ជាតិ
«​ទួល​ព័ន្ធ​តា​ឡី​-​បឹង​ស្នេហ៍​» ដ៏​ទាក់ទាញ​នៅ​ព្រៃវែង ក្លាយជា​តំបន់ការពារធម្មជាតិ​
19, Feb 2021 , 7:59 am        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល បានសម្រេច​បង្កើត​តំបន់​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ជា​តំបន់ការពារធម្មជាតិ​។  តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​នេះ​មាន​ទំហំ ៣ ៥៥៧​ហិកតា លាតសន្ធឹង​លើ​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ នេះ​បើតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​

 
​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ត្រូវបាន​បង្កើតជា​តំបន់ការពារធម្មជាតិ ក្នុង​បំណង​ធានា​ការថែរក្សា និង​ការការពារ​សោភណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​វប្បធម៌ ព្រមទាំង​ជួយផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​ការរក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។  


រូបភាពពីក្រសួងបរិស្ថាន

​តំបន់​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ក៏​ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​គ្រប់គ្រង ការពារ និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ផងដែរ​។​
 
​យោងតាម​អនុក្រឹត្យ​ខាងលើ​ព្រំប្រទល់​និង​ផ្ទៃក្រឡា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ នឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​និង​ប្រមូល​ទិន្នន័យ​ដោយ​ផ្នែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​ធានា​តម្លៃ​និង​ប្រយោជន៍​ធនធាន​ជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។​
 
 តំបន់​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ គឺជា​ជម្រក​នៃ​ប្រភេទ​សត្វ​ស្លាប​ច្រើន​ប្រភេទ ក្នុងនោះ​ក៏មាន​ប្រភេទ​សត្វ​ស្លាប់​ដែល​ជិត​ផុត​ពូជ  និង​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភពលោក ផងដែរ​។ មិនតែប៉ុណ្ណោះ តំបន់​នេះ ក៏មាន​សក្តានុពល​ធម្ម​ជាតិ​ដ៏​សម្បូរបែប​ទៀតផង​៕


រូបភាពពីក្រសួងបរិស្ថាន


Tag:
 ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍​
 ​ព្រៃវែង​
 ​បរិស្ថាន​
 ​ទេសចរណ៍​
 ​សត្វ​ស្លាប​
© រក្សាសិទ្ធិដោយ thmeythmey.com