COVID-19
ជាតិ
រឿង​”​គ្រោះ​ជីវិត​កូ​វីដ​-១៩” គ្រោង​ចាក់​បញ្ចាំង​ក្នុង​ខែមេសា​ខាងមុខ​
17, Feb 2021 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ រឿង “​គ្រោះ​ជីវិត​កូ​វីដ​-១៩” គ្រោង​នឹង​ចាក់​បញ្ចាំង​នៅក្នុង​ខែមេសា ឬ​ខែឧសភា​ខាងមុខ​។ នេះ​បើតាម​លោក ហ៊ុយ យ៉ាង​ឡេង ដែលជា​ផលិតករ និង​ជា​តួឯក​ក្នុង​រឿង​នោះ បាន​ប្រាប់​មូលហេតុ​ដែល​លោក ប្រញាប់​ចាក់​បញ្ចាំងភាពយន្ត​មួយ​នេះ ក៏​ព្រោះតែ​លោក​ចង់​ប្រមូលប្រាក់ យកទៅ​ទប់ទល់​ការចំណាយ​ផ្សេងៗ ក្នុង​ដំណើរ​ការថត ក៏ដូចជា​ប៉ះប៉ូវ​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន ដែល​បាត់បង់​កាលពី​កូ​វីដ​កំពុង​ផ្ទុះ​ខ្លាំង​។​



​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃ​ដំបូង​នៃ​ការថត​ភាពយន្ត​រឿង​”​គ្រោះ​ជីវិត​កូ​វីដ​-១៩” លោក ហ៊ុយ យ៉ា​ឡេង បាន​បញ្ជាក់ថា ភាពយន្ត​នេះ​ស្រង់​ចេញពី​ជីវិត​ពិត​របស់លោក និង​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​របស់​មនុស្ស​ផ្សេងទៀត ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុងពេល​កូ​វីដ​-១៩ កំពុង​រាតត្បាត​។ ផលិតករ​រឿង “​ដើម្បី​កូន​”​រូបនេះ រំពឹងថា ស្នាដៃ​ថ្មី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​ទស្សនិកជន​។ 
 
​បើទោះបីជា​ដំណើរ​ការថត កាត់ត និង​ការចាក់​បញ្ចាំង ហាក់​មានការ​ប្រញាប់ប្រញាល់​ក៏ពិតមែន ប៉ុន្តែ​តួឯក​ក្នុង​រឿង​”​ធ្មប់​”​រូបនេះ បញ្ជាក់ថា គុណភាព​រឿង​នៅតែ​ត្រូវបាន​សម្រិតសម្រាំង​។ ជា​តួអង្គ​មួយរូប​ក្នុង​ភាពយន្ត​នេះ លោក ហ៊ុយ យ៉ា​ឡេង នឹង​ដើរតួ​ជា​អ្នករកស៊ី​ខាង​អចលនទ្រព្យ ដោយមាន​ប្រពន្ធ​រកស៊ី​ខាង​អន​ឡាញ និង​មាន​កូនស្រី​ម្នាក់​។ សាច់រឿង​ទាំងមូល នឹង​បង្ហាញ​ពី​ជីវិត​អ្នករកស៊ី​ខាង​អចលនទ្រព្យ និង​ជំនួញ​ផ្សេងៗ ត្រូវ​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩ ដូចៗ​គ្នា​។​


 
​លោក ហ៊ុយ យ៉ា​ឡេង ពន្យល់​បន្ថែម​៖«​ខ្ញុំ​ឈឺចាប់​នឹង​វិបត្តិ​នេះ ក្នុងពេលដែល​ខ្ញុំ​មិនអាច​ចេញទៅ​ណា​បាន ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន ខ្ញុំ​កំពុងតែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង ខ្ញុំ​ក៏​សរសេរ​រឿងនេះ គឺ​ក្នុងពេលដែល​កូ​វីដ​កំពុង​ផ្ទុះ​។ ខ្ញុំ​ប្រញាប់​ថត ប្រញាប់​កាត់ត ហើយ​ប្រញាប់​ចាក់​បញ្ចាំង ខ្ញុំ​ចង់​បញ្ចាំង​ក្នុង​ខែ​៤​ឬ​ខែ​៥​ខាងមុខនេះ​តែម្ដង ព្រោះ​ខ្ញុំ​ប្រញាប់​ប្រមូល​លុយ​មកវិញ មក​ទប់​ការចំណាយ​ផ្សេងៗ​»​។​
 
​សូមបញ្ជាក់ថា ភាពយន្ត “​គ្រោះ​ជីវិត​កូ​វីដ​-១៩” ដែល​និយាយ​ពី​វិបត្តិ​កូ​វីដ​-១៩ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក គ្រោង​ចាយ​ទុន​៧​ម៉ឺន​ដុល្លារ​អាមេរិក ។ ភាពយន្ត​នេះ​ផលិតឡើង ដើម្បី​ចងក្រង​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ នៃ​ជំងឺ​អាសន្នរោគ​ដែល​ធ្វើឱ្យប៉ះពាល​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។ ភាពយន្ត​នេះ បាន​ប្រារព្វ​ពិធី​ក្រុង​ពលី និង​ចាប់ផ្ដើម​ថត​រឿង​ថ្ងៃ​ដំបូង កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ៕

Tag:
 ភាពយន្ត​
  កូ​វីដ​-១៩
  សិល្បៈ​
  កុន​
 
© រក្សាសិទ្ធិដោយ thmeythmey.com