កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ឡើងទៅ Top 4 ក្រោយ Tuchel ដឹកនាំ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​
16, Feb 2021 , 11:12 am        
រូបភាព
Chelsea បាន​រំកិល​ខ្លួន​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៤ បន្ទាប់ពី​ប្រកួត​ឈ្នះ Newcastle United ២-០​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៤​ហើយ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Thomas Tuchel ក្នុងចំណោម​៥​ប្រកួត​នៅ Premier League ខណៈ​តោ​ខៀវ​មិនទាន់​ស្គាល់​ចាញ់​ឡើយ​។​



​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​២៤ នៅ​កីឡដ្ឋាន Stamford Bridge នា​រាត្រី​ថ្ងៃទី​១៥ ខែកុម្ភៈ ខ្សែប្រយុទ្ធ Olivier Giroud និង Timo Werner រកបាន​ម្នាក់​មួយគ្រា​ប់​ដើម្បី​ជួយ​ក្រុម​លោក Tuchel ទទួលបាន​៣​ពិន្ទុ​បន្ថែម​។ 
 

​ជ័យជម្នះ ២-០ លើ​ក្រុម Newcastle នេះ​ក៏បាន​ជួយ Chelsea ឈានចូល​តំបន់ Top 4 វិញ​ដោយ​រកបាន​៤២​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង Premier League​។ ចាប់តាំងពី​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Tuchel ឡើងទៅ​ជំនួស​តំណែង​លោក Frank Lampard ក្រុម​រហស្សនាម​តោ​ខៀវ​អាច​រកបាន​១៣​ពិន្ទុ​ពី​ការប្រកួត​៥​លើកចុងក្រោយ ដោយ​ក្នុងនោះ​ឈ្នះ​៤ និង​ស្មើ​១​។​
 
Chelsea បាន​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង​ក្រោយ​ការដឹកនាំ​របស់ Lampard បើទោះជា​ពួកគេ​ចំណាយ​ប្រាក់​ដ៏​ច្រើន​ក្នុងការ​នាំចូល​កីឡាករ​មាន​ទេពកោសល្យ​ទៅ​ជួយ​ក្រុម​នៅ​ដើមរដូវ​កាល​នេះ​ក៏ដោយ​។​
 
​ដោយឡែក West Ham United ឯណោះ​វិញ ក៏បាន​បង្កើន​ភាពខ្លាំង​របស់ខ្លួន​ផងដែរ​ក្រោយ​យកឈ្នះ Sheffield United ដល់​ទៅ ៣-០ សម្រាប់​ជំនួប​សប្តាហ៍​ទី​២៤​។ ៣​គ្រាប់​ដែល​សម្រេចបាន​ដោយ Declan Rice, Issa Diop និង Ryan Fredericks បាន​ជួយ​ក្រុម​រហស្សនាម​ញញួរ​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៥​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​ដោយ​រក​បាន​៤២​ពិន្ទុ​។ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ David Moyes ចំនួន​២៤​ប្រកួត​រដូវ​កាល​នេះ West Ham ទទួលបាន​ជ័យជម្នះ​១២​លើក សើ្ម​៦ និង​ចាញ់​៦​។​
 
​ក្រុម​កំពូល​តារាង Manchester City មាន​ពិន្ទុ​នាំមុខ​ក្រុម​គូប្រជែង Manchester United និង Leicester ដល់​ទៅ​៧​ពិន្ទុ  ហើយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។ Liverpool ហាក់​ឃ្លាត​ឱកាស​ក្នុងការ​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​ក្រោយ​រកបាន​៤០​ពិន្ទុ​ប៉ុណ្ណោះ​។ ហង្ស​ក្រហម​ស្ថិតនៅ​លេខ​រៀង​ទី​៦ ហើយ​មាន​១១​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Man City៕
 
 

Tag:
 Premier League
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com