អន្តរជាតិ
រដ្ឋបាលលោក បៃឌិន ដកសំណើដាក់ទណ្ឌកម្មអ៊ីរ៉ង់ ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទង់ជាតិអាមេរិក និងអ៊ីរ៉ង់។ រូបភាព៖AFP
× រដ្ឋបាលប្រធានាធិបតីអាមេរិកចូ បៃឌិន បានដកលិខិតបញ្ជាក់ពីការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ក្នុងគោលបំណងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ រដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាអ្នកដាក់លិខិតជូនដំណឹងដាក់ទណ្ឌកម្មនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅឆ្នាំ២០១៩ ។ ការសម្រេចចិត្តនេះ ត្រូវមើលឃើញថា ជាជំហរវិជ្ជមានមួយរបស់អាមេរិកក្នុងការត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។
លោក Richard Mills ឯកអគ្គរដ្ឋទូតអាមេរិកស្តីទីប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៨ ខែកុម្ភៈ បានផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីដកសំណើដាក់ទណ្ឌកម្មដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទាមទារឱ្យសមាជិកទាំង១៥ ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្មី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ការទាមទាររបស់លោក ត្រាំ ធ្វើឡើងក្រោយទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់លើការហាមឃាត់ការជួញដូរអាវុធ ត្រូវចប់នៅឆ្នាំ២០២០។
អាមេរិក បានដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងអ៊ីរ៉ង់ដែរលើវិស័យប្រេង សេដ្ឋកិច្ច និងធនាគារ ដែលប្រទេសនេះត្រូវការជាចាំបាច់។ លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៨ ដោយចោទអ៊ីរ៉ង់ពីការបំពានទណ្ឌកម្មនេះ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគីរបស់អាមេរិកទៀតសោត ត្រូវបានក្រុមប្រឹក្សាសន្តិសុខចាត់ទុកជាសកម្មភាពខុសច្បាប់អន្តរជាតិ ព្រោះអាមេរិកដែលដកខ្លួនចេញពីកិច្ចព្រមព្រៀង លែងមានសិទ្ធិក្នុងការធ្វើអ្វីទៀតឡើយ។
កន្លងមក លោក បៃឌិន បានប្រកាសពីបំណងក្នុងការចូលរួមកិច្ចព្រមព្រៀងនេះវិញ ប៉ុន្តែទាមទារឱ្យអ៊ីរ៉ង់គោរពកាតព្វកិច្ចខ្លួនជាមុនសិន។ អ៊ីរ៉ង់បានប្រកាសពីការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិត២០ភាគរយ និងបណ្តេញមន្ត្រី UN មិនឱ្យចូលពិនិត្យទីតាំងនុយក្លេអ៊ែររបស់ខ្លួនចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ បើអាមេរិកមិនដកទណ្ឌកម្ម។ ដូចនេះ ការដកគម្រោងដាក់ទណ្ឌកម្មខាងលើ ទំនងជួយឱ្យការចរចាមានភាពជឿនលឿន។
ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែកុម្ភៈ មន្ត្រីក្រសួងការបរទេសអាមេរិក និយាយថា អាមេរិក នឹងយល់ព្រមតាមការអញ្ជើញពីសហភាពអឺរ៉ុបក្នុងកិច្ចប្រជុំភាគីនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន អាមេរិក និងអ៊ីរ៉ង់។
«បើអ៊ីរ៉ង់ត្រឡប់មកគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងកាតព្វកិច្ចនៃកិច្ចព្រមព្រៀង អាមេរិកនឹងធ្វើដូចគ្នា និងត្រៀមខ្លួនពិភាក្សាជាមួយអ៊ីរ៉ង់»។ នេះជាសេចក្តីថ្លែងការណ៍របស់ អង់គ្លេស បារាំង និងអាល្លឺម៉ង់ថ្ងៃទី១៨ ខែមករា។
បើទីភ្នាក់ងារព័ត៌មាន Reuters អ្នកការទូតបារាំងនិយាយថា ការប្តូរជំហររបស់ក្រុងវ៉ាស៊ីនតោនដូចជាការដកសំណើទណ្ឌកម្ម និងការត្រៀមជជែកជាមួយគ្រប់ភាគីទាំងអស់ ជាការបើកចំហសម្រាប់អ៊ីរ៉ង់ តែព្រមានថា ផ្លូវវែងឆ្ងាយនាពេលខាងមុខពោរពេញដោយឧបសគ្គ។ ចំណែកមន្ត្រីក្រសួងការបរទេសអាមេរិកនិយាយថា អ្នកណាបោះដៃធ្វើសម្បទានមុនជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់នៅរយៈពេលវែងគឺការកំណត់លើអ្វីដែលចាត់ទុកជាការបំពានកិច្ចព្រមព្រៀង៕
Tag:
អាមេរិក
អ៊ីរ៉ង់
បារាំង
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com