ជាតិ
សង្គមជាតិ
លោក ច័ន្ទ​ថា​រ៉ា ទិញ​ថង់​ជាង​៦០​តោន​ក្នុង​១​ខែ យកទៅ​ច្នៃ​ជា​ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ឡើងវិញ
15, Feb 2021 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ សិប្បកម្ម​កែច្នៃ​ថង់​ប្លា​ស្ទិ​ក​ខ្នាតតូច​របស់លោក នាង ច័ន្ទ​ថា​រ៉ា ប្រមូល​ទិញ​ថង់​ប្លា​ស្ទិ​កជាង​៦០​តោន ជាប្រចាំ​ខែ ពី​ក្រុម​អ្នក​រើស​អេតចាយ​ក្នុង​ខេត្តបាត់ដំបង​និង​ខេត្តសៀមរាប ដើម្បី​យកទៅ​កែច្នៃ​ជា​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ប្រើប្រាស់​ឡើងវិញ​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់លោក គឺ​ស្វែងរក​ទីផ្សារ​លក់​ថង់​ដែល​ផលិត​បាន​នោះ​។



​សិប្បកម្ម​កែច្នៃ​ថង់​ខ្នាតតូច នៅ​ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ចាប់ផ្ដើម​ផលិត​ថង់​ប្លា​ស្ទិ​កនៅ​ដើមឆ្នាំ​២០២០ ដោយ​ប្រមូល​ទិញ​ថង់​ចាស់ៗ​ពី​អ្នក​រើស​អេតចាយ ដើម្បី​កែច្នៃ​ផលិត​ចេញ​ជា​ថង់​សម្រាប់​ប្រើប្រាស់​ឡើងវិញ​ជាថ្មី​ម្ដងទៀត​។ មុននឹង​ដំណើរ​ការផលិត​ថង់​នេះ​បាន លោក ច័ន្ទ​ថា​រ៉ា ម្ចាស់​សិប្បកម្ម​កែច្នៃ​ថង់​ប្លា​ស្ទិ​ក ធ្លាប់​ធ្វើការ​ក្នុង​សិប្បកម្ម​កែច្នៃ​ថង់​ប្លា​ក់​ស្ទិ​ក​របស់​ជនជាតិ​ថៃ ដែល​បានមក​បោះ​ទីតាំងនៅ​ខេត្តបាត់ដំបង​កាលពី​អំឡុង​ឆ្នាំ​២០១៧​។ ប៉ុន្តែ លោក​អះអាងថា កាលនោះ ថៅកែ​ប្រមូល​ទិញ​ថង់​ដែរ ប៉ុន្តែ​ផលិត​ជា​គ្រាប់​ប្លា​ស្ទិ​ក​សម្រាប់​លក់​ឲ្យ​ថៃ​និង​វៀតណាម មិនទាន់​ឈានដល់​ផលិត​ថង់​ឡើយ​។ ដោយសារ​ចំណេញ​តិចតួច​ថៅកែ​របស់លោក​ក៏​សម្រេច​បោះបង់​អាជីវ​កម្មនេះ ហើយ​លោក​និង​ដៃគូ​ជនជាតិ​ម្នាក់ទៀត​ក៏​ចូល​ហ៊ុន​គ្នា​ទិញ​ក្រុម​ហ៊ុ​នោះ ហើយ​បើក​ដំណើរ​ការបន្ត​។ 
 


​លោក នាង ច័ន្ទ​ថា​រ៉ា មានប្រសាសន៍ថា​៖«​ដោយ​មើលឃើញ​មុខរបរ​មួយ​នេះ ជួយ​ដល់​សង្គម [​និង​] បរិស្ថាន​ច្រើន ហើយ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កំពុង​ជំរុញ​លើ​ទីក្រុង​ស្អាត យើង​ក៏​នាំគ្នា​បន្ត​ធ្វើទៅ ទោះ​ដឹងថា​ចំណេញ​តិច​ក៏ដោយ​។ កាល​មុន យើង ផលិត​តែ​គ្រាប់​ប្លា​ស្ទិ​កល​ក់​ទេ គឺ​សម្រាប់​ឲ្យ​គេ​យកទៅ​ធ្វើជា​ថង់​បន្ត​។ ថង់​ដែល​ប្រមូល​ទិញ​ហ្នឹង ត្រូវ​ផលិត​ជា​គ្រាប់​ប្លា​ស្ទិ​ក​តូចៗ​សិន ទើប​អាច​យកទៅ​ផលិត​ជា​ថង់​វិញ​បាន​។ តែ​នៅ​ឆ្នាំ​២០២០ យើង ក៏​ចាប់ផ្ដើម​ផលិត​ចេញ​ជា​ថង់​ប្លា​ស្ទិ​ក​ខ្លួនឯង​»​។ 
 
