ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ស្នើឱ្យហ្វីលីពីនពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជាសល់អង្ករ៦លានតោនក្នុង១ឆ្នាំ លោកស្រីMaria Amelita C.Aquino និងសម្តេច ហ៊ុន សែន។
× ភ្នំពេញ៖ សម្តេចនាយកមន្ត្រីហ៊ុន សែន បានស្នើឱ្យប្រទេសហ្វីលីពីន តាមរយៈលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការនាំចូលឬបញ្ជាទិញអង្ករពីកម្ពុជា ខណៈកម្ពុជាគឺនៅមានអង្ករសល់ប្រមាណ៦លានតោន ក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័ររបស់សម្តេច ហ៊ុន សែន។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីMaria Amelita C.Aquino កាលពីថ្ងៃទី១៧កុម្ភៈ សម្តេច ហ៊ុន សែន បានស្នើឱ្យហ្វីលីពីន ពិចារណាអំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។ សម្តេច មានប្រសាសន៍ ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។
ប្រមុខរដ្ឋភិបាលកម្ពុជា បន្តមានប្រសាសន៍ចំពោះមុខលោកស្រីMaria Amelita C.Aquino ដែលទើបមកកាន់តួនាទីជា ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជាថា៖«យើងគប្បីណា ពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ។ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឱ្យគ្នាទៅវិញទៅមក»។
ជាការឆ្លើយតបនឹងការស្នើរបស់កម្ពុជា លោកស្រីMaria Amelita C.Aquino លើកឡើងថា តាមគោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន គឺបានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ ឱ្យតែការនាំចូលនោះអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន។
កន្លងមករដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ។ ឯកអគ្គរដ្ឋទូតរូបនេះ បន្តអះអាងថា ស្ថានទូតនឹងផ្ញើបញ្ជីឈ្មោះក្រុមហ៊ុនទាំងនោះ ឱ្យក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។
ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត៥៤០លានដុល្លារ។ ចំនួននេះ បានកើនឡើង១១,៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ។ ដោយឡែក នៅក្នុងខែមករា ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានត្រឹមជាង៣,៤ម៉ឺនតោន ដោយចំនួននេះធ្លាក់ចុះរហូតជាង ៣២ភាគរយ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២០។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធា្លប់បានលើកឡើងថា បញ្ហាដែលធ្វើឱ្យការនាំចេញអង្ករកម្ពុជា មានការធ្លាក់ចុះ គឺដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់៕
Tag:
អង្គរ
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com