COVID-19
ជាតិ
ចត្តាឡីស័ក! អ្នកគេចវេះអាចរងពិន័យដល់៥លានរៀល រីឯអ្នកបញ្ចុះបញ្ចូល ឬជួយលាក់បាំងអាចដល់៥០លានរៀល
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែកុម្ភៈ នេះ បានចេញអនុក្រឹត្យចំនួន២ ដែលផ្តោតលើការពង្រឹងវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងការកែសម្រួលមាត្រាស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។
អនុក្រឹត្យទាំងពីរបានផ្តោតជាពិសេសទៅលើការផាកពិន័យពាក់ព័ន្ធនឹងការមិនគោរពវិធានចត្តាឡីស័ក។ មាត្រា៨ថ្មីនៃអនុក្រឹត្យស្តីពីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
រីឯជនដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូនឲ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១០លានទៅ៥០លានរៀល។
អនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចែងលំអិតពីកម្រៃទាក់ទងនឹងការធ្វើចត្តាឡីស័ក។ បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក បុគ្គលដែលគេចចេញពីកន្លែងចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងបុគ្គលធ្វើចត្តាឡីស័កដែលមិនសហការជាមួយមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវរងពីពិន័យអន្តរការណ៍ពី១លានរៀលទៅ៥លានរៀល។
អ្នកផ្តើមគំនិត ដឹកនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដល់បុគ្គលឲ្យមានការគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក រួមទាំងគ្រឹះស្ថានសុខាភិបាលឯកជនដែលជួយលាក់បាំង ឬមិនបានជូនដំណឹង ត្រូវរងពិន័យអន្តរការណ៍ពី១០លានទៅ៥០លានរៀល។
ក្រសួងសុខាភិបាលទទួលបន្ទុកលើការពិន័យអន្តរការណ៍។ ក្នុងករណីជនល្មើសមិន ព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាល យុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។
ការទទួលពិន័យអន្តរការណ៍នេះមិនធ្វើឲ្ជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ៕
© រក្សាសិទ្ធិដោយ thmeythmey.com