ជាតិ
វីដេអូ
សេដ្ឋកិច្ច
កសិករ ណន ង៉ា ធ្វើ​រោង​សំណាញ់​ដាំ​បន្លែ​សុវត្ថិភាព​អស់​ត្រឹម​២៥០​ដុល្លារ អាច​ដាំ​ដុះ​គ្រប់​រដូវ រហូត​៥​ឆ្នាំ​
15, Feb 2021 , 10:59 pm        
រូបភាព
អ្នកស្រី​ណន ង៉ា កំពុង​បោចស្មៅ ក្នុង​រោង​សាឡាត កាលពី​ថ្ងៃទី​២៤​មករា ឆ្នាំ​២០២១​។
អ្នកស្រី​ណន ង៉ា កំពុង​បោចស្មៅ ក្នុង​រោង​សាឡាត កាលពី​ថ្ងៃទី​២៤​មករា ឆ្នាំ​២០២១​។
​ភ្នំពេញ​៖ រយៈពេល​ជិត​មួយឆ្នាំ​មកហើយ ដែល​កសិករ ណន ង៉ា បាន​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​គ្រប់​ប្រភេទ នៅក្នុង​រោង​សំណាញ់​ដែលមាន​ទទឹង​ទំហំ​៤​ម៉ែត្រ និង​បណ្ត​យ​១៨​ម៉ែត្រ​។ រោង​ដាំ​បន្លែ​របស់​អ្នកស្រី ង៉ា ដែល​ធ្វើឡើង​ពី​ដែក ប្រក់​ដោយ​ប្លា​ស្ទិ​ក និង​មាន​សំណាញ់​សម្រាប់​បិទបាំង​ជុំវិញ​ផង​នោះ គឺអាច​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ ដាំ​បាន​គ្រប់​រដូវ​កាល​បាន យ៉ាងហោចណាស់​៥​ឆ្នាំ​។

 
​កសិករ​វ័យ​៤៩​ឆ្នាំ​រូបនេះ បាន​ចំណាយ​ប្រាក់​អស់​ត្រឹម​១​លាន​រៀល ឬ​ស្មើនឹង​២៥០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់ធ្វើ​រោង​ដាំ​បន្លែ​នេះ​ឡើង​។ អ្នកស្រី ណន ង៉ា បាន​និយាយ​ដូច្នេះ​៖« ទាំង​ទិញ​ដែក ទាំង​ទិញ​ប្លា​ស្ទិ​ក និង​ទាំង​ជួល​ជាង​មក​ផ្សា​ដែក​ធ្វើ​រោងបន្លែ​នេះ អស់​តែ​១​លាន​រៀល​ទេ​»​។​
 
​បើតាម​ស្ត្រី​ដែលមាន​បទពិសោធន៍​ដាំ​បន្លែ​អស់​ជាង​៣០​ឆ្នាំ រស់នៅក្នុង​ភូមិ​គោក​ដូង សង្កាត់​ក្របី​រាល ក្រុង​សៀមរាប ខេត្តសៀមរាប​រូបនេះ  បា្ល​ស្ទិ​ក​ដែល​កំពុង​ប្រក់​នៅលើ​រោង​ដាំ​បន្លែ​នោះ មាន​អាយុកាល​រហូត​ទៅដល់​៥​ឆ្នាំ ខណៈ​ដែក​អាច​នឹង​អាកាសធាតុ ប្រើ​បាន​រាប់សិប​ឆ្នាំ​។ សម្រាប់​រោង​ដាំ​បន្លែ​របស់​អ្នកស្រី ណន ង៉ា មាន​រូបរាង ឬ​លក្ខណៈ និង​អត្ថប្រយោជន៍​ប្រហាក់ប្រហែល​ទៅនឹង​ផ្ទះ​សំណាញ់ ដែល​អាច​អនុញ្ញាតឱ្យ​កសិកម្ម​ដាំ​ដុះ បាន​គ្រប់​រដូវ​កាល ផងដែរ​។ 


 អ្នកស្រី​ណន ង៉ា កំពុង​ស្រោច​ទឹក​កូន​សាឡាដ​នៅក្នុង​រោង​។  

«​នៅពេល​រដូវភ្លៀង​ខ្លាំង យើង​មាន​រោងបន្លែ​ដែលមាន​ប្លា​ស្ទិ​កបាំង​បែបនេះ គឺ​យើង​មិន​បារម្ភ​ខ្លាច​ខូច​នៅ​រដូវវស្សា​»​។ នេះ ជាការ​លើកឡើង​របស់​អ្នកស្រី ណន ង៉ា ដោយ​បន្ត​រៀបរាប់​ដូច្នេះ​៖«​ហើយ​ប្រសិនបើ​នៅ​រដូវក្តៅ​ខ្លាំង យើង​អាច​ដាំ​មុខ​បន្លែ​ណា​[​ឆាប់​បាន​ផល​]​។ ដូចជា ប្រភេទ​សាឡាដ​យើង​ធម្មតា ប្រភេទ​សាឡាដ​បរទេស​ជាដើម​»​។​
 
​ចំពោះ​សាឡាដ ដែល​ដាំ​ដុះ​នៅក្នុង​រោង​សំណាញ់​នេះ ទោះបី​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ដែល​កសិករ​ដទៃ​ដាំ​មិនបាន​ផល ក៏​អ្នកស្រី ង៉ា អាច​ដាំ​និង​ទទួល​ទិន្នផល​បាន​យ៉ាងហោចណាស់ ពី​៤៥​ទៅ​៦០​គីឡូក្រាម ហើយនឹង​បាន​រហូតដល់​១២០​គីឡូក្រាម ក្នុងករណី​អាកាសធាតុ​ល្អ​សមស្រប និង​អំណោយផល​ក្នុង​ការដាំដុះ​។ ជាប្រចាំ​កសិករ​រូបនេះ អាច​រក​ចំណូល​ពី​សាឡាដ​បាន​៨,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក្នុង​រយៈពេល​២០​ថ្ងៃ​ម្តង នៃ​ការដាំដុះ​លើ​រោង​សំណាញ់​អស់   រយៈពេល​ជិត​មួយឆ្នាំ​មកនេះ​៕ 
 


រោងបន្លែ​របស់​អ្នកស្រី ណន ង៉ា​។​ 
 
 

Tag:
 កសិកម្ម​
  បន្លែ​សុវត្ថិភាព​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com