ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ បន្ត​សួរ​សកម្មជន​ប្រឆាំង ពីការគាំទ្រ​ផែនការ​៩​វិច្ឆិកា​
18, Feb 2021 , 11:29 pm        
រូបភាព
ស្រ្តីមួយក្រុម ផ្តុំគ្នានៅជិតតុលាការភ្នំពេញ ទាមទារឲ្យដោះលែងសាច់ញាតិ ដែលជាសកម្មជននិងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ខណៈតុលាការ បើកសវនាការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ រូបពី CCHR
ស្រ្តីមួយក្រុម ផ្តុំគ្នានៅជិតតុលាការភ្នំពេញ ទាមទារឲ្យដោះលែងសាច់ញាតិ ដែលជាសកម្មជននិងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ខណៈតុលាការ បើកសវនាការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ រូបពី CCHR
​តុលាការ​ភ្នំពេញ បាន​បន្ត​បើកសវនាការ លើ​សំណុំរឿង​របស់​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​។ វា ជាស​វនា​ការលើក​ទី​៤​ហើយ តែ​សនា​ការ​ទាំង​៤​លើក​នេះ មិនទាន់​ឈាន​ការសម្រេចសេចក្តី​អ្វី​ឡើយ​។​



​លោក ឡោ ជុន​ធី មេធាវី​ការពារ​ក្តី ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា មាន​ជនជាប់ចោទ​តែ​៤​នាក់​ប៉ុណ្ណោះ ដែលជា​កូនក្តី​របស់លោក បាន​ចូលរួម​សវនាការ​លើក​ទី​៤​នេះ ហើយ​ក្នុងចំណោម​៤​នាក់​នោះ ចៅក្រម សួរ​បានតែ​២​នាក់​ទេ គឺ​លោក នៅ វិ​ចិត្រ និង​យុវជន ហ៊ី សុខ​ជា​។ លោក​មេធាវី អះអាងថា សវនាការ​លើក​នេះ ក៏​មិនសូវ​ខុសពី​លើក​មុន​ដែរ ដោយ​ចៅក្រម ផ្តោត​ខ្លាំង​ទៅលើ​ការ​ចោទសួរ​រឿង​ចូលរួម​គាំទ្រ​ផែនការ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ (​ផែនការ​៩​វិច្ឆិកា​)​។ 
 
​យុវជន ហ៊ី សុខ​ជា ធ្លាប់​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម បង្ហាញ​ការគាំទ្រ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី និង​ធ្លាប់​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី​។ កាលនោះ លោក សម រង្ស៊ី បាន​ទៅ​ជួប​អ្នកគាំទ្រ​នៅ​ម៉ាឡេស៊ី ហើយ​បាន​និយាយ​ដល់​ផែនការ​មាតុភូមិ​និវត្ត​របស់លោក​។ 
 
​លោក​មេធាវី ឡោ ជុន​ធី លើកឡើង​ពី​ចម្លើយ​របស់​យុវជន ហ៊ី សុខ​ជា ដែល​សារភាព​ក្នុង​សវនាការ​ថា រូបគេ បាន​ទៅ​ម៉ាឡេស៊ី ដើម្បី​ចូលរួម​សិក្ខាសាលាស្តីពី​ភាពជា​អ្នកដឹកនាំ ដោយ​គ្មាន​បំណង​ទៅ​ជួប​លោក សម រង្ស៊ី ដើម្បី​ប្រជុំ​ឬ​ពិភាក្សា​ពី​ផែនការ​៩​វិច្ឆិកា​ឡើយ​។ 
 
​ដោយឡែក លោក នៅ វិ​ចិត្រ វិញ មិនបាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឬ​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី​នោះទេ តែ​លោក ធ្លាប់​ជួបជុំគ្នា​ហើយ​បាន​ជជែក​គ្នា​ខ្លះៗ​ពី​ផែនការ​វិលត្រឡប់​រប​ស់លោក សម រង្ស៊ី​។ នេះ​ជា​ចម្លើយ​របស់លោក នៅ វិ​ចិត្រ ដែល​ផ្តល់​ទៅ​ចៅក្រម ក្នុង​សវនាការ ហើយ​ត្រូវបាន​លោក​មេធាវី ឡោ ជុន​ធី ប្រាប់​មក​សារព័ត៌មាន​ថ្មីៗ​។​
 
