COVID-19
អន្តរជាតិ
WHO អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទា​ន់​វ៉ាក់សាំង AstraZeneca ផលិត​នៅ​ឥណ្ឌា​និង​កូរ៉េខាងត្បូង​
16, Feb 2021 , 11:57 am        
រូបភាព
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) សម្រេច​បញ្ចូល​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​អភិវឌ្ឍ​រួម​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​(EUL) នៅ​ថ្ងៃទី​១៥ កុម្ភៈ​។ WHO បញ្ជាក់ថា វ៉ាក់សាំង​AstraZeneca/Oxford បំពេញ​គ្រប់​លក្ខខណ្ឌ​ចាំបាច់​ផ្នែក​ប្រសិទ្ធភាព និង​សុវត្ថិភាព ដោយ​ផលប្រយោជន៍​មាន​ច្រើនជាង​បញ្ហា​ប្រឈម​។​



​វ៉ាក់សាំង​របស់ AstraZeneca/Oxford ជា​វ៉ាក់សាំង​ទី​ពីរ​ដែល​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់ (EUL) របស់​អង្គការ​សុខភាព​ពិភពលោក ។ WHO ចាប់ផ្តើម​ពិនិត្យ​លើ​សំណើសុំ​ប្រើប្រាស់​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។ វ៉ាក់សាំង Pfizer/BioNTech ជា​វ៉ាក់សាំង​ដែល​ទទួលបាន​ការអនុញ្ញាត​សម្រាប់​ប្រើប្រាស់​បន្ទាន់​ទីមួយ កាលពី​ថ្ងៃទី​៣១ ខែធ្នូ​។ ចំណែក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna ក៏​កំពុង​ស្ថិតក្នុង​ការត្រួត​ពិនិត្យ​ផងដែរ​។​
 
 
​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ក្នុង​ស្ថានការណ៍​បន្ទាន់ ធ្វើឡើង​ក្រោយ​ក្រុម​អ្នកជំនាញ SAGE ដែល​ទទួលបន្ទុក​ផ្ដល់​អនុសាសន៍​លើ​ការប្រើ​វ៉ាក់សាំង​របស់ WHO ណែនាំ​ឱ្យប្រើ​វ៉ាក់សាំង​នេះ​ចំនួន​២​ដូ​ស​ក្នុង​រយៈពេល​ពី​៨ ទៅ​១២​សប្តាហ៍​។ វ៉ាក់សាំង​នេះ អាច​ត្រូវបាន​ផ្តល់​ដល់​មនុស្ស​ចា​ប់​ពី​១៨​ឆ្នាំ​ឡើងទៅ ហើយក៏​អាច​ប្រើប្រាស់​បានដែរ​សម្រាប់​ប្រទេស​ដែលមាន​មេរោគ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​មកពី​អាហ្វ្រិក​ខាងត្បូង​ទៀតផង​។ 
 
«​យើង​មាន​របស់​គ្រប់បែបយ៉ាង​ដើម្បី​ចែកចាយ​វ៉ាក់សាំង​ដោយ​លឿន​រហ័ស​។ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​បង្កើនល្បឿន​ផលិតកម្ម​»​។ នេះ​ជាការ​ថ្លែង​របស់លោក​Tedros Adhanom Ghebreyesus អគ្គនាយក​WHO​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៥ ខែកុម្ភៈ​។ លោក Tedros ទទូច​ឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​បញ្ជូន​ឯកសារ​ស្តីពី​វ៉ាក់សាំង​មក WHO ឱ្យ​ត្រួតពិនិត្យ ដូចដែល​ខ្លួន​បានផ្តល់​ទៅ​និយ័ត​ករ​សុខាភិបាល​ប្រទេស​អ្នកមាន​ដែរ​។​
 
​វ៉ាក់សាំង​AstraZeneca/Oxford ដែល​ទទួលបាន​ការអនុញ្ញាត​នេះ ផលិត​ដោយ​ក្រុមហ៊ុន  AstraZeneca-SKBio របស់​កូរ៉េខាងត្បូង និង​វិទ្យាស្ថាន​Serum របស់​ឥណ្ឌា​។ 
 
​វ៉ាក់សាំង​AstraZeneca ផលិត​នៅ​ឥណ្ឌា និង​កូរ៉េខាងត្បូង​មាន​ប្រសិទ្ធភាព​៦៣,០៩​ភាគរយ​។ វ៉ាក់សាំង​នេះ បង្កើត​ភាពស៊ាំ​ដោយ​ដោយ​យក DNA របស់​មេរោគ​កូ​វីដ​-១៩ ទៅ​ចាក់​បញ្ចូល​ក្នុង​មេរោគ​មួយ​ផ្សេងទៀត​ដែល​មិន​បង្ក​ជំងឺ រួច​ចាក់​បញ្ចូល​ទៅក្នុង​រាងកាយ​ដើម្បីឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ស្គាល់ DNA នៃ​មេរោគ​ឆ្លង​។ វិធីសាស្ត្រ​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Viral Vectored និង​ប្រើប្រាស់​សារធាតុ Recombinant ChAdOx1-S ។​
 
​ជាមួយនឹង​ការផ្ដល់​ការអនុញ្ញាត​នេះ ការដឹកជញ្ជូន​វ៉ាក់សាំង AstraZeneca តាមរយៈ COVAX ក៏​អាច​ចាប់ផ្ដើម​ដែរ​។ ប្រទេស​ជាច្រើន​ពឹង​ផ្អែកលើ​វ៉ាក់សាំង​នេះ​ដោយសារ​មានតម្លៃ​ថោក ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​មិនចាំបាច់​ដាក់​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​។ ក្រុមហ៊ុន​នេះ ក៏បាន​សន្យា​ផ្តល់​វ៉ាក់សាំង​ចំនួន​៣០០​លាន​ដូ​ស​ដល់​យន្តការ COVAX ដែរ​។ COVAX វិញ​អះអាងថា វ៉ាក់សាំង​ប្រមាណ​៣៣០​លាន​ដូ​ស នឹងត្រូវ​ចែកចាយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ចុងខែ​កុម្ភៈ​។​
 
AstraZeneca ដែលជា​ក្រុមហ៊ុន​កូនកាត់​អង់គ្លេស​-​ស៊ុយអែត សង្ឃឹមថា ខ្លួន​អាច​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​៣០០​លាន​ដូ​ស​ដល់​ប្រទេស​ចំនួន​១៤៥ ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២១ តាមរយៈ​យន្តការ​COVAX​។ នេះ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​។ ចំនួន​៣០០​លាន​ដូ​ស​នេះ អាច​ផ្តល់​ដល់​ប្រជាជន​ចំនួន​៣, ៣​ភាគរយ​ប៉ុណ្ណោះ ក្នុងប្រទេស​ចំនួន​១៤៥៕
 
 
 
 

Tag:
 កូ​វីដ​-១៩
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com