COVID-19
ជាតិ
វ៉ាក់សាំងកូវីដ-១៩៖ លោក ប្រាក់ សុខុន ប្រាប់​ឥណ្ឌា​ថា ពលរដ្ឋខ្មែរ ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​ឥណ្ឌា​
19, Feb 2021 , 11:26 am        
រូបភាព
(ស្ដាំ) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​ពិភាក្សា​អំពី​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ កាលពី​ថ្ងៃទី​១៨ កុម្ភៈ​ ២០២១
(ស្ដាំ) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​ពិភាក្សា​អំពី​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ កាលពី​ថ្ងៃទី​១៨ កុម្ភៈ​ ២០២១
​ភ្នំពេញ​៖ ប្រជាជន​កម្ពុជា ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​ឥណ្ឌា​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​ពិភាក្សា​អំពី​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ កាលពី​ថ្ងៃទី​១៨ កុម្ភៈ​។​


​តាមរយៈ​កិច្ចសន្ទនា​នេះ លោក ប្រាក់ សុខុន ប្រាប់​ឥណ្ឌា​ថា កម្ពុជា​ត្រូវ​ការទិញ​វ៉ាក់សាំង AstraZineca​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស ដោយ​ស្នើ​សុំឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ ក្នុងដំណាក់កាល​ដំបូង ១​លាន​ដូ​ស​។ មិនតែប៉ុណ្ណោះ​លោក ប្រាក់ សុខុន បាន​អះអាង​ប្រាប់​ឥណ្ឌា​ថា ប្រជាជន​កម្ពុជា ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​ឥណ្ឌា​។​
 
​ក្រសួងការបរទេស បាន​ស្រង់​សម្តី​លោក ប្រាក់ សុខុន ក្នុង​កិច្ចសន្ទនា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ដូច្នេះ​ថា​៖«​សម្តេចនាយក​រដ្ឋមន្ត្រី សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ឥណ្ឌា ដោយសារ​កម្ពុជា និង​ឥណ្ឌា​មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ម្យ៉ាងទៀត​ដោយសារ​ប្រជាជន​កម្ពុជា​ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​របស់​ឥណ្ឌា ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​»​។​
 
​ជាការ​ឆ្លើយតប លោក ចៃ​ហ្សា​ន​កា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​បញ្ជាក់ថា លោក​នឹងយក​សំណើ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស​នេះ ដាក់ជូន​នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ដើម្បី​សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​មក​កម្ពុជា​។ លោក ចៃ​ហ្សា​ន​កា សន្យា​ខិតខំ​ជួយ​កម្ពុជា​ឲ្យ​ទទួលបាន​វ៉ាក់សាំង AstraZineca នេះ​។​
 
​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​ប្រា​ប់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដូច្នេះ​ថា​៖«​ប​ច្ច​ប្បន្ន​នេះ ប្រទេស​ឥណ្ឌា​មាន​តម្រូវការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ខ្ពស់ ទាំង​តម្រូវការ​ក្នុងស្រុក និង​ក្រៅ​ស្រុក​»​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែមថា កម្ពុជា បានស្នើ​សុំ​ទិញ​វ៉ាក់សាំង​ពី​ឥណ្ឌា​៥​លាន​ដូ​ស​មែន ប៉ុន្តែ​មិនទាន់​ដឹងថា ឥណ្ឌា​នឹង​លក់​ក្នុងតម្លៃ​ប៉ុន្មាន​ឱ្យ​កម្ពុជា​នោះទេ​។ បើតាម​លោក កុយ គួ​ង ចំនួន​វ៉ាក់សាំង​៥​លាន​ដូ​ស ដែល​កម្ពុជា​ស្នើសុំ​ទិញ​ពី​ឥណ្ឌា​នេះ គឺ​ត្រូវការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជាច្រើន​ដែល​ស្នើសុំ​ទិញ​វ៉ាក់សាំង AstraZineca ពី​ឥណ្ឌា​ដែរ​។ «៥​លាន​ដូ​ស​នេះ គឺ​យើង​ស្នើសុំ​ទិញ​បន្ថែម​លើ​១​សែន​ដូ​ស ដែល​ឥណ្ឌា​ផ្ដល់ឱ្យ​កម្ពុជា​។ ដោយ​ដំណាក់កាល​ដំបូង​យើង​(​សុំ​ទិញ​វ៉ាក់សាំង​ពី​ឥណ្ឌា​) យ៉ាងហោចណាស់​សុំឱ្យ​បាន​១​លាន​ដូ​សមក​សិន​ក៏បាន​ដែរ ក្នុងចំណោម​៥​លាន​ដូ​ស​ហ្នឹង​…​។ ណាមួយ​ខាង​ឥណ្ឌា​នោះ គេ​ថា​ស្នើ​ច្រើនពេក ក៏​គេ​មិនទាន់​ឱ្យបាន​ភ្លាម​ដែរ ព្រោះ​មាន​ប្រទេស​ច្រើនណាស់ ដែល​ក​ម្ម៉​ង់​វ៉ាក់សាំង​ពី​ឥណ្ឌា​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កុយ គួ​ង ។​
 
