COVID-19
ជាតិ
សុខភាព
រកឃើញកូវីដ-១៩ មួយករណីទៀត ខណៈពលរដ្ឋខ្មែរជិត៤ពាន់នាក់ហើយ បានចាក់វ៉ាក់សាំង
× ភ្នំពេញ៖ កម្ពុជាបន្តរកឃើញកូវីដ-១៩ មួយករណីលើស្ត្រីជនជាតិចិន វ័យ២៥ឆ្នាំ ខណៈមានពលរដ្ឋខ្មែរ ចំនួន៣,៨០៣នាក់ហើយ បានចាក់វ៉ាក់សាំងការពារជំងឺនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ កុម្ភៈ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា នារីជនជាតិចិនដែលបានឆ្លងកូវីដ-១៩នោះ គឺបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ ដោយបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី ហើយមកដល់កម្ពុជា នាថ្ងៃទី១៧កុម្ភៈ។ បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
រីឯ មនុស្ស៧៣នាក់ទៀត ដែលបានធ្វើដំណើរជាមួយស្ត្រីជនជាតិចិនខាងលើបានឆ្លងកូវីដ-១៩ គឺកំពុងធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ និងមណ្ឌលចត្តាឡីស័កនានា នៅរាជធានីភ្នំពេញ ក្រោយលទ្ធផលធ្វើតេស្តកូវីដ-១៩ បង្ហាញអវិជ្ជមាន។
គិតត្រឹមថ្ងៃទី១៩កុម្ភៈ កម្ពុជារកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន៤៨៤នាក់។ ក្នុងនោះ មាន៤៧០នាក់ បានជាសះស្បើយ និង១៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា។ ដោយឡែក ចំពោះពលរដ្ឋខ្មែរជិត៤ពាន់នាក់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺនេះ គិតចាប់ពីថ្ងៃទី១០ កុម្ភៈ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩មក។
សូមជម្រាបថា តួលេខពលរដ្ឋខ្មែរ ដែលបានចាក់វ៉ាក់កូវីដ-១៩ ខាងលើនេះ គឺមិនបានរាប់បញ្ចូលនូវចំនួនកងកម្លាំងទ័ពនានា ដែលបានចាក់វ៉ាក់សាំងនេះឡើយ។ វ៉ាក់សាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូសរបស់ចិន បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ដោយមាន៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត ប្រគល់ឱ្យក្រសួងការពារជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com