COVID-19
ជាតិ
អង្គភាព​ការពារ​ព្រំដែន ប្រាប់​ពលករ​ខ្មែរ ដែល​ចូល​ស្រុក កុំ​ឲ្យ​គេច​ពី​អាជ្ញាធរ ដើម្បី​ចៀសវាង​ជួប​គ្រោះថ្នាក់​
18, Feb 2021 , 3:53 pm        
រូបភាព
ពលករខ្មែរជាង៧០នាក់ វិលមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីដើមខែមករា ឆ្នាំ២០២១។
ពលករខ្មែរជាង៧០នាក់ វិលមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីដើមខែមករា ឆ្នាំ២០២១។
នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អំពាវនាវ​ដល់​ពលករ​កម្ពុជា ដែល​វិលត្រឡប់​ចូល​កម្ពុជា​វិញ តាម​ច្រកព្រំដែន​គោក ឲ្យ​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។


​តាមរយៈ​សេចក្តីអំពាវនាវ​ចេញ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ប្រាប់​ពលករ កុំ​ឲ្យ​ជឿ​មេខ្យល់ ដែល​នាំ​ឆ្លងដែន​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​និង​នាំ​គេចវេះ​ពី​ការត្រួតពិនិត្យ​របស់​ក​ង​កម្លាំង​ការពារ​ព្រំដែន​។ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ប្រាប់​ដូច្នេះ ព្រោះ​ដើម្បី​ឲ្យ​ពលករ ចៀស​ផុតពី​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ដែល​អាច​កើតឡើង​ក្នុងពេល​ធ្វើដំណើរ​ឆ្លងដែន ដូចជា ជាន់មីន និង​គ្រប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ជាដើម​។ 
 
​ថ្មីៗ​នេះ មាន​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ជា​ពលករ​ខ្មែរ​នៅ​ថៃ បាន​ជាន់មីន​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ ក្នុង​ខេត្តបន្ទាយមានជ័យ ពេល​វិល​មក​កម្ពុជា​វិញ​។ បុរស​នោះ មិនបាន​ចូល​តាម​ច្រក ដែលមាន​សមត្ថកិច្ច​ឈរជើង​ចាំ​ត្រួតពិនិត្យ​នោះទេ ដោយ​គេច​ពី​សមត្ថកិច្ច ហើយ​លួច​ចូលតាមផ្លូវ​ផ្សេង ដែល​គ្មាន​សមត្ថកិច្ច​។ 
 
​ជាមួយគ្នានេះ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក បញ្ជាក់​ជាថ្មី​ថា អ្នកធ្វើ​ច​ត្តា​ឡី​ស័ក មិនត្រូវ​ចំណាយ​ថវិកា​លើ​ការ​ស្នាក់នៅ​និង​ការហូបចុក​ឡើយ ដោយ​ការចំណាយ​ទាំងនេះ គឺជា​បន្ទុក​របស់​រដ្ឋា​ភិ​បាល​។ 
 
​អ្នក ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក ដែល​គេចវេះ​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ​ប្រាក់​ពី​១​លាន​រៀល​ដល់​៥​លាន​រៀល​។ នេះ​បើតាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល ដែល​ចេញ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​។ 
 
​សម្តេចនាយក​រដ្ឋា​មន្ត្រី ហ៊ុន សែន បានចេញ​បញ្ជា​ទៅ​កងកម្លាំង​និង​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ពិនិត្យ​ការឆ្លង​ដែន​ឲ្យ​បាន​ម៉ត់ចត់ ហើយ​ប្រជាពលរដ្ឋ ដែល​ឆ្លងដែន​ពី​ប្រទេសជិតខាង គឺ ថៃ វៀតណាម និង ឡាវ ចូលមក​កម្ពុជា​វិញ ចាំបាច់​ត្រូវយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ទៅ​មន្ត្រី​ផ្នែក​ច្បាប់​ដែរ ឲ្យ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង លើ​មេខ្យល់​ឬ​មេខ្លោង ដែល​នាំ​ប្រជាពលរដ្ឋ ចូលមក​កម្ពុជា ហើយ​នាំ​ប្រជាពលរដ្ឋ​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ 
 
​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​កាន់តែ​តឹងរឹង​ក្នុងការ​ត្រួតពិនិត្យ​លើ​អ្នក​ឆ្លងដែន ពិសេស​ការនាំ​អ្នក​ឆ្លងដែន ទៅធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ស្របពេល​ប្រទេសជិតខាង គឺ​ថៃ និង វៀតណាម ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ខ្លាំង ជាថ្មី​ឡើងវិញ​៕ 

Tag:
 COVID-19
  ច​ត្តា​ឡី​ស័ក​
  ព្រំដែន​
  ពលករ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com