ជាតិ
ក្រសួងបរិស្ថានបន្តវែកមុខឈ្មួញកណ្ដាលដែលញុះញង់ឲ្យពលរដ្ឋកាប់ឈើលក់ 
×![]()
ក្រចេះ៖ ក្នុងឆ្នាំ២០២០ ក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសព្រៃឈើជាង ៨០០០ករណី នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមានបទល្មើស ការលួចកាប់ឈើ, ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ និង ការបរបាញ់សត្វព្រៃ។ បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងក្នុងកម្មវិធីបោះជំរំលើកទី៣ ក្នុងដែនជម្រកសត្វព្រៃឡង់ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន ជាបទល្មើសទីពីរ ក្នុងតំបន់ការពារ។
ការទន្ទ្រានដីព្រៃជាកម្មសិទ្ធិឯកជន បានក្លាយជាបទល្មើសកម្រិតទីពីរ បន្ទាប់ពីការលួចកាប់ឈើដែលជាបទល្មើសកម្រិតទីមួយ ក្នុងដែនការពារ។ ការកាប់គាស់ដីព្រៃជាកម្មសិទ្ធិឯកជន ភាគច្រើនកើតចេញពីប្រជាជនចំណូលថ្មី និងការទន្ទ្រានដីដើម្បីលក់ឲ្យឈ្មួញកណ្ដាល។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងដូច្នេះថា៖ « បទល្មើសទន្ទ្រានព្រៃ ជាបទល្មើសកម្រិតទីពីរ បន្ទាប់ពីបទល្មើសកាប់ឈើ ក្នុងតំបន់ការពារ។ អ្នកទន្ទ្រានព្រៃ មិនមែនជាប្រជាជនក្នុងតំបន់ទេ ក៏ប៉ុន្តែជាប្រជាជនដែលធ្វើដំណើរពីខេត្តផ្សេងៗ ដើម្បីមកទន្ទ្រានកាន់កាប់តំបន់ហ្នឹង។ តំបន់មួយចំនួន ពេលប្រជាជនក្នុងតំបន់ឃើញ អ្នកចំណូលស្រុកអាចទន្ទ្រានបាន អ៊ីចឹងគាត់(ប្រជាជនក្នុងតំបន់) ទន្ទ្រានដែរ ប៉ុន្តែពួកគាត់ទាំងពីរ សុទ្ធតែប្រឈមចំពោះមុខច្បាប់»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងស្រាវជ្រាវ ដល់ឈ្មួញកណ្ដាល ដែលមានជាលក្ខណជាបណ្ដាញ បានញុះញង់ឲ្យប្រជាជនក្នុងតំបន់ទន្ទ្រានដីព្រៃ ដើម្បីលក់ឲ្យខ្លួន។
«គ្មានជនណាម្នាក់មានសិទ្ធិ ជួញដូរដីក្នុងតំបន់ការពារធម្មជាតិបានទេ។ ក្រសួងបរិស្ថាន ក៏មិនទទួលស្គាល់ការកាន់កាប់ដី ក្នុងតំបន់ការពារដោយខុសច្បាប់នោះដែរ»។ នេះបើតាមការសង្កត់ធ្ងន់របស់លោក នេត្រ ភក្ត្រា។
លោក នេត្រ ភក្ត្រា បានបន្ថែមទៀតថា ដើម្បីដោះស្រាយចំពោះបញ្ហានេះ ក្រសួងបរិស្ថានបានបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងតំបន់ការពារ ការបង្កើតមុខរបរថ្មី និងផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនក្នុងតំបន់ ដែលសហការជាមួយឧទ្យានុរក្ស និងក្រសួងបរិស្ថាន ក្នុងការដើរល្បាតព្រៃ។ ការបង្កើតឱ្យមានទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ ក៏ជាការបង្កើតមុខរបរដល់ប្រជាសហគមន៍ផងដែរ។ នេះជាការបន្ថែមរបស់លោក នេត្រ ភក្ត្រា។
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២០ ក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសទូទាំងប្រទេស បានចំនួន៨,៩១៧ ករណី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៦៨កន្លែងនៅប្រទេសកម្ពុជា៕

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
Tag:
ការកាប់ទន្ទ្រានដីព្រៃ
នេត្រ ភក្ត្រា
ក្រចេះ
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com