COVID-19
អន្តរជាតិ
ជប៉ុន ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស្របពេល​ជួប​វិបត្តិ​ខ្វះ​សឺ​រ៉ាំ​ង​
17, Feb 2021 , 9:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
​ជប៉ុន​ដែល​រងគ្រោះ​ខ្លាំង​គួរសម​ដោយសារ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន​ហើយ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ស្របពេល​គ្នា​នឹង​ក្ដីបារម្ភ​លើ​កង្វះ​សឺ​រ៉ាំ​ង​ដើម្បី​ចាក់​។ បុគ្គលិក​សុខាភិបាល​មន្ទីរពេទ្យ​ក្នុង​ក្រុង​តូ​ក្យូ ទទួលបាន​វ៉ាក់សាំង​មុនគេ​។ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យ​ច្រើន​ដើម្បី​បញ្ចប់​វិបត្តិ​សុខាភិបាល​មួយ​នេះ​ផង និង​ត្រៀម​រៀបចំ​ព្រឹ​ត្ត​ការណ៍​អូឡាំពិក​រដូវក្ដៅ​ខាងមុខ​ផង​។

 
​បុគ្គលិក​សុខាភិបាល​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​តូ​ក្យូ ស្ថិត​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​ជាង​បួន​ម៉ឺន​នាក់ ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ។ ជប៉ុន​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer សម្រាប់​ការចាក់​ឱ្យ​ក្រុម​អាទិភាព​របស់ខ្លួន​។ ជំហាន​បន្ទាប់ ជប៉ុន​នឹង​ចាក់​វ៉ាក់សាំង​ឱ្យ​បុគ្គលិក​សុខា​ភ​បាល​ជាង​៣,៧​លាន​នាក់​ទៀត មុននឹង​ចាក់ឱ្យ​ប្រជាជន​គោលដៅ​ចំនួន​៣៦​លាន​នាក់​ដែលមាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​។​
 
«​នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​បញ្ចប់​វិបត្តិ​។​» អនុរដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន ហ៊ី​រ៉ូ​ស៊ី យ៉ាម៉ា​ម៉ូ​តុ ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​តូ​ក្យូ​។ 
 
​សម្រាប់​ការចាក់​វ៉ាក់សាំង​លើ​ប្រជាជន​ទាំងអស់ រដ្ឋាភិបាល​ជប៉ុន​រំពឹងថា នឹង​ធានា​ឱ្យបាន​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ទាំង​ជាង​១២៦​លាន​នាក់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១ ។ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រី​ទទួលបន្ទុក​កម្មវិធី​វ៉ាក់សាំង​និយាយថា ការចាក់​វ៉ាក់សាំង​អាច​ចំណាយពេល​មួយឆ្នាំ​។ ការចាក់​វ៉ាក់សាំង​នេះ ក៏​ជា​កត្តា​សំខាន់​ផងដែរ​សម្រាប់​ជប៉ុន​ដែល​ត្រូវ​រៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នៅ​ខែកក្កដា​ខាងមុខ​។​
 
​ស្របពេល​គ្នា​នេះ ក្ដីបារម្ភ​ក៏​នៅតែមាន​ទាក់ទង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង Pfizer ដែល​ទំនងជា​ត្រូវ​ស្តុក​យូរ ព្រោះ​ជប៉ុន​កំពុង​ជួប​ការខ្វះខាត​សឺ​រ៉ាំ​ង​ដើម្បី​ចាក់​វ៉ាក់សាំង​។ ម​ជ្ឈ​ម​ណ្ឌ​វេជ្ជសាស្ត្រ​តូ​ក្យូ​អះអាងថា ខ្លួន​មាន​សឺ​រ៉ាំ​ង​គ្រប់គ្រាន់​ដើម្បី​បូម​វ៉ាក់សាំង​៦​ដូ​ស​ពី​បំពង់​ផ្ទុក​វ៉ាក់សាំង​នីមួយៗ​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ជប៉ុន បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​សរុប​ចំនួន​៣១៤​លាន​ដូ​ស​ពី​ក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែល​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ទាំងអស់​៕
 
 
 

Tag:
 ​ជប៉ុន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com