COVID-19
ជាតិ
សុខភាព
កម្ពុជា​សល់​អ្នកជំងឺ​៩​នាក់ ក្រោយ​ពលករ​ខ្មែរ​មកពី​ថៃ​ម្នាក់ទៀត បានជា​ពី​កូ​វីដ​-១៩
17, Feb 2021 , 10:38 am        
រូបភាព
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៧​កុម្ភៈ​នេះ ក្រសួងសុខាភិបាល​ប្រកាស​ដំណឹង​ល្អ​ចំពោះ​ស្ត្រី​ខ្មែរ​ម្នាក់​ជា​ពលករ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩(COVID-19)​។ ការ​ជាសះស្បើយ​របស់​ស្ត្រី​រូបនេះ បានធ្វើឱ្យ​កម្ពុ​ជាមាន​អ្នកជា​ពី​ជំងឺ​កូ​វីដ​-១៩​សរុប​៤៧០​នាក់ ខណៈ​៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​នានា​។

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ស្ត្រី​ដែលជា​ពី​កូ​វីដ​-១៩​ខាងលើ​នោះ មាន​វ័យ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃ​តាប ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។  ពលករ​រូបនេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៧​មករា ឆ្នាំ​២០២១​។ 
 
​ស្រប​ពេលដែល​កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​នោះ ក៏មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​២,៦១១​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ចំនួន​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ គឺ​គិត​ត្រឹម​រយៈពេល​៦​ថ្ងៃ​ពោល​ពី​ថ្ងៃទី​១០-១៦​កុម្ភៈ នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ 
 
​សូម​ជម្រាប ចំពោះ​ចំនួន​ពលរដ្ឋ​ខ្មែរ​សរុប​ខាងលើ ដែល​បាន​ចាក់​វ៉ា​ក់កូ​វីដ​-១៩​នេះ គឺ​មិនបាន​រាប់បញ្ចូល​នូវ​ចំនួន​កងកម្លាំង​ទ័ព​នានា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះឡើយ​។  វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ចំនួន​៦០​ម៉ឺន​ដូ​ស​របស់​ចិន បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​៧​កុម្ភៈ ឆ្នាំ​២០២១ ដោយមាន​៣០​ម៉ឺន​ដូ​ស ប្រគល់ឱ្យ​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត ប្រគល់ឱ្យ​ក្រសួងការពារជាតិ​៕ 
 

Tag:
 COVID-19
  វ៉ាក់សាំង​
  ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com