ឥណ្ឌូណេស៊ី ដែលត្រូវបានចាត់ទុកជាបងធំរបស់អាស៊ាន កំពុងពិភាក្សាជាមួយរដ្ឋសមាជិកឯទៀតដើម្បីរៀបចំជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស សំដៅរកដំណោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី១៧ ខែកុម្ភៈ បានទៅព្រុយណេដែលជាប្រធានអាស៊ានឆ្នាំ២០២១ ដើម្បីជជែកពីបញ្ហានេះ។
ថ្មីនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន មានជំនួបទ្វេភាគីមួយ ដើម្បីជជែកគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី។ បញ្ហាមីយ៉ាន់ម៉ា ក៏ជារបៀបវារៈមួយនៃកិច្ចប្រជុំនេះដែរ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំទាំងពីរ បានប្រាប់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ឱ្យស្នើទៅប្រធានអាស៊ានឱ្យរៀបចំជំនួបពិសេសមួយ។
ក្នុងថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានធ្វើដំណើរទស្សនកិច្ចទៅព្រុយណេ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២១ ។ លោកស្រីបានជួបជាមួយស៊ុលតង់ព្រុយណេ ហាសាណាល់ ប៊ូលគៀ ដើម្បីជជែកពីបញ្ហាមីយ៉ាន់ម៉ា និងលទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរទេសអាស៊ាន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញពីព្រុយណេ លោកស្រី Retno Marsudi បានលើកឡើងយ៉ាងដូច្នេះថា៖ «ស្តេចស៊ុលតង់ ក៏បានបញ្ជាក់ពីភាពចាំបាច់ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងនាមជាគ្រួសារមួយដែរ»។
បើតាមលោកស្រី Marsudi ក្នុងនាមជាគ្រួសារ វាគឺជាការទទួលខុសត្រូវរបស់សមាជិកអាស៊ាន ក្នុងការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ ក្នុងធម្មនុញ្ញអាស៊ាន បានចែងពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ, អភិបាលកិច្ចល្អ, នីតិរដ្ឋ លើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ចេញពីព្រុយណេ ប្រមុខការទូតឥណ្ឌូណេស៊ី ត្រូវទៅសិង្ហបុរីបន្តទៀត។
មុនដំណើរទស្សនកិច្ចទៅព្រុយណេ លោកស្រី Marsudi ក៏បានបញ្ជាក់ផងដែរថា យន្តការអាស៊ាន គួរតែប្រើឱ្យបានល្អ ដើម្បីជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ មិនត្រឹមតែជាមួយអាស៊ានប៉ុណ្ណោះទេ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីរូបនេះ ក៏បានជជែកបញ្ហាមីយ៉ាន់ម៉ា ជាមួយបណ្តាប្រទេសផ្សេងទៀត ដូចជា អាមេរិក ឥណ្ឌា ជប៉ុន និងអង់គ្លេសផងដែរ។
ស្របពេលនឹងឥណ្ឌូណេស៊ីកំពុងស្វែងរកការគាំទ្រឱ្យអាស៊ានបើកកិច្ចប្រជុំ ស្ថានការណ៍នៅក្នុងមីយ៉ាន់ម៉ា កំពុងតែមានភាពតានតឹង។ ប្រជាជន បានមកធ្វើបាតុកម្មជាច្រើនម៉ឺននាក់នៅស្ទើតែទូទាំងប្រទេស ដើម្បីប្រឆាំងរដ្ឋប្រហារយោធា។ អ្នកចូលរួមក្នុងបាតុកម្មនេះ មានចាប់ពីនិស្សិត ព្រះសង្ឃ តារាសម្តែង អ្នកដឹកនាំរឿង ប្រជាជនសាមញ្ញ ដល់អ្នកនយោបាយ។ អ្នកទាំងនោះ បានបង្ហាញការមិនពេញចិត្ត តាមរយៈស្រែកទាមទារឱ្យក្រុមយោធាចុះចេញពីអំណាច ដោះលែងមេដឹកនាំស៊ីវិល គោះឆ្នាំងគោះចាន ចតរថយន្តលើដងផ្លូវ និងស្ពាន ក៏ដូចជាធ្វើកូដកម្មបិទផ្លូវរថភ្លើងជាដើម។
មនុស្សជិត៥០០នាក់ហើយ ត្រូវបានចាប់ខ្លួន។ លើសពីនោះ រដ្ឋាភិបាលយោធា ក៏បានចេញដីកាចាប់ខ្លួនតារាល្បីឈ្មោះចំនួន៦នាក់ ដែលបានប្រើប្រាស់ប្រជាប្រិយភាពរបស់ពួកគេ អំពាវនាវឱ្យបុគ្គលិករដ្ឋ និងមនុស្សផ្សេងទៀត ចូលរួមធ្វើបាតុកម្ម និងកូដកម្មប្រឆាំងក្រុមយោធា។ មនុស្សទាំង ៦នាក់នេះ ត្រូវចោទក្រោមមាត្រា ៥០៥ នៃក្រមព្រហ្មទណ្ឌមីយ៉ាន់ម៉ា ដែលហាមឃាត់ការញុះញង់ប្រឆាំងក្រុមយោធា៕