ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន សម្រេច​បញ្ចុះ​អត្រាពន្ធ​ពិសេស​លើ​មុខទំនិញ​រថយន្ត​ពី​១០​ទៅ​២០​ភាគរយ​
17, Feb 2021 , 11:55 am        
រូបភាព
​ភ្នំពេញ​៖  រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បញ្ចុះ​អត្រា​អាករ​ពិសេស ពី​១០​ទៅ​២០​ភាគរយ លើ​មុខទំនិញ​រថយន្ត​។ បើតាម អនុក្រឹត្យ​ស្តីពី​«​ការកែសម្រួល​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​រថយន្ត​មួយចំនួន​» ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​៩​កុម្ភៈ ការបន្ថយ​អត្រាពន្ធ​លើ​រថយន្ត​នេះ នឹង​ចាប់ផ្តើម​អនុវត្ត ពីថ្ងៃ​ទី​១​មីនា ឆ្នាំ​២០២១ តទៅ​។




​បើតាម​អនុក្រឹត្យ​រដ្ឋាភិបាល ប្រភេទ​រថយន្ត​នីមួយៗ​ដែល​បាន​បញ្ចុះ​អាត្រា​អាករ​ពិសេស រួមមាន រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​១០០០cc ដែល​ដំណើរការ​ដោយ​សាំង​សុទ្ធ ឬ​ប្រភេទ​Hybrid គឺ​បញ្ចុះ​អត្រា​អាករ​ពី​៣០​ភាគរយ មក​ត្រឹម​២០​ភាគរយ ខណៈ​រថយន្ត​គ្រួសារ​ដំណើរការ​ដោយ​ម៉ា​ស៊ូ​ត​សុទ្ធ ទម្លាក់​អត្រាពន្ធ​ពី​៦០​មក​ត្រឹម​៥០​ភាគរយ​វិញ​។ សម្រាប់ រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​១០០០cc​ដល់​២៥០០cc ទាំង​ដំណើរការ​ដោយ​សាំង​សុទ្ធ ម៉ា​ស៊ូ​ត​សុទ្ធ ឬ​ប្រភេទ​Hybrid បាន​ទម្លាក់​អត្រាពន្ធ​ពី​៦០ មក​៥០​ភាគរយ​។ 
 
​រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​៣០០០cc ដំណើរការ​ដោយ​សាំង​សុទ្ធ ឬ​ម៉ា​ស៊ូ​ត​សុទ្ធ រដ្ឋាភិបាល​បាន​បញ្ចុះ​អត្រា​អាករ​ពី​៧០​មក​៥៥​ភាគរយ​វិញ ស្រប​ពេលដែល​រថយន្ត​ប្រភេទ Hybrid បាន​បញ្ចុះ​ពី​៦៥​មក​ត្រឹម​៥០​វិញ ផងដែរ​។ 
 
​ប្រភេទ​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​អ្នកដំណើរ ដោយ​ថាមពល​អគ្គិសនី​សុទ្ធ​វិញ សម្តេច ហ៊ុន សែន បាន​ទម្លាក់​អត្រា​អាករ​ពិសេស​ពី​៣០​ភាគរយ នៅ​មក​ត្រឹមតែ​១០​ភាគរយ ប៉ុណ្ណោះ​។ ចំពោះ រថយន្ត​ដឹកទំនិញ ប្រភេទ​រថយន្ត​សណ្តោង​សម្រាប់​សឺ​មី​រ៉ឺម៉ក  បាន​បញ្ចុះ​អត្រា​អាករ​ពី​៤០​មក​ត្រឹម​២៥​ភាគរយ ។ 


 
​ដោយឡែក ចំពោះ​ប្រភេទ​រថយន្ត​ដឹកទំនិញ​ដែលមាន​ទម្ងន់​ក្រោម​៥​តោន​(​ទម្ងន់​រថយន្ត​+ ទម្ងន់​ផ្ទុក​), រថយន្ត​បែន រថយន្ត​ស្ទួ​ច និង​រថយន្ត​ឯកទេស​ផ្សេងៗ​ទៀត ដូចជា​៖ រថយន្ត​ខួង , រថយន្ត​លាយ​បេតុង​, រថយន្ត​ផលិត​គ្រឿង​រំសេវ​ផ្ទុះ​ចល័ត និង​ប្រភេទ​ប្រហាក់ប្រហែល គឺមាន​ទម្លាក់​អត្រាពន្ធ​ពិសេស​ពី​៤០​មក​ត្រឹម​៣០​ភាគរយ វិញ​៕
 
 

Tag:
 ពន្ធដារ​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com