លោក វេ​ង សាខុន​៖ ការអភិវឌ្ឍ​វិស័យ​កសិកម្ម ទាមទារ​ការស្រាវជ្រាវ និង​បច្ចេកវិទ្យា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​
ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន​៖ ការអភិវឌ្ឍ​វិស័យ​កសិកម្ម ទាមទារ​ការស្រាវជ្រាវ និង​បច្ចេកវិទ្យា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​
18, Feb 2021 , 9:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម។ គណនីហ្វេសប៊ុក៖ Sakhon Veng
លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម។ គណនីហ្វេសប៊ុក៖ Sakhon Veng
​ភ្នំពេញ​៖ ការអភិវឌ្ឍ​វិស័យ​កសិកម្ម គឺ​ទាមទារ​ការពង្រឹង​គុណភាព​អប់រំ ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​កសិកម្ម​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ នេះ​ជាការ​លើកឡើង​របស់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ក្នុង​ពិធី​ចូលកាន់​តំណែង​នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៨​កុម្ភៈ​។

 
​លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ចក្ខុវិស័យ និង​ទិសដៅ​គោលនយោបាយ​វែងឆ្ងាយ​របស់​ក្រសួងកសិកម្ម គឺ​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ​។ 
 
​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ លោក វ៉េង សាខុន ជំ​រុញឱ្យ​មន្ត្រី និង​អ្នកជំនាញ​នៅក្នុង​វិស័យ​កសិកម្ម​ទាំងអស់ ពិសេស​ខាង​អប់រំ គឺ​ត្រូវ​ចេះ​កែច្នៃ ពិចារណា និង​ព្យាយាម​អនុវត្ត​ឱ្យស្រប​តាម​ស្ថានភាព​ជាក់ស្តែង​ដែល​កម្ពុជា ក៏ដូចជា​អន្តរជាតិ​កំពុង​ប្រឈម​។ ជាក់ស្តែង រយៈពេល​មួយឆ្នាំ​មកនេះ នៃ​វិបត្តិ​កូ​វីដ​-១៩  វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​កម្ពុជា ក្នុងការ​ជំរុញ​កំណើន​ផលិតកម្ម​ស្បៀង និង​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។ មិនតែប៉ុណ្ណោះ​វិស័យ​មួយ​នេះ ក៏បាន​បង្កើន​ប្រាក់ចំណូល បង្កើត​ការងារ ពង្រីក​ទីផ្សារ​កសិផល ដោយ​អនុវត្ត​នូវ​បច្ចេកវិទ្យា​ទំនើប សម្រាប់​ផលិតកម្ម និង​សេដ្ឋកិច្ច នៅក្នុង​យុគសម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ឌីជីថល​។ 
 
​ដើម្បី​បង្កើន​សមត្ថភាព ឬ​លទ្ធភាព​វិស័យ​កសិកម្ម​របស់​កម្ពុជា ឱ្យបាន​កាន់តែ​ប្រសើរ គឺ​ទាមទារ​ការចូលរួម​គ្រ​ប់​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ការអប់រំ ។  បើតាម​ការចុះផ្សាយ​រប​ស់​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ណែនាំ​ដល់​នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម ដែល​ទើប​ចូលកាន់​ដំណែង​នា​ព្រឹក​ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ​២០២១ អនុវត្ត​ការងារ​៥​ចំណុច ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​។ 
 
​ចំណុច​ទាំង​៥​នោះ​មាន​៖ ១.​ការពង្រឹង​គុណភាព​អប់រំ គឺ​ត្រូវខិតខំ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​សិក្សា កែលម្អ និង​អភិវឌ្ឍ​កម្មវិធីសិក្សា វិធីសាស្ត្រ​បង្រៀន និង​មធ្យោបាយ​សម្ភារ​បង្រៀន ឯកសារ​បង្រៀន ការងារ​ពិសោធន៍ ស្រាវជ្រាវ​ក្នុង​និង​ក្រៅ​មន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​២០១៥-២០២៥ ក៏ដូចជា​គោ​លន​យោ​យ​បាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៩-២០២៣ និង​គោលនយោបាយ​សំខាន់ៗ​ផ្សេងៗ​ទៀត​។ 
 
​ទី​២៖​ត្រូវ​ព្យាយាម​កៀរគរ រក​ប្រភព​ជំនួយ​ឧបត្ថម្ភ​ទាំង​ធនធានមនុស្ស សម្ភារ និង​ថវិកា ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ពង្រឹងគុណភាព​អប់រំ ស្រាវជ្រាវ និង​ពង្រឹងសមត្ថភាព​មន្ទីរ​ពិសោធន៍​។ ៣៖ ត្រូវ​ពង្រឹង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថ្នាក់ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន សហគមន៍​កសិកម្ម​។ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដើម្បីឱ្យ​ការអនុវត្ត​ផែន ការ​សកម្មភាព​អភិវឌ្ឍ​ធនធានមនុស្ស​ប្រព្រឹត្ត​ដោយ​ភាព ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ 
 
៤៖ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ប្រកាន់យក​ក្រមសីលធម៌​ជា​មន្ត្រីរាជការ​សាធារណ​ក្នុងការ​បំពេញភារកិច្ច​។ ដឹកនាំ និង​គ្រប់គ្រង​លើ​មន្ត្រីរាជការ​ប្រកបដោយ​សមធម៌ ប្រគល់​ការងារ​តាម​សមត្ថភាព ទប់ស្កាត់​រាល់​សកម្មភាព​បំបែកបំបាក់​ផ្ទៃក្នុង និង​យុត្តិធម៌​។ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បន្ត​មានប្រសាសន៍ ទៅកាន់​ចំពោះមុខ​មន្ត្រី​របស់ខ្លួន នាយក​វិទ្យាស្ថាន លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត ថា​៖ «​មិន​ត្រូវយក​តួនាទី​របស់ខ្លួន​ធ្វើជា​ខ្នងបង្អែក និង​បក្ស​ពួកខ្លួន​ណាមួយ​ឡើយ ហើយក៏​មិនត្រូវ​លាប​ពណ៌​គ្នាឯង ជាពិសេស​មន្ត្រី​នៅ​ថ្នាក់ក្រោម មិន​មើលបំណាំ​គ្នា និង​ស្តាប់​យោបល់​ថ្នាក់​ក្រោមបង្គាប់​ដោយ​អនុវត្ត​គោលការណ៍ សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​»៕

Tag:
 កសិកម្ម​
  លោក វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com