ជាតិ
សង្គមជាតិ
អូស្ត្រាលី នឹង​ផ្តល់​ថវិកា​១,៥​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ដំណើរការ​ផ្លូវច្បាប់​សាលាក្តី​ខ្មែរក្រហម​
19, Feb 2021 , 3:35 pm        
រូបភាព
រូបថត៖ ECCC
រូបថត៖ ECCC
​ភ្នំពេញ​៖ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី នឹង​បន្ត​ផ្តល់​ថវិកា​ចំនួន​២​លាន​ដុល្លារ​អូស្ត្រាលី (​ប្រមាណ​១,៥​ដុល្លារ​អាមេរិក​) ដល់​កម្ពុជា ដើម្បី​ជួយ​បញ្ចប់​ដំណើរការ​នីតិវិធី​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​។ បើតាម​ចុះផ្សាយ​របស់​ស្ថានទូត​អូ​ស្រា្ត​លី​ប្រចាំ​កម្ពុ​ជានា​ថ្ងៃទី​១៩​កុម្ភៈ ថវិកា​នេះ​នឹង​ផ្តល់ឱ្យ​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ តាមរយៈ​អង្គការសហប្រជាជាតិ​(UN)​។​

 
​សម្រាប់​ថវិកា​ជំនួយ​របស់​ប្រទេស​អូ​ស្រា្ត​លី​នេះ ក៏​ដើម្បី​គាំទ្រ​ដល់​បណ្ណសារ​និង​យន្តការ​ផ្សព្វផ្សាយ​របស់​សហគមន៍ ផងដែរ​។ ស្ថានទូត​អូស្ត្រាលី​បាន​អះអាង​ដូច្នេះ​៖ «​ការគាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​សាលាក្តី​ខ្មែរក្រហម ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​យើង​លើ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ភាពជឿជាក់​របស់​យើង ថា​តាមរយៈ​ការយល់ដឹង​និង​ការទទួលខុសត្រូវ​លើ​អំពើ​ដ៏​អាក្រក់​នៅ​អតីតកាល​។  យើង​អាច​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា និង​តំបន់​របស់​យើង ដើម្បី​ធានាថា​រឿង​ទាំងនេះ​នឹងមិន​កើតមាន​ម្តង​ទៀតឡើយ​»​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ប្រទេស​អូស្ត្រាលី បាន​បរិច្ចាក​ថវិកា​ជាង​៣១​លាន​ដុល្លារ ដល់​សាលាក្តី​ខ្មែរក្រហម ហើយ​ប្រទេស​នេះ​បាន​ក្លាយជា​ម្ចាស់ជំនួយ​អន្តរជាតិ​ធំជាងគេ​លំដាប់​លេខ​បី​សម្រាប់​កម្ពុជា​។​
 
​អូស្ត្រាលី គឺជា​ប្រទេស​គាំទ្រ​ដ៏​សំខាន់​នៃ​សាលាក្តី​ខ្មែរក្រហម ដែល​កំពុង​ជួយ​ធានា​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ជាច្រើន​នៃ​របប​ខ្មែរក្រហម ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​៕ 
 
 

Tag:
 សាលាក្តី​ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com