ជាតិ
​ចំណូល​ពី​ការលក់​ស្លាក​លេខ​ពិសេស​មាន​ជាង​១៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០
20, Feb 2021 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ឆ្នាំ​២០២០ គណៈកម្មការ​អន្តរក្រសួង លក់​ស្លាក​លេខ​ពិសេស​បាន​ជាង​១៦​លាន​ដុល្លារ ក្នុងនោះ​មាន​ជាង​៤,៦​ម៉ឺន​ស្លាក​លេខ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សារ​ធារ និង​ដឹកជញ្ជូន​។​



​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សាធារណការ​និង​ដឹកជញ្ជូន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ឆ្នាំ​២០២០ គណៈកម្មការ​អន្តរក្រសួង​បាន​ចុះបញ្ជី​លេខ​ពិសេស​សម្រាប់​រថយន្ត​គ្រួសារ​និង​រថយន្ត​ធុន​ស្រាល​ជាង​៤,២​ម៉ឺន​ស្លាក​លេខ ដែល​ស្មើនឹង​៨,៨៥​លាន​ដុល្លារ​។ 
 
​លោក​ថា ចំនួន​ដែល​លក់បាន​នៅ​ឆ្នាំ​២០២០​នេះ គឺ​កើនឡើង​ជាង​៤៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ចំណែក ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​នៅ​ឆ្នាំ​២០២០ លក់បាន​ជាង​៣,៧​ពាន់​ស្លាក​លេខ ដែល​ស្មើនឹង​៨​លាន​ដុល្លារ​។​
  
​ការលក់​ស្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត​គ្រួសារ រថយន្ត​ធុន​ស្រាល និង​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន សរុប​ក្នុង​ឆ្នាំ​២០២០ មាន​ជាង ៤,៦​ម៉ឺន​ស្លាក​លេខ ដែល​ស្នើ​នឹង ១៦​លាន​ដុល្លារ​។​
 
​របាយការណ៍​ក្រសួង​សាធារណ និង​ដឹកជញ្ជូន ក៏បាន​បង្ហាញ​ដែរ​ថា ពេញ​ឆ្នាំ​២០២០​នេះ មាន​យានយន្ត​ជាង​៤៥​ម៉ឺន​គ្រឿង​បាន​ចុះបញ្ជី​។ យានយន្ត​ជាង​៤៥​ម៉ឺន​គ្រឿង​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គឺមាន​ការថយចុះ ពោលគឺ​ឆ្នាំ​មុខ​រហូតដល់​ជាង​៦៤​ម៉ឺន​គ្រឿង ដែល​បាន​ចុះបញ្ជី​៕ 

Tag:
 ស្លាក​លេខ​
© រក្សាសិទ្ធិដោយ thmeythmey.com