កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីបាល់ទះកូនភ្លោះស្រស់ស្អាតរបស់កូរ៉េខាងត្បូង ត្រូវបណ្តេញពីជម្រើសជាតិ ព្រោះធ្វើបាបមិត្តភក្តិ កីឡាការិនី Lee Jae-yeong (ឆ្វេង) និង Lee Da-yeong ដែលលេងឱ្យក្រុម Heungkuk Life Insurance Pink Spiders
× កីឡាការិនីបាល់ទះរូបស្រស់ដ៏មានប្រជាប្រិយភាពពីនាក់បងប្អូនភ្លោះរបស់កូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញពីក្រុមជម្រើសជាតិនៅថ្ងៃទី១៥ ខែកុម្ភៈ បន្ទាប់ពីត្រូវរកឃើញថា មានប្រវត្តិសម្លុតធ្វើបាបមិត្តរួមថ្នាក់នៅមធ្យមសិក្សា។ ពួកគេ ក៏ប្រឈមមុខបាត់បង់ឱកាសក្លាយជាគ្រូបង្វឹកផងដែរ។
Lee Jae-Yeong អាយុ ២៥ ឆ្នាំ និងប្អូនស្រីភ្លោះរបស់នាងឈ្មោះ Lee Da-yeong ដែលអ្នកទាំងពីរលេងឱ្យក្លិបបាល់ទះ Heungkuk Life Insurance Pink Spiders នៃលីគកំពូលកូរ៉េខាងត្បូង V-League បានសារភាពថា ធ្លាប់បានធ្វើបាបមិត្តរួមក្រុមនៅថ្នាក់អនុវិទ្យាល័យកាលពី ១០ ឆ្នាំមុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ចម្លើយសារភាពនេះ ធ្វើឡើងក្រោយមានអតីតមិត្តរួមក្រុមថ្នាក់អនុវិទ្យាល័យ ៤ នាក់បានបង្ហោះលើអ៊ីនធឺណិតដើម្បីបកអាក្រាតបងប្អូនភ្លោះទាំងពីរកាលពីសប្តាហ៍មុន។ ក្នុងចំណោមនោះ មានម្នាក់អះអាងថា ខ្លួនធ្លាប់រងការធ្វើបានដោយហិង្សាលើរាងកាយ ការលួចលុយ និងគំរាមដោយកាំបិតជាដើម។
បើទោះជាមានការសុំអភ័យទោសចំពោះជនរងគ្រោះដែលមិនបញ្ចេញអត្តសញ្ញាណហើយក្តី ប៉ុន្តែកីឡាការិនីរូបស្រស់ទាំងពីរក៏ត្រូវបានក្លិប Pink Spiders ព្យួរការងារគ្មានពេលកំណត់ផងដែរ។ Pink Spiders ជាក្លិបបាល់ទះដ៏ធំ និងល្បីល្បាញមួយរបស់កូរ៉េខាងត្បូង ខណៈ Jae-Yeong និង Da-yeong ជាតារាឆ្នើមរបស់ពួកគេនាពេលបច្ចុប្បន្ននេះ។
Pink Spiders ម្ចាស់ជើងឯក៤សម័យ និងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាង V-League រដូវកាលនេះលើកឡើងជុំវិញបញ្ហានេះថា៖ «យើងមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកគាំទ្រកីឡាបាល់ទះរបស់យើង។ ការសម្លុតធ្វើបាបក្នុងចំណោមអត្តពលិក និស្សិតមិនត្រូវកើតមានឡើយ ហើយក៏មិនអាចអត់ឱនបានទេក្នុងកាលៈទេសៈណាក៏ដោយ។ ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះយើងបានសម្រេចចិត្តហាមឃាត់កីឡាការិនីទាំងពីរដោយគ្មានកំណត់»។
ចំណែក ការសម្រេចដកបងប្អូនត្រកូល Lee ចេញពីជម្រើសជាតិបាល់ទះកូរ៉េខាងត្បូ ត្រូវបានសហព័ន្ធកីឡាបាល់ទះកូរ៉េ (KVA) បញ្ជាក់ថា រាល់អត្តពលិក ឬមន្ត្រីណាដែលបង្កការរំខានដល់សង្គមនឹងមិនអាចតំណាងប្រទេសនៅក្នុងការប្រកួតជាអន្តរជាតិឡើយ។
ការិនីដ៏ស្រស់ស្អាត និងមានឈ្មោះល្បីល្បាញ Jae-Yeong និង Da-yeong បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជម្រើសជាតិបាល់ទះនារីកូរ៉េខាងត្បូងកក់កៅអីទៅអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ តាមរយៈការឈ្នះការប្រកួតជម្រុះនៅតំបន់អាស៊ីកាលពីខែមករា៕
ទស្សនាវីដេអូរបស់កីឡាការិនីរូបស្រស់ទាំងពីរកន្លងមក៖
Tag:
បាល់ទះ
Lee Da-yeong
© រក្សាសិទ្ធិដោយ thmeythmey.com