ជាតិ
ព្រំដែន
អធិការស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវផ្អាកការងារបណ្ដោះអាសន្ន ក្រោយអនុវត្តការងារខុសនីតិវិធី
× លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារលោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន ក្រោយពីអនុវត្តការងារខុសនីតិវិធី។
ស្នងការខេត្តបាត់ដំបង បានចេញលិខិតបង្គាប់ឱ្យ លោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី អំឡុងពេលផ្អាកការងារបណ្តោះអាសន្ននេះ ។
ការសម្រេចផ្អាកការងារមន្ត្រីនគរបាលរូបនេះ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន ព្រមានដកស័ក្តិ និងបណ្ដេញមន្ត្រីណា ដែលដោះលែងមេខ្លោង នាំមនុស្សឆ្លងកាត់ផ្លូវរបៀងខុសច្បាប់។ តាមរយៈសារសំឡេងជិត៣០នាទី សម្ដេច បានបញ្ជាក់ថា មានមន្ត្រីនៅច្រកព្រំដែន ខេត្តបាត់ដំបង បានដោះលែងក្រុមមេខ្លោងនាំពលករឆ្លងដែនគេចវេះ ពីការធ្វើចត្តាឡីស័កនេះ។
ក្រៅពីព្រមានបែបនេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអនុវត្តវិធានការតឹងរឹងលើមេខ្លោងនាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការជួញដូរមនុស្ស។
«ក្រៅពីនោះខ្ញុំសូមចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះពួកមេខ្លោងដែលបាននាំមនុស្សឆ្លងកាត់ព្រំដែនដោយគេចផុតពីការធ្វើចត្តាឡីស័ក»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបញ្ជាឱ្យអាជ្ញាធរជាប់ព្រំដែនថៃ វៀតណាម និងឡាវ សហការគ្នាយ៉ាងជិតស្និទ ដោយទប់ស្កាត់ការឆ្លងដែនខុសច្បាប់ តាមច្រករបៀង ដែលនាំគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com