កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ជ័យជម្នះបើកឆាកសម្រាប់បន្ទាយមានជ័យ ឧត្តរមានជ័យ និងត្បូងឃ្មុំ ក្រុមខេត្តបន្ទាយមានជ័យឈ្នះក្រុមខេត្តពោធិ៍សាត់ ៤-០
× ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងមន្ទីរ អយក ខេត្តត្បូងឃ្មុំ សុទ្ធតែទទួលបាន៣ពិន្ទុនាការប្រកួតបើកឆាកពូលរៀងៗខ្លួន នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) នារសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈនេះ ខណៈជំនួប២ប្រកួតទៀតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។
នៅទីលានវិទ្យាល័យកណ្តៀង ខេត្តបន្ទាយមានជ័យ បាននាំមុខម្ចាស់ផ្ទះ ស.យ.ស.ស ខេត្តពោធិ៍សាត់ ២-០ នៅតង់ទីមួយ ហើយបន្ថែមបាន២គ្រាប់ទៀតនៅតង់ទីពីរ ដើម្បីបញ្ចប់លទ្ធផល ៤-០ សម្រាប់ជំនួបបើកឆាកពូល B។
រីឯជំនួបពូល C នៅទីលានវិទ្យាល័យកំពង់ធំ ក្រុមខេត្តឧត្តរមានជ័យ ក៏បានដណ្តើមជ័យជម្នះលើម្ចាស់ផ្ទះផងដែរ ដោយនាំមុខ ១-០ នៅតង់ទីមួយ ហើយមានការស៊ុតចូលគ្នាទៅវិញទៅមកនៅតង់ទីពីរ ដែលធ្វើក្រុមភ្ញៀវឈ្នះ ២-១។
មន្ទីរ អយក ខេត្តត្បូងឃ្មុំ ជាក្រុមម្ចាស់ផ្ទះតែមួយគត់ដែលទទួលបាន៣ពិន្ទុពីការប្រកួតបើកឆាកនៅថ្ងៃនេះលើទីលានវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន មេមត់។ នៅតង់ទីមួយ ពួកគេបាននាំមុខអធិរាជដំរីឦសាន ខេត្តរតនគិរី ៣-០ ហើយមានការស៊ុតចូលទី១គ្រាប់ទៅវិញទៅមកនៅតង់ទីពីរ។ ចប់ការប្រកួត ត្បូងឃ្មុំឈ្នះ ៤-១ សម្រាប់ជំនួបើកឆាកនៅពូល F។
រីឯជំនួប២ប្រកួតទៀត បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ នៅពូល A ភ្នំពេញហ្គាឡាក់ស៊ី និងមន្ទីរអយក ខេត្តកំពង់ស្ពឺ ស៊ុតចូលទីគ្នាទៅវិញទៅមកម្នាក់១គ្រាប់ក្នុងតង់ទីមួយលើទីលានវិទ្យាល័យច្បារអំពៅ។ បញ្ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ២-២។
សម្រាប់ការប្រកួតពូល E នៅទីលានវិទ្យាល័យកោះកុងឯណោះវិញ ក្រុមម្ចាស់ផ្ទះ និងមន្ទី អយក ខេត្តកែប មិនមានគ្រប់បាល់បញ្ចូលទីឡើយនៅតង់ទីមួយ ប៉ុន្តែរកបាន១គ្រាប់រៀងៗខ្លួននៅតង់ទីពីរ ដើម្បីចែករំលែកម្នាក់១ពិន្ទុសម្រាប់ជំនួបបើកឆាក៕
© រក្សាសិទ្ធិដោយ thmeythmey.com