អន្តរជាតិ
លោកចូ បៃឌិន៖ ចិននឹងរងផលវិបាក ដោយសារការរំលោភសិទ្ធិមនុស្ស លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។ រូបភាព៖ AFP
× ចិន នឹងទទួលផលវិបាកលើបញ្ហារំលោភសិទ្ធិមនុស្ស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានព្រមានចិនបែបនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ។ ជាមួយការព្រមាននេះ លោក បៃឌិន ទំនងផ្ដល់សញ្ញាថា បញ្ហាសិទ្ធិមនុស្សនឹងនៅតែជាបញ្ហារសើបក្រោមរដ្ឋបាការរបស់លោកដដែល។
ក្នុងអាណត្តិប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បញ្ហាសិទ្ធិមនុស្សគឺជាប្រធានបទដ៏ក្តៅគគុកមួយរវាងចិន និងអាមេរិក។ ក្រុងវ៉ាស៊ីនតោន បានលើកឡើងជាញយៗ ពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង និងហុងកុង។ មុនចប់អាណត្តិ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានចោទថាចិន បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍លើជនជាតិវីហ្គ័រ នៅក្នុងតំបន់ស៊ីងជាំង។ ប៉ុន្មានថ្ងៃបន្ទាប់ពីចូលកាន់តំណែង ប្រមុខការទូតអាមេរិកថ្មី លោកអាន់តូនី ប្ល៊ីងខិន ក៏បានយល់ស្របដូចលោកប៉ុមប៉េអូដែរ។
ទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក បានព្រមានចិនចំៗថាថា៖ «វានឹងមានផលវិបាកសម្រាប់ចិន ហើយគាត់ក៏ដឹងពីបញ្ហានេះ»។ លោក បៃឌិន បានប្រើប្រាស់ពាក្យ «គាត់» ដោយសំដៅទៅប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ បើតាមលោកបៃឌិន អាមេរិកនឹងបញ្ជាក់ពីជំហររបស់ខ្លួនជាសកលលើបញ្ហាសិទ្ធិមនុស្ស និងសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យចិនគោរព និងការពារសិទ្ធិមនុស្ស។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក បៃឌិន ក៏លើកឡើងពីភាពជាអ្នកដឹកនាំពិភពលោកផងដែរអំឡុងកិច្ចសន្ទនាមួយ។ លោកថា ចិន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាមេដឹកនាំពិភពលោក។ បើតាមប្រធានាធិបតីអាមេរិក ដើម្បីក្លាយជាមេដឹកនាំពិភពលោកបាន ចិនត្រូវតែទាញទំនុកចិត្តពីប្រទេសដទៃ។ លោក បៃឌិន យល់ឃើញថា ផ្ទុយទៅវិញ ចិនមិនបានធ្វើបែបនោះឡើយ ព្រោះរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើខុសនឹងមូលដ្ឋានសិទ្ធិមនុស្ស។
នៅថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ លោកបៃឌិន និងលោកស៊ី បានជជែកគ្នា តាមទូរសព្ទរយៈពេល ២ម៉ោង។ ក្នុងកិច្ចសន្ទនានេះ លោកស៊ី បានប្រាប់សមភាគីខ្លួនថា ឱ្យប្រយ័ត្នប្រយែងលើបញ្ហាតៃវ៉ាន់ ហុងកុង និងស៊ីនជាំងដែលសុទ្ធតែជារឿងទាក់ទងទៅនឹងអធិបតេយ្យ និងបូរណភាពដែនដីចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com