ជាតិ
វីដេអូ
សៀវភៅ​«​សត្វ​ស្លាប​នៃ​កោះ​សាមសិប​» នឹង​ក្លាយជា​អ្នក​នាំ​ផ្លូវ​ទេសចរ ពី​តំបន់​តាម​ដង​ទន្លេមេគង្គ
16, Feb 2021 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ សៀវភៅ​សត្វ​ស្លាប​នៃ​កោះ​សាមសិប ដែលមាន​រៀបរាប់​ឈ្មោះ​ភ្ជាប់​ដោយ​រូបភាព​នៃ​សត្វ​ស្លាប​ដ៏​ស្រស់ស្អាត​ចំនួន​១៧០​ប្រភេទ នឹង​ក្លាយជា​អ្នក​នាំ​ផ្លូវ​ភ្ញៀវទេសចរ ឱ្យ​ស្គាល់​តំបន់​អេកូ​ទេសចរណ៍​មួយ​នេះ កាន់តែច្បាស់​។ «​កោះ​សាមសិប​» ជា​តំបន់​អេកូ​ទេសចរណ៍​ថ្មី​មួយ ដែល​លាតសន្ធឹង​តាម​ដង​ទន្លេមេគង្គ ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។

 
​សូម​អញ្ជើញលោក​-​អ្នកទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖ 
 

​សៀវភៅ​សត្វ​ស្លាប​នៃ​កោះ​សាមសិប​បោះពុម្ព​ដោយ​អង្គការ​NTFP-EP Cambodia ក្នុងអំឡុង​ខែមករា ឆ្នាំ​២០២១ ដោយមាន​ការគាំទ្រ​ដោយ​អង្គការ​WWF, USAID, និង​Sam Veasna Conservation Tours ។ នៅក្នុង​សៀវភៅ​ដែល​បានបង្ហាញ​នូវ​វត្តមាន​សត្វ​ស្លាប​រហូតដល់​១៧០​ប្រភេទ​នេះ កំពុង​រស់នៅ​តំបន់​អេកូ​ទេសចរណ៍​កោះ​សាមសិប​នោះ មាន សត្វ​តុ​ក​កា​គូ​, សត្វ​ត្រចៀកកាំ​កន្ទុយ​ខ្សែ​, សត្វ​ច​ឡ​ស្លាប​ក្រោម​ត្នោត​ខ្ចី​, សត្វ​ច​ឡ​ស្លាប​ក្រោម​ត្នោត​ចាស់​, រំពេ​ទន្លេ​, ទ​ទ្រី​ត​ទន្លេ​, ត្រដក់​តូច​, ប៉ោលតោក​អំបុក​, ក្រសារ​ធ្នង់​, ក្រសា​, ឪឡ​ពូ​ប​, កេងកង​តូច​, ងាវ​កក​, កដប​ទ្រ​ង​ស​, សត្វ​ក្រ​សេះ​ដំរី​, ត្រសេះ​បៃតង​ក្បាល​ខ្មៅ​, សត្វ​ចេកទុំ​កញ្ចឹងក​ខ្មៅ​, ចាច​សួគ៌ា​ខៀវ​, ចាប​ដូនតា​ខ្នង​ត្នោត​, ទ​ទ្រី​ត​ទន្លេ​, សត្វ​ខ្ទប់​ដី​មេគង្គ​លើ​ជាដើម​....​។ 
 
​បើតាម​លោក ណុប វណ្ណា​រិ​ទ្ធ អ្នកសម្របសម្រួល​ប្រចាំ​តំបន់​NTFP-EP Cambodia សៀវភៅ​សត្វ​ស្លាប​នៃ​កោះ​សាមសិប​នេះ បោះពុម្ព​ឡើង ដើម្បី​បង្ហាញ​វត្តមាន​សត្វ​ស្លាប​នានា និង​សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ដូចជា សត្វ​ត្រយង​ចង្កំ​កស និង​សត្វ​ចាបព្រៃ​វែង ដែល​កំពុង​រស់នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​មួយ​នេះ​។ 
 
​សៀវភៅ​សត្វ​ស្លាប​នៃ​កោះ​សាមសិប នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ​ផ្សព្វផ្សាយ ពិសេស​ដល់​យុវជន និង​សិស្សានុសិស្ស រស់នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍ ហើយក៏​ក្លាយជា​សៀវភៅ​ម​គ្គុ​ទេស៍​មួយ​ដ៏​ល្អ​សម្រាប់​សហគមន៍​ក្នុងការ​បង្ហាញ​វត្តមាន​សត្វ​ស្លាប​ទៅតាម​ប្រភេទ​នីមួយៗ ដល់​ភ្ញៀវទេសចរ ដែល​ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍ ដែល​ពោរពេញ​ទៅដោយ​ជីវៈចម្រុះ​មួយ​នេះ​។​
 
​លោក ណុប វណ្ណា​រិ​ទ្ធ បន្ថែមថា ការ​ចងក្រង​និង​បោះពុម្ព​សៀវភៅ​នេះ ក៏​ជាការ​បើកផ្លូវ​ឱ្យ​អ្នក​ដែលមាន​បំណង​ចង់​សិក្សា​អំពី​វត្តមាន​ប្រភេទ​សត្វ​ស្លាប​ផ្សេងៗ​ទៀត ដែល​មិនបាន​កត់ត្រា នៅក្នុង​បញ្ជី​ឈ្មោះ​សត្វ​ស្លាប​នេះ ផងដែរ​៕ 
 

Tag:
 សត្វ​ស្លាប​
  កោះ​សាមសិប​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com