​ម្ចាស់​សិប្បកម្ម​កែច្នៃ​ថង់​ប្លា​ស្ទិ​ក វ័យ​៤៥​ឆ្នាំ​រូបនេះ អះអាងថា រយៈពេល​ជាង​មួយឆ្នាំ​នេះ បញ្ហា​ប្រឈម​គឺ​ការប្រកួតប្រជែង​ទីផ្សារ ព្រោះ​ថង់​វៀតណាម​និង​ថៃ​ចូល​ទីផ្សារ​កម្ពុ​ជាមុន ហើយ​តម្លៃ​ភ្លើង​ក្នុងស្រុក​ថ្លៃ​ជាង​ប្រទេសជិតខាង​។ ថង់​របស់លោក លក់​លើ​ទីផ្សារ​តម្លៃ​៤៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។  
 
​លោក និយាយថា​៖«​ថង់​របស់​វៀតណាម​និង​ថៃ​មាន​ក្នុង​ទីផ្សារ​ខ្មែរ​យូរ​មកហើយ ទើប​យើង​ពិបាក​ចែកចាយ​ថង់​យើង​ចូលក្នុង​ទីផ្សារ ទោះបី​ថង់​ខ្ញុំ​មានតម្លៃ​ដូចគ្នា [​នឹង​ថង់​របស់​វៀតណាម​និង​ថៃ​] ក៏ដោយ​។ អ្នកខ្លះ​គេ​ថា ថង់​វៀតណាម​ល្អ​ជាង តែ​តាមពិតទៅ​ថង់​យើង​ក្រាស់​ជាង ហើយ​ស្វិត​ប្រហែល​គ្នា ឲ្យ​តែ​ប្រភេទ​ថង់​ខ្មៅ​និង​ថង់​ពណ៌​ដែល​ផលិត​ចេញពី​ថង់​ប្លា​ស្ទិ​កចាស់ៗ​»​។ 
​លោក លើកឡើងថា បើ​ទីផ្សារ​ថង់​របស់លោក​កាន់តែ​តម្រូវការ លោក​នឹង​ចុះ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​រើស​អេតចាយ​នៅ​ខេត្ត​ផ្សេងៗ រើស​ថង់​ប្លា​ស្ទិ​ក​ទុក​លក់​ឲ្យ​លោក​បន្ថែមទៀត​។  




 
​លោក រៀបរាប់ថា​៖«​ខ្ញុំ ប្រមូល​ទិញ​ថង់​ប្លា​ស្ទិ​ក​ប្រភេទ​យឺត​ឬ​ប្រភេទ​ថង់យួរ​ដៃ​ដែល​ប្រើប្រាស់​ហើយ មាន​សម្បូរ​នៅតាម​គំនរ​សំរាម​។ ក្នុង​ក្រុង​បាត់ដំបង​និង​សៀម​រាប មួយខែៗ​ទាំងពីរ​ទីតាំង​នេះ ខ្ញុំ​ទិញ​បាន​ជាង​៦០​តោន​។ កន្លងមក​ខ្ញុំ​ធ្លាប់​ចុះទៅ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ខាង​ខេត្ត​ប៉ៃលិន​រើស​ថង់​ឲ្យ​ខ្ញុំ​ដែរ ប៉ុន្តែ​ពួកគេ​មិនបាន​សហការ​ជាមួយ​»​។ 
 