​យោងតាម​ចម្លើយ​ទាំងនេះ លោក​មេធាវី យល់ថា អ្វីដែល​កូនក្តី​របស់លោក​បានធ្វើ គឺ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឡើយ​។ លោក បញ្ជាក់ថា​៖«​តាមផ្លូវ​ច្បាប់ ដូចជា មិន​ដូច​ការចោទប្រកាន់​ទេ​»​។  
 
​សំណុំរឿង​ខាងលើនេះ ត្រូវបាន​តុលាការ លើក​យកទៅ​បើកសវនាការ​ជំនុំជម្រះ​លើក​ទី​១ កាលពី​ដើមខែ​ធ្នូ ឆ្នាំ​២០២០​។ សវនាការ​លើក​ទី​៥ នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ហើយនឹង​ធ្វើ​ឡើងជា​បន្ត​បន្ទាប់​ទៀត​។ បើតាម​លោក​មេធាវី ឡោ ជុន​ធី សវនាការ​នេះ ត្រូវ​តុលាការ គ្រោង​បើក​រហូតដល់​ខែមេសា ឆ្នាំ​២០២១ ទើប​អាច​បញ្ចប់​។ តែ​លោក​មេធាវី មិន​ប្រាកដ​ឡើយ​ថា សវនាការ​នេះ អាច​បញ្ចប់​នៅ​ខែមេសា តាមការ​គ្រោងទុក​របស់​តុលាការ​ឬក៏​អត់​។ 
 
​មនុស្ស ដែល​ស្ថិតក្នុង​សំណុំ​រឿងនេះ មាន​ដល់​ទៅ​ជាង​១០០​នាក់​ឯណោះ ដោយ​ភាគច្រើន​ជា​អ្នក​សកម្មជន​និង​ជា​អ្នកគាំទ្រ​របស់​អតីត​គណបក្សប្រឆាំង ហើយ​ក៏មាន​មួយចំនួន ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។ ពួកគេ ជាប់​បទ​ចោទ​ចំនួន​២​ដូចគ្នា គឺ​បទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ អង្គហេតុ ដែល​ធ្វើ​ឲ្យ​ពួកគេ រង​បទ​ចោទ​ទាំង​២​នេះ គឺ​ដោយសារតែ​តុលាការ សង្ស័យថា ពួកគេ ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​៩​វិច្ឆិកា​របស់លោក សម រង្ស៊ី​។ 
 
​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការរៀបចំ​ផែនការ​វិលត្រឡប់​រប​ស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថាដើម្បី​មក​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ យ៉ាងណា លោក សម រង្ស៊ី និង​ក្រុមប្រឆាំង​មិនបាន​វិល​ចូល​ស្រុក​តាម​ការគ្រោងទុក​ឡើយ​។ លោក ចោទ​រដ្ឋាភិបាល​ថា បាន​ហាម​ក្រុមហ៊ុន​យន្តហោះ មិន​ឲ្យ​ដឹង​លោក​មក​កម្ពុជា ព្រោះ​ខ្លាច​វត្តមាន​របស់លោក ខណៈ​កាលនោះ រដ្ឋាភិបាល តប​វិញ​ថា លោក មិន​ហ៊ាន​មក​ខ្លួនឯង​។ 
 
​លោក សម រង្ស៊ី និង​មេដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស ត្រូវ​តុលាការ​កម្ពុជា ចោទ​ពីបទ​ឧបឃាត គឺ​សំដៅលើ​ការផ្តើមគំនិត​រៀប​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​៕ 
 

Tag:
 តុលាការ​
  សកម្មជន​បក្សប្រឆាំង​
  បទ​រួមគំនិត​ក្បត់ជាតិ​
  ឡោ ជុន​ធី
© រក្សាសិទ្ធិដោយ thmeythmey.com