អន្តរជាតិ
ប្រមុខ NATO បញ្ចេញគម្រោងកំណែទម្រង់ដើម្បីដោះស្រាយបញ្ហាប្រឈម ទង់សម្ពន្ធយោធា NATO ។ រូបថត AFP
× អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងបង្ហាញពីផែនការធ្វើកំណែទម្រង់សម្ពន្ធភាពយោធាដ៏ធំរបស់ពិភពលោកដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ខ្លួននេះ។ ផែនការកំណែទម្រង់រយៈពេលមធ្យមនេះ មានបំណងក្នុងការធ្វើទំនើបកម្មស្ថាប័នសម្ពន្ធយោធានេះក្រោយប៉ះទង្គិចគ្នាជាង៤ឆ្នាំជាមួយអាមេរិកអំឡុងរដ្ឋបាល លោក ដូណាល់ ត្រាំ ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខកើតចេញពីការកើនឡើងសមត្ថភាពយោធាចិន និងការប្រកួតប្រជែងពីរុស្ស៊ី។
«យើងមានឱកាសដ៏កម្រក្នុងការផ្តល់ថាមពល និងពង្រឹងសម្ពន្ធភាពអន្តរអាត្លង់តិក»។ នេះជាការលើកឡើងរបស់លោក Jens Stoltenberg អគ្គលេខាធិការ NATO ថ្លែងក្នុងសន្និសីទព័ត៌មានថ្ងៃទី១៥ ខែកុម្ភៈ នៅពេលលោកបង្ហាញពីផែនការកំណែទម្រង់ NATO ឆ្នាំ២០៣០។ ផែនការព្រាងនេះ រួមបញ្ចូលការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រគោលរបស់ NATO យុទ្ធសាស្ត្រទប់ទល់ការបង្កើនសមត្ថភាពយោធារបស់ចិន និងការប្រកួតប្រជែងយុទ្ធសាស្ត្រពីរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
លោក Stoltenberg ចង់ឱ្យមានការពិភាក្សាផ្នែកនយោបាយបន្ថែមទៀតក្នុងចំណោមរដ្ឋសមាជិកទាំងអស់តាមរយៈការបង្កើនការប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីមហាផ្ទៃ និងទីប្រឹក្សាសន្តិសុខជាតិ។ បន្ថែមពីនេះ សម្ពន្ធភាពយោធាមួយនេះ ក៏ស្វះស្វែងរកវិធីសាស្ត្រក្នុងការកាត់បន្ថយផលប៉ះពាល់អាកាសធាតុ និងការបញ្ចេញឧស្ម័នកាបូនិកបណ្តាលមកពីសកម្មភាពយោធាផងដែរ។
ថវិកាដើម្បីទ្រងទ្រង់សម្ពន្ធភាពយោធានៅតែជាបញ្ហាប្រឈមសម្រាប NATO ។ លោក Stoltenbergអំពាវនាវឱ្យរដ្ឋសមាជិកផ្តល់ថវិកាបន្ថែមលើបញ្ហាសន្តិសុខរួម ពង្រីកប្រព័ន្ធសម្ញែងអានុភាពសត្រូវក្នុងទឹកដីរដ្ឋសមាជិក កាត់បន្ថយការពឹងផ្អែកច្រើនជ្រុលលើសម្ព័ន្ធមិត្តតែមួយក្នុងការបង្ហាញអំណាចជាដើម។ ការបន្ថែមលុយនេះ ជាការទាមទារមួយរបស់អាមេរិកដែលឱ្យរដ្ឋជាសមាជិកចំណាយយ៉ាងហោចណាស់២ភាគរយលើវិស័យការពារជាតិរបស់ពួកគេ។
សូមបញ្ជាក់ថា NATO រងសម្ពាធជុំទិសក្នុងការធ្វើកំណែទម្រង់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមថ្មីៗ និងបញ្ហាដែលខ្លួនជំពាក់ក់ជំពិនជាច្រើនឆ្នាំ។ អាមេរិកទាមទារឱ្យ NATO ពិចារណាគោលជំហររបស់ខ្លួនលើបញ្ហាចិន ចំណែកប្រទេសអឺរ៉ុបបារម្ភកាន់តែខ្លាំងពីការគំរាមពីរុស្ស៊ី ក្រោយទឹកដីគ្រីមេត្រូវបានរុស្ស៊ីផ្តាច់យកពីអ៊ុយក្រែន។
ដូចគ្នានេះដែរ NATO ក៏ត្រូវដោះស្រាយវត្តមានកងទ័ព និងកាលវិភាគដកកងទ័ពពីអាហ្វហ្កានីស្ថានផងដែរ។ ។ ក្នុងការចរចាជាមួយក្រុមតាលីបង់នេះ អាមេរិកពុំបានពិភាក្សាជាមួយសម្ពន្ធមិត្ត NATOឡើយក្នុងការដកទ័ពពីអាហ្វហ្កានីស្ថាន ដែលនាំឱ្យមានការរិះគន់ និងការចេញគោលនយោបាយប្រទាំងប្រទើសពីសម្ពន្ធមិត្ត៕
Tag:
NATO
អាមេរិក
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com