)
ស្នាមលើខ្នងក្មេងស្រីទាំងពីរ ដែលត្រូវបុរសម្ចាស់សារិកាកែវយករំពាត់វាយ ដោយសារខឹងក្មេងស្រីទាំងពីរ មិនឲ្យចំណីសារិការហូតសារិកាកែវងាប់ (រូបពីអគ្គស្នងការដ្ឋាននគរលបាលជាតិ)
​ភ្នំពេញ​៖ សមត្ថកិច្ច​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កំពុង​ស្វែងរក​បុរស​ម្នាក់ ដែល​ប្រើ​ហិង្សា​លើ​ក្មេងស្រី​ពីរ​នាក់ ដោយ​សំអាងថា ក្មេង​ទាំងពីរ​នោះ ធ្វើ​ឲ្យ​សត្វ​សារិកាកែវ​ស្លាប់​។


​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ផ្សាយ​ថា លោក ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៤​កុម្ភៈ​នេះ បាន​បញ្ជា​កម្លាំង​នគរបាល​ក្រុង​សំរោង ឲ្យ​ចុះ​ស្រាវជ្រាវ​លើ​ករណី​ហិង្សា​នេះ​ភ្លាមៗ ក្រោយ​ទទួលបាន​ព័ត៌មាន​ហិង្សា​ដោយ​ចេតនា​លើ​ក្មេងស្រី​ជា​អនីតិជន​ទាំងពីរ​។ 
 
​លោក ហួត សុធី បាន​អះអាងថា ជនសង្ស័យ​បាន​យក​រំពាត់​មែកឈើ វាយ​លើ​កុមារី​ទាំងពីរ កាលពី​ថ្ងៃទី​១១​កុម្ភៈ ក្នុង​សង្កាត់​អូរ​ស្មា​ត់ ក្រុង​សំរោង បណ្ដាល​ឲ្យ​របួស​ខ្នង​ជាច្រើន​កន្លែង​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​ហិង្សា​នេះ ដោយសារ​សត្វ​សារិកាកែវ​ពីរ​ក្បាល​របស់​ជនសង្ស័យ​ងាប់​។ ស្នងការ​នគរបាល​ខេត្ត​រូបនេះ បន្តថា សត្វ​សារិកាកែវ ដែល​ងាប់ ដោយសារ​ក្មេងស្រី​ទាំងពីរ មិនបាន​ដាក់​ទឹក​និង​ចំណី​ឲ្យ​បាន​ដិតដល់​។ 
 
​លោក ហួត សុធី បញ្ជាក់ថា ឪពុកម្ដាយ​របស់​ក្មេងស្រី​ទាំងពីរ សុទ្ធតែ​កំពុង​ជាប់ពន្ធនាគារ​។​
 
​បុរស ដែល​វាយ​ក្មេងស្រី​ទាំងពីរ​នោះ បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pui Osmach ថា​៖«​ដោយសារតែ​ទុកចិត្ត​ទៅលើ​ក្មេងៗ នៅ​ជាមួយ​យើង​ពេក ខំ​ឲ្យ​លុយ​វា​ទិញ​ចំណី​រាល់ថ្ងៃ ពេល​សួរ​វា បានដាក់​ចំណី​ឲ្យ​ស​រិ​កា​កែវ​អត់​? វា ថា​ដាក់​ឲ្យ​រាល់ថ្ងៃ​ហើយ ពេលនេះ បាន​ទៅ​មើល​ផ្ទាល់ បែរជា​សារិកាកែវ​ងាប់​ទាំងពីរ​។ តើ​គួរ​ដាក់ទោស​បែបណា ហ្ន៎​?»​។ ប៉ុន្តែ​បុរស​នោះ បាន​សំណេរ​នេះ​ចេញ​វិញ​៕ 
 
 

Tag:
 អំពើហិង្សា​
  កុមារី​
  ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com