​ឥណ្ឌា បានអនុម័ត​ផ្គត់ផ្គង់​វ៉ាក់សាំង AstraZineca បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​សែន​ដូ​ស ដល់​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ផ្អែកលើ​កិច្ចសន្យា​ពាណិជ្ជកម្ម ទោះបីជា​មានការ​ប្រកួត​ប្រជែង​និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​តម្រូវការ​ក្នុងស្រុក​ក៏ដោយ​។ នេះ​បើតាម​ក្រសួងការបរទេស​កម្ពុ​ជា​។​
 
​កាលពី​ថ្ងៃទី​៧ កុម្ភៈ រដ្ឋាភិបាល​ចិន បាន​នាំយក​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៦០​ម៉ឺន​ដូ​សមក​កម្ពុជា តាម​ជើងយន្តហោះ​យោធា Y-20 ។ បើតាម​គម្រោង កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ចិន​១​លាន​ដូ​ស​។​
 
​ក្រៅពី​ចិន កម្ពុជា​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ពី​អូស្ត្រាលី ប្រមាណ​៣​លាន​ដូ​ស​ដែរ តាមរយៈ​ជំនួយ​ជា​ថវិកា​២៨​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​វ៉ាក់សាំង​ពី​អូស្ត្រាលី​នេះ គឺ​កម្ពុជា​ចាក់​លើ​ពលរដ្ឋ​១,៥​លាន​នាក់​។​
 
​រីឯ COVAX ក៏​នឹង​ផ្ដល់​វ៉ាក់សាំង​៧​លាន​ដូ​ស ម​កម្ពុជា សម្រាប់​ប្រើប្រាស់​លើ​មនុស្ស​៣,៥​លាន​នាក់​ដែរ នៅក្នុង​អំឡុង​ខែមីនា​។ សម្ដេច ហ៊ុន សែន ក៏បាន​សរសេរ​លិខិតស្នើ​ជំនួយ​វ៉ាក់សាំង​ទៅ​រដ្ឋាភិបាល​ឥណ្ឌា និង​រុស្ស៊ី​រួចហើយ ខណៈ​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ការទិញ​វ៉ាក់សាំង​ពី​អង់គ្លេស​មួយទៀត​។ វ៉ាក់សាំង​អង់គ្លេស​នេះ តម្លៃ​៤ ឬ​៥​ដុល្លារ​ប៉ុណ្ណោះ ស្របពេល​វ៉ាក់សាំង​ចិន មានតម្លៃ​២០​ដុល្លារ​។​
 
​បើតាម​ការគ្រោងទុក​នេះ កម្ពុជា​នឹង​ទទួលបាន​ជំនួយ​វ៉ាក់សាំង​១១​លាន​ដូ​ស ស្របពេល​កម្ពុជា​ត្រៀម​ទិញ​វ៉ាក់សាំង​២០​លាន​ដូ​ស សម្រាប់​មនុស្ស​១០​លាន​នាក់​៕
 
 

Tag:
 ប្រាក់ សុខុន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com