ជាតិ
សេដ្ឋកិច្ច
ក្រសួងវប្បធម៌៖ គម្រោងរមណីយដ្ឋានកម្សាន្ត «Angkor Lake of Wonder» គ្រាន់តែជាសំណើរ
× ភ្នំពេញ៖ គម្រោងបង្កើតរមណីយដ្ឋានកម្សាន្តមានឈ្មោះថា«Angkor Lake of Wonder» (ALOW)តម្លៃ៣៥០លានដុល្លាររបស់ក្រុមហ៊ុនណាហ្គាខប (NagaCorp) នៅលើផ្ទៃដី៧៥ហិកតាដែលមានចម្ងាយត្រឹម៥០០ម៉ែត្រពីឧទ្យានអង្គរ ខេត្តសៀមរាប គឺគ្រាន់តែជាសំណើរបស់ក្រុមហ៊ុន ដែលរដ្ឋាភិបាលកំពុងសិក្សាប៉ុណ្ណោះ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ
អង្គការយូណេស្កូ(UNESCO) បានចេញសេចក្តីថ្លែងការណ៍មួយថា គម្រោងបង្កើតរមណីយដ្ឋានកម្សាន្តតម្លៃជាង៣០០លានដុល្លារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ឧទ្យានអង្គរ ដោយមានការវាយតម្លៃនិងសិក្សាពីអ្នកជំនាញផ្នែកអភិរក្ស និងអភិវឌ្ឍនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អង្គរ(ICC Angkor)។ ជុំវិញនៃបញ្ហាលើគម្រោងដែលអ្នកជំនាញលើកឡើង ខាងក្រសួងជំនាញ ក៏ដូចរដ្ឋាភិបាល នឹងគោរពតាម ហើយនឹងសិក្សាឡើងវិញ ដើម្បីកុំឱ្យមានផលប៉ះពាល់ណាមួយដល់ឧទ្យានអង្គរ។
«បើអ្នកជំនាញសិក្សាគម្រោងនេះឃើញមានផលប៉ះពាល់អ្វីនោះ យើងនឹងគោរពតាម។ ហើយការប្តេជ្ញារបស់រដ្ឋាភិបាលយើង គឺផ្តល់អាទិភាពជាចម្បងទៅលើកិច្ចការអភិរក្សបេតិកភណ្ឌ និងវប្បធម៌»។ លោក ស៊ុំ ម៉ាប់ បន្តមានប្រសាសន៍ប្រាប់ ThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី១៨កុម្ភៈ ដូច្នេះ៖«គ្រប់សកម្មភាពអភិវឌ្ឍ ឬសកម្មភាពទាំងឡាយដែលធ្វើឱ្យផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោជន៍ ក៏យើងមិនធ្វើដែរ»។
ជាមួយគ្នានេះ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌រូបនេះ ក៏បានបញ្ជាក់ទៀតថា ចំពោះគម្រោងបង្កើតរមណីយដ្ឋានកម្សាន្តតម្លៃ៣៥០ដុល្លារនៅក្បែរឧទ្យានអង្គរនេះ គឺគ្រាន់តែជាសំណើរ(Proposal)ក្រុមហ៊ុន NAGA ដែលដាក់ឱ្យសិក្សាប៉ុណ្ណោះ គឺមិនទាន់មានការអនុម័តណាមួយចេញពីរាជរដ្ឋាភិបាលឡើយ។
កាលពីថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន NagaCorp បានចេញសេចក្តីប្រកាសព័ត៌មានមួយថា នឹងបោះទុនជាង៣០០លានដុល្លារសម្រាប់បង្កើតរមណីដ្ឋានកម្សាន្តមួយ ដោយនៅក្នុងនោះមាន សាងសង់សណ្ឋាគារមួយដែលមានរចនាប័ទ្មបែបវប្បធម៌ និងប្រពៃណីខ្មែរ នៅចំកណ្តាលគម្រោង។
លើសពីនេះ នឹងមានបង្កើតឧទ្យានទឹក, បង្កើត Siem Reap China Town, បង្កើតឧទ្យានប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរបែប4D, 5D, Augmented Reality (AR) និង Virtual Reality (VR) រួមទាំងបង្កើតសួនវប្បធម៌ជាដើម...។ បើតាមក្រុមហ៊ុនគម្រោងវិនិយោគដ៏ធំមួយនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុង២០២៥៕
Tag:
ឧទ្យានអង្គរ
UNESCO
NAGA
© រក្សាសិទ្ធិដោយ thmeythmey.com