អន្តរជាតិ
រុស្ស៊ី រិះគន់តុលាការសិទ្ធិមនុស្សអឺរ៉ុបដែលកាត់ក្តីឱ្យដោះលែងលោក Navalny
× រដ្ឋមន្ត្រីយុត្តិធម៌រុស្ស៊ី រិះគន់ និងបដិសេធសេចក្តីសម្រេចរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) ដែលកាត់ក្តីឱ្យរុស្ស៊ីដោះលែងអ្នកនយោបាយប្រឆាំងលោក Alexei Navalny។ រដ្ឋមន្ត្រីយុត្តិធម៌រុស្ស៊ី លើកឡើងថា តុលាការអឺរ៉ុបមួយនេះលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្សី ត្រូវបានតុលាការមូស្គូកាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំកន្លះពីការបំពានលក្ខខណ្ឌនៅក្រៅឃុំ។
តុលាការសិទ្ធិមនុស្សអឺរ៉ុប(ECHR) ដែលមានមូលដ្ឋាននៅបារាំង បានចេញសេចក្តីសម្រេចនៅថ្ងៃទី១៦ ខែកុម្ភៈ ដោយតម្រូវឱ្យរដ្ឋាភិបាលរុស្ស៊ី ដោះលែងលោក Navalny ជាបន្ទាន់។ តុលាការសិទ្ធិមនុស្សអឺរ៉ុបសម្អាងថា លោក Navalny ដែលជាដើមបណ្ដឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលឃុំខ្លួន។
រុស្ស៊ី ជាសមាជិកមួយនៃតុលាការសិទ្ធិមនុស្សអឺរ៉ុប ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិមនុស្សអឺរ៉ុប។ លោក Navalny ប្តឹងទៅ ECHR ដោយទាមទារឱ្យរដ្ឋាភិបាលរុស្ស៊ីដោះលែងរូបលោក ក្រោយត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែមករា ដោយអះអាងពីគ្រោះថ្នាក់ដល់ជីវិតបើសិនជាបន្តជាប់ឃុំឃាំង។ ក្នុងសេចក្តីសម្រេច តុលាការបានលើកឡើងថា រដ្ឋាភិបាលរុស្ស៊ីពុំមានលទ្ធភាពក្នុងការផ្តល់ការការពារគ្រប់គ្រាន់ដល់សុខភាព និងជីវិតលោកNavalny ឡើយ។
ក្រោយសេចក្តីសម្រេចរបស់តុលាការត្រូវបានប្រកាសជាសាធារណៈ លោក Konstantin Chuychenko រដ្ឋមន្ត្រីយុត្តិធម៌រុស្ស៊ីរិះគន់សេចក្តីសម្រេចនេះថា មិនសមហេតុផល និងមិនស្របច្បាប់ ហើយគ្មានហេតុផលផ្លូវច្បាប់ណាមួយក្នុងការដោះលែងលោក Navalny ឡើយ។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា សេចក្តីសម្រេចរបស់តុលាការ ជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរក្នុងប្រព័ន្ធយុត្តិធម៌រុស្ស៊ី។
ប៉ុន្តែជាសមាជិកក្រុមប្រឹក្សាអឺរ៉ុប រុស្ស៊ីមានកាតព្វកិច្ចក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អឺរ៉ុប។ ប៉ុន្តែវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំមុន អនុញ្ញាតឱ្យរដ្ឋាភិបាលមិនចាំបាច់អនុវត្តកាតព្វកិច្ចនៃស្ថាប័នអន្តរជាតិ បើកាតព្វកិច្ចនោះរំលោភច្បាប់រុស្ស៊ី។
លោក Olga Mikhailova មេធាវីអ្នកនយោបាយប្រឆាំង ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រុស្ស៊ីគ្មានជម្រើសអ្វីក្រៅតែពីអនុវត្តសេចក្តីសម្រេចរបស់តុលាការឡើយ ព្រោះអនុសញ្ញាសិទ្ធិមនុស្សអឺរ៉ុបក៏ជាផ្នែកមួយនៃច្បាប់រុស្ស៊ី។ ដូចគ្នានេះដែរលោក Leonid Volkov មនុស្សជំនិតលោក Navalny និយាយថាសេចក្តីសម្រេចនេះចងជាកាតព្វកិច្ចដល់រុស្ស៊ីដែលជាសមាជិកក្រុមប្រឹក្សាអឺរ៉ុប។ លោកអះអាងថាការមិនអនុវត្តសេចក្តីសម្រេច និងនាំឱ្យប្រទេសផ្សេងបណ្តេញរុស្ស៊ីចេញពីស្ថាប័ននេះ៕
Tag:
រុស្ស៊ី
Alexei Navalny
© រក្សាសិទ្ធិដោយ thmeythmey.com