​លោក ប្រាប់ថា កន្លងមក​អ្នក​រើស​អេតចាយ​មិនដែល​រើស​ថង់​ប្លា​ស្ទិ​ក​ឡើយ ព្រោះ​វា​ស្រាល​មិនសូវ​មានតម្លៃ ប៉ុន្តែ​ក្រោយ​លោក​ចុះ​ពន្យល់​និង​សុំ​ការសហការ​ទើប​មាន​អ្នក​រើស​អេតចាយ​ខ្លះ​រើស​ទុក​លក់​ឲ្យ​លោក​។ លោក​ប្រមូល​ទិញ​ថង់​ប្លា​ស្ទិ​ក​តម្លៃ​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ថង់​ដែល​ទិញ​ពី​អ្នក​រើស​អេតចាយ​មួយ​តោន ផលិត​ចេញ​ជា​ប្លា​ស្ទិ​កបាន​ប្រមាណ​៥៥០​ទៅ​៦០០​គីឡូក្រាម​។ 


 
​ក្រៅពី​ប្រមូល​ទិញ​ថង់​ពី​អ្នក​រើស​អេតចាយ ក្រុមហ៊ុន​មួយ​ឈ្មោះ ក្រុមហ៊ុន ប្រមូលសំរាមប្រចាំក្រុងបាត់ដំបងមួយឈ្មោះ លៀប លឹម ក៏បានសហការជាមួយលោកដែរ ដែលមានបុគ្គលិក ប្រមូលសំរាមជាអ្នកញែកថង់ប្លាស្ទិកទុកលក់ឲ្យលោក ។ ជាមួយគ្នា​ដែរ លោក និយាយថា អាជ្ញាធរ​ក្រុង​បាត់ដំបង​និង​ក្រសួងបរិស្ថាន​ក៏​កំពុង​ជួយ​រក​ដៃគូ​សហការ​ទិញ​ថង់​ពី​លោក​ផងដែរ ដើម្បី​ឲ្យ​ចរន្ត​នៃ​ការកាត់បន្ថយ​ប្លា​ស្ទិ​ក​កាន់តែ​បាន​ច្រើនជាង​មុន​។ ទន្ទឹបនឹងនេះ ម្ចាស់​សិប្បកម្ម​រូបនេះ​បាន​សង្កេតឃើញ​សំណង់​ដប​ប្លា​ស្ទិ​កមាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ 

នាយរដ្ឋបាលខេត្តបាត់ដំបង លោក សឿន ប៊ុនរិទ្ធិ បានទទួលស្គាល់ថា សិប្បកម្មរបស់លោក នាង ច័ន្ទថារ៉ា ជាផ្នែកមួយ ដែលរួមចំណែកក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងក្រុងបាត់ដំបង។ លោក សង្ឃឹមថា សិប្បកម្មកែច្នៃនេះ នឹងបន្តដំណើរការនិងពង្រីកខ្លួនឲ្យកាន់តែធំ ដើម្បីជួយកាត់បន្ថយប្លាស្ទិក។


នាយរដ្ឋបាលខេត្តបាត់ដំបង ថ្លែងដូច្នេះថា៖«ក្នុងខេត្តបាត់ដំបង ដើមឡើយ ក៏ជួបបញ្ហាក្នុងការគ្រប់គ្រងសំណល់សំរាមដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ដោយសារមានអង្គការ សិប្បកម្មជាច្រើន រួបរួមច្នៃកាកសំណល់ ទៅជាកំប៉ុង និងរបស់ប្រើឡើងវិញ ដូចសិប្បកម្មលោក ច័ន្ទថារ៉ា»។

ជាមួយគ្នាដែរ មន្រ្តីរដ្ឋបាលខេត្តបាត់ដំបងខាងលើ បញ្ជាក់ថា ពលរដ្ឋភាគច្រើនបានយល់ដឹងអំពីបញ្ហាសំរាម ហើយតែងតែចូលសហការជាមួយអាជ្ញាធរ អង្គការ សិប្បកម្ម ហើយលើសពីនេះ ពួកគាត់ថែមទាំងចាប់ផ្តើមចេះគិតគូរពីការបែងចែកប្រភេទសំរាមទៀតផង។
 
​លោក ច័ន្ទ​ថា​រ៉ា ប្រាប់ថា លោក មាន​គម្រោង​ច្នៃ​សំណល់​ដក​ប្លា​ស្ទិ​ក​បន្ថែមទៀត បើ​ដំណើរការ​អាជីវកម្មរ​បស់​លោក​ទៅ​ថ្ងៃមុខ​ពុំមាន​ជួប​ឧបសគ្គ​អ្វី​៕ 
 

Tag:
 ប្លា​ស្ទិ​ក​
  សិប្បកម្ម​កែច្នៃ​ថង់​
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com